Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើង អួត​ថា យុទ្ធជន​​ជាង​១លាននាក់​ស្ម័គ្រចិត្តធ្វើទាហាន ក្រោយ​ភាព​តានតឹងកើន​ឡើង

បានផុស

នៅ

បើ​យោង​តាម​​សារព័ត៌មាន​រដ្ឋ KCNA យុទ្ធជន​វ័យ​ក្មេង​ប្រមាណ ១,៤​លាន​នាក់​ បាន​ចុះ​ឈ្មោះ ឬ​ត្រឡប់​ចូល​​ទៅ​ធ្វើ​ជា​ទាហាន​​ឡើង​វិញ នៅ​ក្នុង​សប្ដាហ៍​​នេះ បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​​បាន​កើន​ឡើង​ខ្លាំង។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​​ទី​១៦​ខែ​តុលា​ថា ប្រជាជន​វ័យ​ក្មេង​របស់​កូរ៉េ​ខាង​ជើង មានការ​ប្ដេជ្ញា​ចិត្ត​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ «ដើម្បី​កម្ទេច​សត្រូវ​​ដោយ​ប្រើ​អាវុធ​បដិវត្តន៍»។ ការ​ចូលរួម​របស់​យុទ្ធជន​​​នេះ ធ្វើ​ឡើង​រយៈពេល​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​​​ភាព​ថ្នើងថ្នាក់​រវាង​​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​កំពុង​ឆេះឆួល​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។

កាល​ពី​ឆ្នាំ​២០២៣ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង ធ្លាប់​បាន​ចុះ​ផ្សាយ​ស្រដៀង​គ្នា​នេះ​ម្ដង​ដែរ ពាក់ព័ន្ធ​នឹង​ការ​​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ចូល​ក្នុង​ជួរ​យោធា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។

គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​អង្គារ កូរ៉េ​ខាង​ជើង បានបំផ្ទុះកម្ទេចផ្លូវចំនួន២ខ្សែដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ដើម្បីបង្ហាញពីកំហឹង ខណៈប៉ុន្មានថ្ងៃមកនេះ ភាគីទាំងពីរក៏បោះពាក្យសម្តីខ្លាំងៗដាក់គ្នាមិនស្ទើរដែរ ធ្វើឲ្យគេបារម្ភថា ជម្លោះអាចកាន់តែរីកធំ។ ក្រោយ​ការ​បំផ្ទុះ យោធា​កូរ៉េ​​ខាង​ត្បូង​ក៏​បាន​​​ធ្វើ​ការ​បាញ់​ព្រមាន​ផង​ដែរ។

ទីក្រុងព្យុងយ៉ាង ក៏បានចោទប្រកាន់ទីក្រុងសេអ៊ូលថាបានបញ្ជូនដ្រូន​ហោះ​ឆ្លងកាត់រដ្ឋធានីកូរ៉េខាងជើង ហើយប្រទេសកូរ៉េទាំងពីរបានប៉ះទង្គិចគ្នាជុំវិញ​ការ​បង្ហោះ​ប៉េងប៉ោង​សំរាម​តាំងពីខែឧសភា។ ក្រុង​ព្យុងយ៉ាង ​បាន​និយាយ​ថា ការ​បាញ់​បង្ហោះ​​ប៉េងប៉ោង​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប៉េងប៉ោង​ដែល​​​បង្ហោះ​ដោយ​សកម្មជន​កូរ៉េ​ខាង​ត្បូង​ដែល​​ប្រឆាំង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េខាងជើង បំផ្ទុះកម្ទេចផ្លូវតភ្ជាប់ទៅ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម