Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បំផ្ទុះកម្ទេចផ្លូវតភ្ជាប់ទៅ កូរ៉េខាងត្បូង

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានបំផ្ទុះកម្ទេចផ្លូវចំនួន២ខ្សែដែលតភ្ជាប់ទៅកូរ៉េខាងត្បូងដើម្បីបង្ហាញពីកំហឹង ខណៈប៉ុន្មានថ្ងៃមកនេះ ភាគីទាំងពីរក៏បោះពាក្យសម្តីខ្លាំងៗដាក់គ្នាមិនស្ទើរដែរ ធ្វើឲ្យគេបារម្ភថា ជម្លោះអាចកាន់តែរីកធំ។ នេះបើតាមការចុះផ្សាយរបស់ AP នៅថ្ងៃអង្គារទី១៥ខែតុលាឆ្នាំ២០២៤។

(រូបថត៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េខាងជើងមិនសប្បាយចិត្តឡើយ បន្ទាប់ពីដ្រូនកូរ៉េខាងត្បូង តែងហោះលើទីក្រុងព្យុងយ៉ាង ដល់ថ្នាក់មេដឹកនាំគីម ជុងអ៊ុន ប្តេជ្ញាផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល និងបោះបង់ចោលកិច្ចព្រមព្រៀងបង្រួបបង្រួមកូរ៉េដោយសន្តិភាព ព្រមទាំងចេញបញ្ជាឲ្យកងទ័ពនៅខ្សែត្រៀមជួរមុខត្រៀមបាញ់កាំភ្លើងធំ ឆ្លងដែនទៀតផង។

ផ្លូវដែលកូរ៉េខាងជើងបំផ្ទុះកម្ទេចនេះគឺស្ថិតនៅភាគខាងជើងប្រទេស ហើយតាមពិតទៅ ផ្លូវទាំងនោះលែងអនុញ្ញាតឲ្យធ្វើចរាចរណ៍អស់រយៈពេលជាយូរមកហើយ។

(រូបថត៖ AP)

តាមការបញ្ជាក់ពីនាយអគ្គសេនាធិការកូរ៉េខាងត្បូង និងចុះផ្សាយដោយ CNN, ផ្លូវ Gyeongui និង Donghae ត្រូវបានបំផ្ទុះនៅម៉ោងប្រហែល១២ថ្ងៃត្រង់​ (ម៉ោងនៅកូរ៉េ)។

យ៉ាងណា ជាការឆ្លើយតប កងទ័ពកូរ៉េខាងត្បូងក៏បាញ់កាំភ្លើងធំនៅផ្នែកខាងត្បូងនៃខ្សែបន្ទាត់ព្រំដែនយោធាដែរ ហើយកំពុងតាមដានចលនារបស់ទាហានកូរ៉េខាងជើងយ៉ាងជាប់លាប់ ព្រមទាំងប្រុងជើងការខ្លាំងបំផុតក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

(រូបថត៖ AP)

រឿងហេតុថ្មីនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង ចោទទៅកូរ៉េខាងត្បូងថា បានបញ្ជូនដ្រូនឲ្យមកទម្លាក់ខិត្តប័ណ្ណឃោសនាលើទីក្រុងព្យុងយ៉ាង ចំនួនបីដងក្នុងខែនេះ ហើយក៏គំរាមឆ្លើយតបដោយកម្លាំងដែរ ប្រសិនបើរឿងដដែលកើតឡើងម្តងទៀត។

មកដល់ថ្ងៃអាទិត្យ ក្រសួងការពារជាតិកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពបានចេញបញ្ជាដល់កងកាំភ្លើងធំនិងអង្គភាពផ្សេងទៀតដែលស្ថិតនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង ឲ្យត្រៀមលក្ខណៈវាយប្រហារគោលដៅសត្រូវ បើឃើញដ្រូនហោះឆ្លងដែនម្តងទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម