ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍វិវត្តចុងក្រោយ នៃសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាលលីបង់
ជម្លោះអ៊ីស្រាអែល-ហេសបូឡាលីបង់ កាន់តែរីកធំ ធ្វើឲ្យភាពតានតឹងនៅមជ្ឈិមបូព៌ា ឈានដល់កម្រិតខ្ពស់បំផុត ខណៈបណ្តាថ្នាក់ដឹកនាំក្នុងតំបន់និងពិភពលោកព្រមានថា ជម្លោះនេះអាចផ្ទុះឡើងធំហួសការគ្រប់គ្រង បង្កជាវិនាសកម្មធ្ងន់ធ្ងរថែមទៀតផង។

កាលពីដើមសប្តាហ៍នេះ អ៊ីស្រាអែល បានបាញ់មីស៊ីលស្រោចលើទីតាំងក្រុមហេសបូឡា រាប់ពាន់កន្លែង សម្លាប់មនុស្សជាង៥០០នាក់ និងជំរុញឲ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ។
ខាងក្រោមនេះ គឺជាស្ថានការណ៍វិវត្តចុងក្រោយនៃសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាលីបង់៖
តួលេខមនុស្សស្លាប់កើនឡើងកាន់តែច្រើន
គិតត្រឹមព្រឹកថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៥ ក្រសួងសុខាភិបាលលីបង់ បានចេញរបាយការណ៍ថា មនុស្សស្លាប់ក្នុងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលរយៈពេល២ថ្ងៃ បានកើនដល់ ៥៦៩នាក់ហើយ ខណៈ ១ ៨៣៥នាក់ត្រូវរបួស។

ក្រុមហេសបូឡា បញ្ជាក់ពីការស្លាប់ មេបញ្ជាការជាន់ខ្ពស់ម្នាក់
ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍ថា «មេបញ្ជាការជាន់ខ្ពស់ឈ្មោះ Ibrahim Qubaisi ត្រូវគេសម្លាប់ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម នៃប្រទេសអ៊ីស្រាអែល ដើម្បីជួយប្រយុទ្ធនៅហ្គាហ្សា»។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលអះអាងថា មិនមែនម្នាក់ទេ, គឺមានច្រើននាក់ទៀតដែលស្លាប់។
ពលរដ្ឋលីបង់រាប់ម៉ឺននាក់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង
ពលរដ្ឋលីបង់រាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង នៅភាគខាងត្បូងឆ្ពោះទៅភាគខាងជើងប្រទេស។ ក្រៅពីការជម្លៀសមនុស្សទ្រង់ទ្រាយធំ សាលារៀនជាច្រើននៅក្នុងប្រទេសនេះ ក៏ត្រូវបង្ខំចិត្តបិទទ្វារផងដែរ ដោយសារតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយមានសាលាមួយចំនួន ត្រូវគេយកធ្វើជាទីជ្រកកោនសម្រាប់ជនភៀសខ្លួន។

អង់គ្លេស ប្រកាសឲ្យពលរដ្ឋខ្លួនចេញពីលីបង់ ជាបន្ទាន់
រដ្ឋាភិបាលអង់គ្លេស បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ជាបន្ទាន់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក John Healey និយាយថា «ព្រឹត្តិការណ៍ប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្ហាញពីភាពប្រែប្រួលនៃស្ថានភាព ហើយជាមូលហេតុដែលយើងសូមផ្ញើសារឲ្យ ជនជាតិអង់គ្លេសគួរតែចាកចេញឥឡូវនេះ»។

អ៊ីរ៉ង់ ប្រាប់មេដឹកនាំ UN កុំឲ្យនៅស្ងៀម
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់នាពេលថ្មីៗនេះ មិនអាចបណ្តោយឲ្យកន្លងផុតទៅដោយគ្មានការឆ្លើយតបបានទេ ហើយលោកថែមទាំងព្រមានអំពី ការរីកធំនៃជម្លោះក្នុងតំបន់ផងដែរ។
លោកលើកឡើងថា «វាជារឿងចាំបាច់ដែលសហគមន៍អន្តរជាតិ ត្រូវតែបញ្ឈប់អំពើហិង្សាជាបន្ទាន់និងនាំមកនូវបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា និងបញ្ចប់ភាពព្រៃផ្សៃរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ មុនពេលរីកសាយពេញតំបន់នេះនិងពិភពលោកទាំងមូល»។

អង្គការលើកលែងទោស ថា អ៊ីស្រាអែល ប្រព្រឹត្តល្មើសច្បាប់អន្តរជាតិ
លោកស្រី Agnes Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិបានប្រាប់ Al Jazeera ថា អ៊ីស្រាអែល កំពុងរំលោភច្បាប់អន្តរជាតិហើយ។
លោកស្រីនិយាយថា «ដោយចាប់ផ្តើមជាមួយនឹងការវាយប្រហារមិនរើសមុខលើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រហូតដល់ការសម្លាប់បុគ្គលិកមនុស្សធម៌ ឈានដល់ការសម្លាប់អ្នកកាសែតទៀត។ នោះគឺជាការរំលោភច្បាប់អន្តរជាតិ យ៉ាងច្បាស់ក្រឡែត»។

ប្រធានាធិបតិអាមេរិក អំពាវនាវឲ្យមានដំណោះស្រាយការទូត
ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវឲ្យមានដំណោះស្រាយការទូត ហើយព្រមាន កុំឲ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំឲ្យសោះ។
លោកថ្លែងថា «គ្មាននរណាចង់បានសង្គ្រាមទ្រង់ទ្រាយធំឡើយ។ ដំណោះស្រាយការទូតនៅតែជាជម្រើសអាចកើតឡើងបាន។ វានៅតែជាផ្លូវតែមួយគត់ ឆ្ពោះទៅកាន់សន្តិសុខយូរអង្វែង»៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល បន្តវាយប្រហារលីបង់, មនុស្សរាប់ម៉ឺននាក់ ត្រូវភៀសខ្លួន ចោលផ្ទះសម្បែង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ