Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីទឹកជំនន់រហ័សនិងគ្រោះបំណាក់ដីបន្ថែមទៀតនៅភាគខាងកើតនិងខាងត្បូង ចំណែកឯនៅទីក្រុងបាងកក ក៏នឹងមានព្យុះភ្លៀងលាយឡំផ្គររន្ទះផងដែរ។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤, នាយកដ្ឋានឧតុនិយមព្យាករថា ខ្យល់ត្រជាក់ដែលគ្របដណ្តប់លើប្រទេសថៃប៉ែកខាងលើនិងសមុទ្រចិនខាងត្បូង នឹងចាប់ផ្តើមថមថយ ហើយខ្យល់នឹងបក់បោកទៅតំបន់ខាងកើត ខាងត្បូងនិងឈូងសមុទ្រថៃ។

អាស្រ័យហេតុដូច្នេះ តំបន់ទាំងនោះនឹងមានភ្លៀងធ្លាក់ខ្លាំង អាចបង្កទៅជាទឹកជំនន់រហ័ស និងគ្រោះបំណាក់ដី ហើយមិនត្រឹមប៉ុណ្ណឹង សូម្បីទីក្រុងបាងកក ក៏នឹងមានព្យុះភ្លៀងលាយឡំផ្គររន្ទះផងដែរ។

(រូបថត៖ Bangkok Post)

លើសពីនេះអ្នកដើរសមុទ្រត្រូវណែនាំឲ្យផ្អាកចេញទូកសិន ព្រោះថារលក​សមុទ្រ​ Andaman និង​ឈូង​សមុទ្រ​ថៃ អាចធំៗនិងមានកម្ពស់ខ្ពស់។

ការព្រមាននេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកដ្ឋានធារាសាស្ត្រថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋដែលនៅតាមដងទន្លេចៅប្រាយ៉ា រួមទាំងអ្នកក្រុងបាងកកផងដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាកម្ពស់ទឹកនឹងហក់ឡើងខ្លាំងហើយស្ថានភាពទឹកជំនន់អាចឈានដល់កម្រិតគ្រោះថ្នាក់នៅសប្តាហ៍នេះ។

(រូបថត៖ Khaosod)

អ្នកជំនាញផ្នែកវិស្វកម្មនៅនាយកដ្ឋានបានប្រាប់ទៅ Bangkok Post កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤ថា កម្រិតទឹកនឹងឡើងខ្ពស់ ដោយសារតែការបើកទំនប់នៅអាងទឹកចៅប្រាយ៉ាខាងលើ ក្នុងខេត្ត Chai Nat។

មន្ត្រីដដែលអះអាងថា អាងនោះនឹងបង្កើនការរំដោះទឹកពី ២ ១៥០ម៉ែត្រគូបក្នុងមួយវិនាទី ទៅដល់ ២ ៤០០ម៉ែត្រគូប ក្នុងមួយវិនាទីនៅសប្តាហ៍នេះ។ ដូច្នេះហើយតំបន់នៅជាប់នោះចាប់ពីស្រុក Sapphaya នៃខេត្ត Chai Nat ទៅដល់ទីក្រុងបាងកក នឹងមានទឹកហូរខ្លាំងហើយជំនន់អាចឈានដល់កម្រិតគ្រោះថ្នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងបាងកក ប្រឈមទឹកជំនន់ ដ៏គ្រោះថ្នាក់ នៅសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម