Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចែកលុយពលរដ្ឋជិត ៥លាននាក់ ឲ្យយកទៅចាយ

បានផុស

នៅ

ជារឿងកម្របំផុត ដែលរដ្ឋាភិបាលចិន ប្រកាសចែកលុយពលរដ្ឋខ្លួនជិត៥លាននាក់ឲ្យយកទៅចាយ ហើយក្រុមមនុស្សដែលនឹងទទួលបានប្រាក់ឧបត្ថម្ភនេះគឺជាជនក្រីក្រតោកយ៉ាក កុមារកំព្រា និងជនងាយរងគ្រោះដោយកត្តាផ្សេងៗ ក្នុងគោលបំណងជួយស្តារសេដ្ឋកិច្ច និងដើម្បីបង្ហាញពីក្តីស្រឡាញ់របស់បក្សកុម្មុយនិស្តនិងរដ្ឋាភិបាលចិន ចំពោះប្រជាជន។

តាមការផ្សាយរបស់ទូរទស្សន៍ CCTV, កិច្ចការនេះគឺត្រូវរ៉ាប់រងដោយក្រសួងហិរញ្ញវត្ថុនិងក្រសួងកិច្ចការស៊ីវិល ហើយការចែកលុយនឹងធ្វើឡើងឲ្យបានមុនថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០២៤ ដែលជាខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

(រូបថត៖ Freepik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងមិនបញ្ជាក់ឡើយថាតើពលរដ្ឋទាំងជិត៥លាននាក់នេះ នឹងទទួលបានប្រាក់ម្នាក់ប៉ុន្មាន ព្រោះរដ្ឋាភិបាលត្រូវពិភាក្សាគ្នាបន្តិចទៀតសិន។

សេចក្តីប្រកាសនេះ ធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីមន្ត្រីរូបិយវត្ថុនិងហិរញ្ញវត្ថុចិនកំពូលៗ ដាក់ចេញវិធានការកាត់បន្ថយអត្រាការប្រាក់ និងវិធានការផ្សេងទៀត ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ទិវាជាតិ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសចិន ហើយតាមធម្មតា មនុស្សសម្រុកធ្វើដំណើរកម្សាន្តឬទៅស្រុកកំណើត និងទិញរបស់របរប្រើប្រាស់ច្រើន។ ប៉ុន្តែដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងទីផ្សារការងារមិនល្អ ធ្វើឲ្យម្នាក់ៗលែងសូវហ៊ានចំណាយលុយដូចមុន ដល់ថ្នាក់សេដ្ឋវិទូមួយចំនួនអំពាវនាវឲ្យរដ្ឋាភិបាលលូកដៃចំពោះរឿងនេះ ដើម្បីជួយសម្រួលដល់ប្រជាជនទៀតផង។

នៅក្នុងត្រីមាសទី២ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងយឺតជាងការរំពឹងទុក ខណៈឆ្នាំនេះ ទីក្រុងប៉េកាំងបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥%។ យ៉ាងណាក្តី ធនាគារពាណិជ្ជជាច្រើនដូចជា Goldman Sachs, Nomura, UBS និង Bank of America ថ្មីៗនេះ សុទ្ធតែបានទម្លាក់ការព្យាករ GDP របស់ពួកគេមកនៅត្រឹម ៤,៦ ទៅ ៤,៨% ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្វាំងឡង់ ប្រគល់​ខ្លាឃ្មុំ​ផេនដា២​ក្បាល​ឲ្យ​ចិន​វិញ ព្រោះ​ថ្លៃ​មើលថែ​ខ្ពស់​ខ្លាំង​ពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម