ព័ត៌មានអន្ដរជាតិ
UN៖ ប្រជាជន ១,១ ពាន់លាននាក់រស់នៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ
អង្គការសហប្រជាជាតិបានចេញរបាយការណ៍ថ្មីដែលបង្ហាញថា ប្រជាជនជាង១ពាន់លាននាក់រស់នៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ ដោយជិតពាក់កណ្តាលនៃពួកគេនៅក្នុងប្រទេសកំពុងជួបប្រទះជម្លោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី១៨ខែតុលានេះ។

បើតាមរបាយការណ៍នេះ បណ្តាប្រទេសដែលមានសង្រ្គាមគឺមានកម្រិតនៃភាពអត់ឃ្លានខ្ពស់ជាងគេ ខណៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរាយការណ៍ថា វានឹងកាន់តែធ្ងន់ធ្ងរនៃការខ្វះខាតអាហារូបត្ថម្ភ ខ្វះខាតអគ្គិសនី ទឹក និងការទទួលបានអនាម័យត្រឹមត្រូវ។
ការស្រាវជ្រាវនៅទូទាំងប្រទេសចំនួន១១២ និងប្រជាជនចំនួន៦,៣ ពាន់លាននាក់ បានបង្ហាញថាមនុស្ស ១,១ពាន់លាននាក់បានស៊ូទ្រាំនឹងភាពក្រីក្រ ដោយ៤៥៥លាននាក់«រស់នៅក្នុងស្រមោលនៃជម្លោះ»។ មនុស្សប្រហែល ៥៨៤ លាននាក់ដែលមានអាយុក្រោម១៨ឆ្នាំកំពុងជួបប្រទះភាពក្រីក្រខ្លាំងដែលស្មើនឹង ២៧,៩ភាគរយនៃកុមារនៅទូទាំងពិភពលោកធៀបនឹង ១៣,៥ភាគរយនៃមនុស្សពេញវ័យ។
អត្រាមរណភាពកុមារនៅក្នុងជម្លោះមាន៨ភាគរយ ធៀបនឹង ១,១ភាគរយនៅក្នុងប្រទេសដែលមានសន្តិភាព។ ក្នុងនោះ ៨៣,២ ភាគរយនៃប្រជាជនក្រីក្របំផុតរបស់ពិភពលោករស់នៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក និងអាស៊ីខាងត្បូង។

លោក Achim Steiner ប្រធាន UNDP បាននិយាយថា «ជម្លោះកាន់តែខ្លាំង និងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឈានដល់កម្រិតខ្ពស់ថ្មីនៃអ្នកស្លាប់ និងរបួស ធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ និងបង្កឱ្យមានការរំខានយ៉ាងធំធេងដល់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជន»។
បើយោងតាមការវាយតម្លៃដែលបានចងក្រងរួមគ្នាជាមួយ Oxford Poverty and Human Development Initiative (OPHI) បានប្រើសូចនាករដូចជា កង្វះលំនៅឋានគ្រប់គ្រាន់ អនាម័យ អគ្គិសនី ប្រេងឥន្ធនៈ អាហាររូបត្ថម្ភ និងការទទួលបានការអប់រំ ដើម្បីវាយតម្លៃកម្រិតនៃ «ភាពក្រីក្រពហុវិមាត្រ»។
រួមបញ្ចូលការសិក្សាស៊ីជម្រៅលើប្រទេសអាហ្វហ្គានីស្ថាន ដែលមនុស្ស ៥,៣ លាននាក់បន្ថែមទៀតបានធ្លាក់ក្នុងភាពក្រីក្រក្នុងអំឡុងឆ្នាំ ២០១៥-១៦ និង ២០២២-២៣។ កាលពីឆ្នាំមុន ប្រជាជនអាហ្វហ្គានីស្ថានជិតពីរភាគបីត្រូវបានចាត់ទុកថាក្រីក្រ។ ក្នុងនោះប្រទេសឥណ្ឌាគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅក្នុងភាពក្រីក្រខ្លាំង ដែលប៉ះពាល់ដល់មនុស្ស ២៣៤លាននាក់នៃចំនួនប្រជាជន ១,៤ ពាន់លាននាក់របស់ប្រទេសនេះ។
បន្ទាប់ពីឥណ្ឌាមានប្រទេសប៉ាគីស្ថាន អេត្យូពី នីហ្សេរីយ៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយប្រទេសទាំងប្រាំរួមបញ្ចូលគ្នាមានចំនួនជិតពាក់កណ្តាលនៃប្រជាជនក្រីក្រ១,១ពាន់លាននាក់។
ប៉ុន្តែបើតាមលោក Yanchun Zhang ប្រធានស្ថិតិនៅ UNDP បាននិយាយថា «សម្រាប់អ្នកក្រីក្រនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះ ការតស៊ូទ្រាំនឹងការខ្វះខាតតម្រូវការជាមូលដ្ឋានគឺជាការប្រឈមដ៏ធ្ងន់ធ្ងរ និងអស់សង្ឃឹមជាង»៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ