ព័ត៌មានអន្ដរជាតិ
[វិភាគអន្តរជាតិ] អាមេរិកនិងរុស្ស៊ីដូចត្រៀមខ្លួនសម្រាប់សង្គ្រាមធំដោយយកអ៊ីរ៉ង់និងអ៊ីស្រាអែលជាកូនអុក
មហាអំណាចសហរដ្ឋអាមេរិកនិងរុស្ស៊ីហាក់កំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏ធំមួយនៅដើមសតវត្សរ៍ទី២១នេះនៅតំបន់មជ្ឈិមបូព៌ា ដោយយកអ៊ីស្រាអែលនិងអ៊ីរ៉ង់ ជាតួអង្គប្រយុទ្ធផ្ទាល់ ហើយវាទំនងជាការប្រយុទ្ធដ៏សាហាវបំផុតក្នុងពេលដ៏ឆាប់ៗ បើសិនជៀសមិនរួចពីការប្រយុទ្ធគ្នាទេនោះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅល្ងាចថ្ងៃទីពុធទី៩ខែតុលា ដែលជាការបង្ហាញការគាំទ្រដល់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅមជ្ឈិមបូព៌ា។

ស្របពេលជាមួយគ្នានេះ ភាគីប្រជែងឥទ្ធិពលម្ខាងទៀត គឺប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេកាន់ (Masoud Pezeshkian) និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងសង្គ្រាមអ៊ុយក្រែននិងនៅតំបន់មជ្ឈិមបូព៌ា ក៏ត្រូវបានរាយការណ៍ថា ប្រមុខដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នានៅថ្ងៃសុក្រទី១១ខែតុលានៅក្នុងជំនួបមួយក្នុងប្រទេស Turkmenistan នៅតំបន់អាស៊ីកណ្តាល។

ប្រធានបទសម្រេចការជជែកទ្វេភាគីរវាងគូប្រជែងទាំងពីរ គឺនិយាយរឿងបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ុន្តែត្រង់ការជជែកស៊ីជម្រៅដល់កម្រិតណា គឺមិនត្រូវបានផ្សព្វផ្សាយឡើយ។
តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មេដឹកនាំសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល និយាយគ្នាអំពី«ការសងសឹករបស់អ៊ីស្រាអែលដែលមានសក្តានុពលប្រឆាំងនឹងអ៊ីរ៉ង់» ខណៈ VOA បានផ្សាយថា មេដឹកនាំអ៊ីរ៉ង់និងរុស្ស៊ីក៏នឹងពិភាក្សាស្ថានភាពកើនឡើងដ៏ស្រួចស្រាលបំផុតនៅតំបន់មជ្ឈិមបូព៌ា។
ក្នុងរយៈពេលជាង១ឆ្នាំ រហូតមកដល់ពេលនេះ អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បាននិងកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា ការប្រយុទ្ធជាមួយក្រុមហេសបូឡានៅលីបង់ ការប្រយុទ្ធការបាញ់ផ្លោងរបស់ក្រុមហ៊ូធីនៅប្រទេសយេម៉ែន និង ការប្រយុទ្ធប្រឆាំងនឹងក្រុមផ្សេងៗទៀតមានមូលដ្ឋាននៅប្រទេសស៊ីរី អ៊ីរ៉ាក់ ជាដើម ដែលក្រុមសកម្មប្រយុទ្ធទាំងនោះសុទ្ធតែគាំទ្រដោយប្រទេសអ៊ីរ៉ង។

អ៊ីរ៉ង់ដែលកើតទុក្ខយ៉ាងខ្លាំងដោយសារតែក្រុមហាម៉ាសដែលខ្លួនគាំទ្រនៅតំបន់ហ្គាហ្សា ត្រូវអ៊ីស្រាអែលកម្ទេចស្ទើររាបស្មើ ខណៈមេដឹកនាំរបស់ក្រុមហាម៉ាស គឺលោក Ismail Haniyeh ក៏ត្រូវសម្លាប់ក្នុងទឹកដីអ៊ីរ៉ង់ចំថ្ងៃដែលមហាអំណាចអ៊ីស្លាម អ៊ីរ៉ង់ ប្រារព្ធកម្មវិធីស្បថចូលកាន់់ដំណែងប្រធានាធិបតីថ្មី គឺលោក ម៉ាស៊ូដ ប៉េហ្សេកាន់ ក្រោយមរណៈភាពរបស់អតីតប្រធានាធិបតី លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលខែឧសភាឆ្នាំនេះ។
ក្នុងអំឡុងពេលសង្គ្រាមដ៏កក្រើកនៅតំបន់ហ្គាហ្សាក្នុងរយៈពេលជាង១ឆ្នាំនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលទ្រង់ទ្រាយធំយ៉ាងហោចពីរលើកចូលទឹកដីអ៊ីស្រាអែលដែលជាការព្រមានអ៊ីស្រាអែលដែលវាយប្រហារក្រុមបរិវាររបស់ខ្លួន។ លើសពីនេះទៀត ហេតុការណ៍ធំបំផុតនៅដំណាក់កាលចុងក្រោយ គឺការញ័រកកើកនៅប្រទេសអ៊ីរ៉ង់ដែលមានការប្រកាសពីគ្រោះរញ្ជួយដីកម្លាំង៤,៦រ៉ិចទ័រ និងត្រូវបានសង្ស័យថា ជាការសាកល្បងអាវុធនុយក្លេអ៊ែរនៅក្រោមដីរបស់អ៊ីរ៉ង់ផង។
មហាអំណាចរុស្ស៊ីដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែននិងទទួលបានការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក និង មីស៊ីលផ្លោងពីអ៊ីរ៉ង់ ក៏បង្ហាញការទទួលបានគុណប្រយោជន៍ពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយអាចបង្វែរការជួយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅអ៊ុយក្រែន។
សង្គ្រាមនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់និងអ៊ីស្រាអែលទំនងគេចមិនផុតនោះទេ ដោយមហាអំណាចរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅពីក្រោយរៀងៗខ្លួន។ មហាអំណាចនុយក្លេអ៊ែរអាមេរិកនិងរុស្ស៊ីក៏ហាក់ត្រៀមខ្លួនសម្រាប់សង្គ្រាមធំនៅមជ្ឈិមបូព៌ានេះដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង