ព័ត៌មានអន្ដរជាតិ
មេបញ្ជាការកំពូលក្រុមហេសបូឡាទាំង៧នាក់ ដែលអ៊ីស្រាអែលសម្លាប់ ជានរណា?
ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសលីបង់ ហើយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ដ៏មានឥទ្ធិពលចំនួន៧រូបរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដោយក្នុងនោះមានទាំងមេដឹកនាំក្រុមលោក Hassan Nasrallah ផងដែរ។
ការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសលីបង់ និងការធ្វើឃាតលោក Nasrallah គឺជាការកើនឡើងនៃភាពតានតឹងគួរឲ្យកត់សម្គាល់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
ក្រុមហេសបូឡា ដែលជាកងកម្លាំងយោធា និងកងកម្លាំងនយោបាយដ៏មានឥទ្ធិពលបំផុតនៅលីបង់ ឥឡូវនេះកំពុងព្យាយាមងើបខ្លួនឡើងវិញបន្ទាប់ពីរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីភាគីអ៊ីស្រាអែល ដែលបានធ្វើឲ្យបាត់បង់សមាជិកសំខាន់ៗនៃក្រុមហេសបូឡា គិតចាប់តាំងពីការបង្កើតឡើងនាដើមទសវត្សរ៍ឆ្នាំ១៩៨០។
មេបញ្ជាការនិងមន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាដែលត្រូវអ៊ីស្រាអែលសម្លាប់ មានដូចជា៖
លោក Hassan Nasrallah
ចាប់តាំងពីឆ្នាំ១៩៩២ លោក Nasrallah បានដឹកនាំក្រុមឆ្លងកាត់សង្រ្គាមជាច្រើនជាមួយអ៊ីស្រាអែល ហើយបានមើលការខុសត្រូវនៃការផ្លាស់ប្តូរគណបក្សទៅជាក្រុមដ៏មានអំណាចមួយនៅក្នុងប្រទេសលីបង់។ ក្រុមហេសបូឡាបានចូលប្រឡូកក្នុងឆាកនយោបាយលីបង់ និងចូលរួមក្នុងជម្លោះក្នុងតំបន់ ដែលធ្វើឲ្យខ្លួនក្លាយជាកងកម្លាំងប៉ារ៉ាយោធាដ៏មានឥទ្ធិពលបំផុត។
បន្ទាប់ពីការបះបោររបស់ប្រទេសស៊ីរីឆ្នាំ២០១១បានអូសបន្លាយក្លាយជាសង្រ្គាមស៊ីវិល ក្រុមហេសបូឡាបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាតំណែងរបស់ប្រធានាធិបតីស៊ីរីលោក Bashar Asad។ នៅក្រោមការគ្រប់គ្រងរបស់លោក Nasrallah ក្រុមហេសបូឡាក៏បានជួយអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ និងប្រទេសយេម៉ែនផងដែរ។
លោក Nabil Kaouk
លោក Kaouk ដែលត្រូវបានគេសម្លាប់ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ គឺជាអនុប្រធានក្រុមប្រឹក្សាកណ្តាលរបស់ក្រុមហេសបូឡា។ លោកបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធនៅដើមទសវត្សរ៍ឆ្នាំ១៩៨០។
លោក Kaouk ក៏បានបម្រើការជាមេបញ្ជាការយោធារបស់ក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់ចាប់ពីឆ្នាំ១៩៩៥រហូតដល់ឆ្នាំ២០១០។
លោកបានបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន និងថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ រួមទាំងនៅក្នុងពិធីបុណ្យសពសម្រាប់សមាជិកក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលត្រូវបានសម្លាប់។ លោកត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក Nasrallah ។
លោក Ibrahim Akil
លោក Akil គឺជាមេបញ្ជាការកំពូលម្នាក់ និងបានដឹកនាំកងកម្លាំង Radwan របស់ហេសបូឡា ដែលអ៊ីស្រាអែលបាននិងកំពុងព្យាយាមរុញច្រានឲ្យឆ្ងាយពីព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់។ លោកក៏ជាសមាជិកនៃស្ថាប័នយោធាជាន់ខ្ពស់បំផុតនៃក្រុមប្រឹក្សា Jihad ហើយអស់រយៈពេលជាច្រើនឆ្នាំបានស្ថិតនៅក្នុងបញ្ជីចាប់ខ្លួនរបស់សហរដ្ឋអាមេរិក។ ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Akil គឺជាសមាជិកម្នាក់ក្នុងចំណោមក្រុមដែលបានធ្វើការទម្លាក់គ្រាប់បែកកាលពីឆ្នាំ១៩៨៣ លើស្ថានទូតអាមេរិកនៅទីក្រុងបេរូត និងបានរៀបចំផែនការចាប់ចំណាប់ខ្មាំងជនជាតិអាល្លឺម៉ង់ និងអាមេរិក។
លោក Ahmad Wehbe
លោក Wehbe គឺជាមេបញ្ជាការនៃកងកម្លាំង Radwan ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមនេះ ចាប់តាំងពីការបង្កើតឡើងកាលពីជិតពីរទសវត្សរ៍មុន។ លោកត្រូវបានគេសម្លាប់នៅក្បែរលោក Akil ក្នុងការវាយប្រហារតាមអាកាសនៅជាយក្រុងភាគខាងត្បូងរដ្ឋធានីបេរូត។
លោក Ali Karaki
លោក Karaki បានដឹកនាំរណសិរ្សភាគខាងត្បូងរបស់ហេសបូឡា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងជម្លោះដែលកំពុងបន្តកើតឡើង។ សហរដ្ឋអាមេរិក បានពណ៌នាលោកថាជាឥស្សរជនសំខាន់ម្នាក់ក្នុងការដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ។ លោក Karaki ដែលត្រូវបានសម្លាប់ក្នុងពេលតែមួយជាមួយលោក Nasrallah។
លោក Mohammad Surour
លោក Surour គឺជាប្រធានអង្គភាពដ្រូនរបស់ហេសបូឡា ដែលត្រូវបានបង្កើតជាលើកដំបូងនៅក្នុងជម្លោះបច្ចុប្បន្នជាមួយអ៊ីស្រាអែល។ ក្រោមការដឹកនាំរបស់លោក ក្រុមហេសបូឡាបានបាញ់បង្ហោះដ្រូនបំផ្ទុះ និងឈ្លបយកការណ៍ចូលជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែល ហើយក៏ស្គាល់ច្បាស់ពីប្រព័ន្ធការពារខ្លួន ដែលភាគច្រើនផ្តោតលើគ្រាប់រ៉ុកកែត និងមីស៊ីលរបស់ក្រុម។
លោក Ibrahim Kobeissi
លោក Kobeissi បានដឹកនាំអង្គភាពមីស៊ីលនៃក្រុមហេសបូឡា។ យោធាអ៊ីស្រាអែល និយាយថា លោក Kobeissi បានរៀបចំផែនការចាប់ជម្រិត និងសម្លាប់ទាហានអ៊ីស្រាអែលបីនាក់នៅព្រំដែនភាគខាងជើងក្នុងឆ្នាំ២០០០ ដែលសាកសពរបស់ពួកគេត្រូវបានប្រគល់មកវិញនៅក្នុងការដោះដូរអ្នកទោសជាមួយក្រុមហេសបូឡានៅបួនឆ្នាំបន្ទាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍២ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង