ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងត្រៀមផ្តល់សំណងដល់កសិករនិងម្ចាស់កសិដ្ឋានចិញ្ចឹមឆ្កែយកសាច់មុនឆ្នាំ២០២៧
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការផ្តល់សំណងដល់កសិករ និងអ្នកផ្សេងទៀតនៅក្នុងឧស្សាហកម្មសាច់ឆ្កែដែលកំពុងធ្លាក់ចុះរបស់ប្រទេសនេះ មុនពេលហាមឃាត់ជាផ្លូវការចូលជាធរមាននៅឆ្នាំ២០២៧ ដែលជាវិធានការមួយកំពុងមានការប្រឆាំងទាំងពីកសិករ និងពីសកម្មជនសិទ្ធិសត្វមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ខែកញ្ញានេះ។
សភារបស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់សំខាន់មួយកាលពីខែមករា ដែលនឹងហាមឃាត់ការសម្លាប់ ការបង្កាត់ពូជ ឬលក់សាច់ឆ្កែសម្រាប់មនុស្សបរិភោគ បន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៣ ឆ្នាំ។
ចំណែកក្រសួងកសិកម្មកូរ៉េខាងត្បូង បានឲ្យដឹងដែរថា កសិករនឹងទទួលបានសំណងចាប់ពី ២២៥០០០ វ៉ុន ស្មើ១៧០ដុល្លារនិងកើនឡើងរហូតដល់ ៦០០០០ វ៉ុន ស្មើនឹង៤៥០ ដុល្លារក្នុងឆ្កែមួយក្បាល ប្រសិនបើកសិករយល់ព្រមបិទអាជីវកម្មរបស់ពួកគេទាន់ពេលវេលា។
បន្ទាប់ពីការហាមប្រាមនេះចូលជាធរមាន រដ្ឋាភិបាលមានគម្រោងជួយសម្រួលដល់ការសុំចិញ្ចឹមសត្វឆ្កែដែលនៅសេសសល់ ឬផ្លាស់ទីវាទៅកន្លែងថែទាំ។ ក្រសួងកសិកម្ម បាននិយាយថា អ្នកកាប់សាច់ក៏នឹងត្រូវបានផ្តល់សំណងផងដែរ ខណៈដែលអាជ្ញាធរមូលដ្ឋាននឹងទទួលខុសត្រូវចំពោះការរុះរើកសិដ្ឋានចិញ្ចឹមឆ្កែ និងកន្លែងសត្តឃាត។
អតីតកសិករនិងអ្នកកាប់សាច់ក៏នឹងទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាបផងដែរ ប្រសិនបើពួកគេងាកទៅរកអាជីវកម្មកសិកម្មផ្សេងទៀត។ លើសពីនេះអាជ្ញាធរក៏នឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ពាណិជ្ជករ និងម្ចាស់ភោជនីយដ្ឋាន ដើម្បីបិទអាជីវកម្មរបស់ពួកគេ និងស្វែងរកការងារថ្មី។
ទោះបីជាយ៉ាងណា សមាគមកសិករមួយបានច្រានចោលការផ្តល់ជូននេះ ដោយមានសំអាងថា ពួកគេមិនអាចបោះបង់ចោលសត្វឆ្កែរបស់ពួកគេក្នុងតម្លៃទាបបែបនេះបានទេ ដោយកសិករបានទាមទារប្រាក់ចំនួន២លានវ៉ុន (១៥០៥ ដុល្លារ) ក្នុងឆ្កែមួយក្បាល។
ពួកគេបាននិយាយថាការហាមប្រាមនេះបានរំលោភសិទ្ធិរបស់ពួកគេក្នុងការជ្រើសរើសការងាររបស់ពួកគេ ហើយនឹងធ្វើឱ្យមានការលំបាកផ្នែកសេដ្ឋកិច្ចរបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង។ កសិករទាំងនោះនឹងបន្តការតស៊ូបើទោះជាពួកគេត្រូវជាប់ពន្ធនាគារក៏ដោយ ដោយកាលពីដើមសប្តាហ៍នេះ ពួកគេបានអំពាវនាវឱ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីពង្រីករយៈពេលអនុគ្រោះ និងបន្ថែមផែនការសំណងសមស្រប។
គួរបញ្ជាក់ថា ការបរិភោគសាច់ឆ្កែគឺជាទម្លាប់របស់ជនជាតិកូរ៉េខាងត្បូងដែលមានអាយុកាលរាប់សតវត្សមកហើយនៅលើឧបទ្វីបកូរ៉េ ខណៈសាច់សត្វឆ្កែត្រូវបានគេបរិភោគផងដែរនៅក្នុងប្រទេសចិន វៀតណាម ឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក។
ប៉ុន្តែឧស្សាហកម្មសាច់ឆ្កែរបស់កូរ៉េខាងត្បូង បានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងដោយសារកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះជាមហាអំណាចវប្បធម៌ និងសេដ្ឋកិច្ច ហើយវាក៏ជាប្រទេសតែមួយគត់ដែលមានកសិដ្ឋានចិញ្ចឹមឆ្កែខ្នាតឧស្សាហកម្ម។
ការស្ទង់មតិបានរកឃើញថា ប្រជាជនកូរ៉េខាងត្បូងប្រហែលម្នាក់ក្នុងចំណោមបីនាក់ប្រឆាំងនឹងការហាមឃាត់នេះ ទោះបីជាមនុស្សភាគច្រើនមិនបរិភោគសាច់ឆ្កែក៏ដោយ។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Park Beomsu បានប្រាប់អ្នកយកព័ត៌មានថា ការសិក្សារបស់រដ្ឋាភិបាលបានរកឃើញថា សត្វឆ្កែជិត៤៧ម៉ឹនក្បាលកំពុងត្រូវបានចិញ្ចឹមសម្រាប់ជាអាហារនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដោយមន្ត្រីនឹងព្យាយាមបញ្ចុះបញ្ចូលកសិករឲ្យស្ម័គ្រចិត្តបញ្ឈប់ការចិញ្ចឹមឆ្កែមុនការហាមឃាត់។
យុទ្ធនាការបញ្ឃប់ការញាំសាច់ឆ្កែរបស់ប្រទេសកូរ៉េខាងត្បូងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីស្ត្រីទីមួយរបស់ប្រទេសគឺលោកស្រី Kim Keon Hee ដែលបានសម្តែងការគាំទ្រម្តងហើយម្តងទៀតចំពោះការហាមប្រាម ដែលធ្វើឲ្យលោកស្រីរងការរិះគន់យ៉ាងចាស់ដៃ និងការប្រមាថដ៏ធ្ងន់ធ្ងរអំឡុងពេលធ្វើកសិករធ្វើបាតុកម្ម៕
អត្ថបទ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់