ព័ត៌មានអន្ដរជាតិ
[វិភាគអន្តរជាតិ] ក្រោយសង្គ្រាម ប្រជាជនហ្គាហ្សាទំនងធ្វើចំណាកស្រុកច្រើន ដោយសារភាពខ្ទេចខ្ទាំខ្លាំងពេក
ក្នុងរយៈពេលជាងមួយឆ្នាំនៃសង្គ្រាមនៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនរស់នៅតំបន់ដ៏តូចនេះជាង២លាននាក់ បានរងការឈឺចាប់រាប់មិនអស់ក្នុងសង្គ្រាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសនិងអ៊ីស្រាអែល ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទើរទាំងស្រុងមកដល់ពេលនេះ។

ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានឹងក្លាយជាជនចំណាកស្រុកច្រើនបំផុតនៅពេលណាមួយដែលសង្គ្រាមចប់ ឬក៏តំបន់នោះត្រូវបើកឡើងវិញ ដោយសារតែការបំផ្លិចបំផ្លាញខ្លាំងពេកលើហេដ្ឋារចនាសម្ព័ន្ធពីការវាយប្រហាររបស់អ៊ីស្រាអែលជាង១ឆ្នាំមកនេះ និងគ្រោះមហន្តរាយរាប់មិនអស់។
ការបាក់បែងអគារ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ការកាត់ផ្តាច់ប្រព័ន្ធសង្គមដូចជាសេវាសុខាភិបាល ផលិតកម្មកសិកម្ម និងការខ្វះខាតចំណីអាហារ ទឹក អគ្គិសនី ការអប់រំ និងកត្តារួមផ្សំជាច្រើនទៀត នឹងជំរុញឲ្យប្រជាជនប៉ាឡេស្ទីនច្រើនបោះបង់ចោលនូវដែនដីហ្គាហ្សាដ៏ក្រីក្របំផុតមួយនេះ។
គ្រាន់តែសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ តំបន់ហ្គាហ្សាទាំងមូលត្រូវបិទខ្ទប់ដោយភាគីអ៊ីស្រាអែល ហើយប្រជាជនក្នុងតំបន់នោះជាង២,២លាននាក់ ត្រូវបម្លាស់ទីចុះឡើងៗ តាមតែការបញ្ជារបស់យោធាអ៊ីស្រាអែល។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន នៃអង្គការសហប្រជាជាតិ (UNRWA) ប្រជាជនតំបន់ហ្គាហ្សាប្រមាណ៩០ភាគរយនៃប្រជាជននៅតំបន់ហ្គាហ្សាបានបាត់បង់ទីជម្រកក្នុងរយៈពេលសង្គ្រាមត្រឹមតែមួយឆ្នាំ។
របាយការណ៍នោះ បានបង្ហាញលម្អិតនៃការបាត់បង់ទីជម្រក ដោយត្រឹមតែ១ថ្ងៃនៃសង្គ្រាមបានផ្ទុះឡើង នៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីន ១២៣ ៥៣៨ នៅតំបន់ហ្គាហ្សា បានបាត់បង់ផ្ទះសម្បែង។ ៥ថ្ងៃក្រោយមក គឺគិតត្រឹមថ្ងៃទី១២ខែតុលាឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីន ៤២៣ ៣៧៨ នាក់បានបាត់ផ្ទះសម្បែង។
ដល់ថ្ងៃទី១៦ខែតុលា២០២៣ ប្រជាជនប៉ាឡេស្ទីន១លាននាក់ ត្រូវអ៊ីស្រាអែលបញ្ជាឲ្យជម្លៀសចេញពីតំបន់ភាគខាងជើងតំបន់ហ្គាហ្សា។ គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ប្រជាជននៅតំបន់ហ្គាហ្សា១ ៩០០ ០០០ បានត្រូវបានជម្លៀសចេញ។
វិបត្តិស្បៀងអាហារ
ប្រជាជន៥០ម៉ឺនកំពុងត្រដររស់ជាមួយការអត់ឃ្លានយ៉ាងខ្លាំង និង ប្រឈមហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្សទូទាំងតំបន់ហ្គាហ្សាទំាងមូល។ នេះបើយោងតាមចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួម (IPC) ដែលជាស្ថាប័នសាកលដែលទទួលខុសត្រូវក្នុងការប្រកាសទុរ្ភិក្ស។
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅមុនសង្គ្រាមកើតឡើង មានរថយន្តដឹកទំនិញ៥០០គ្រឿងក្នុងមួយថ្ងៃ បានដឹកទំនិញចូលតំបន់ហ្គាហ្សា ប៉ុន្តែចំនួនរថយន្តដឹកទំនិញបានថយមកនៅត្រឹម៩រថយន្តប៉ុណ្ណោះក្នុងខែដំបូងនៃសង្គ្រាម។
រថយន្តដឹកទំនិញដែលភាគច្រើនជាម្ហូបអាហារក៏ធ្លាប់បានផ្អាកទាំងស្រុងរយៈពេល១០ថ្ងៃ នៅពេលដែលអេហ្ស៊ីប និងអ៊ីស្រាអែលបិទព្រំដែនរបស់ប្រទេសគេរៀងៗខ្លួនក្នុងពេលសង្គ្រាមទើបចាប់ផ្តើមក្នុងដំណាក់កាលដំបូង។ ចំនួនរថយន្តដឹកទំនិញចូលតំបន់ហ្គាហ្សាតែមានចំនួនតិចតួចនៅឡើយ គឺមានត្រឹមតែ៥៣គ្រឿងប៉ុណ្ណោះក្នុង១ថ្ងៃនៅក្នុងខែកញ្ញា២០២៤។
វិបត្តិហេដ្ឋារចនាសម្ព័ន្ធ
អគារជាច្រើននៅតំបន់ហ្គាហ្សាត្រូវយោធាអ៊ីស្រាអែលបំផ្លាញស្ទើរគ្មានសល់ និងប្រើប្រាស់លែងកើត ដោយសារការបាញ់ប្រហារទាំងផ្លូវអាកាស មីស៊ីលផ្លោង។ បច្ចុប្បន្ននេះ ប្រជាជនប៉ាឡេស្ទីនភាគច្រើនរស់នៅតាមជំរុំចល័តរៀបចំឡើងដោយអង្គការសហប្រជាជាតិ។

គិតត្រឹមខែមីនា២០២៤ អគារ៣៥ភាគរយនៅតំបន់ហ្គាហ្សារងផលប៉ះពាល់។ មជ្ឈមណ្ឌលរណបនៃអង្គការសហប្រជាជាតិ (UNOSAT) បានចេញរបាយការណ៍វាយតម្លៃមួយអំពីផលប៉ះពាល់់នៃអគារនៅតំបន់ហ្គាហ្សា។
៣៥ភាគរយនៃអគារដែលបានខូចខាត គឺមាន៨៨ ៨៦៨ អគារ ដោយក្នុងនោះ ៣១ ១៩៨ អគារ ត្រូវបានបញ្ជាក់ថាបំផ្លាញទាំងស្រុង អគារចំនួន ១៦ ៩០៨ ខូចខាងធ្ងន់ធ្ងរ និង ៤០ ៧៦២ អគារខូចខាតមធ្យម។
គ្រួសារប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀសចេញជាញឹកញាប់និងច្រើនលើកច្រើនសារ នៅពេលដែលអ៊ីស្រាអែលផ្លាស់ប្តូរការផ្តោតនៃប្រតិបត្តិការរបស់ខ្លួន។ កាលពីដំបូងឡើយ អ៊ីស្រាអែលបានប្រាប់ប្រជាជននៅភាគខាងជើងឲ្យផ្តាស់ប្តូរទៅភាគខាងត្បូងនៃទន្លេ Wadi Gaza ដែលខ័ណ្ឌចែកតំបន់ហ្គាហ្សាស្ត្រីបជាពីរ។ នៅពេលក្រោយមកទៀត បានប្រកាសឲ្យមានការជម្លៀសជាបន្តបន្ទាប់ទៅតាមតំបន់ដែលពួកគេកំណត់នៅភាគខាងត្បូង៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ