ព័ត៌មានអន្ដរជាតិ
មនុស្ស៧នាក់ធ្វើការនៅផ្លូវរូងក្រោមដីយុទ្ធសាស្ត្រមួយនៅកាស្មៀរត្រូវបាញ់សម្លាប់
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ដែលកំពុងធ្វើការលើគម្រោងផ្លូវរូងក្រោមដីយុទ្ធសាស្ត្រមួយនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា និងយ៉ាងហោចណាស់ប្រាំនាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែតុលានេះ។

ប៉ូលិសបានទំលាក់កំហុសលើពួកសកម្មប្រយុទ្ធដែលបានប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍លើការវាយប្រហារភេរវកម្មនៅឯជំរុំកម្មករសំណង់ជិតទីក្រុងរមណីយដ្ឋាន Sonamarg ក្នុងតំបន់ជម្លោះ ខណៈគ្មានក្រុមឧទ្ទាមណាចេញមុខអះអាងទទួលខុសត្រូវភ្លាមៗទេ។
ប៉ូលិស បាននិយាយថា យ៉ាងហោចណាស់ខ្មាន់កាំភ្លើងពីរនាក់ បានបាញ់ ដោយមិនរើសមុខទៅលើមន្ត្រី និងកម្មករដែលពាក់ព័ន្ធនឹងសំណង់នេះ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់នៅនឹងកន្លែង។
យ៉ាងហោចណាស់១០នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនិងក្រោយមក៥នាក់ទៀតបានស្លាប់។ អ្នកស្លាប់រួមមានកម្មករ និងមន្ត្រីមិនមែនមូលដ្ឋាន៥នាក់ កម្មករកាស្មៀរម្នាក់ និងវេជ្ជបណ្ឌិតម្នាក់នៅកាស្មៀរ។ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីកម្មករត្រឡប់ទៅកន្លែងសម្រាករបស់ពួកគេវិញកាលពីយប់ថ្ងៃអាទិត្យ។ ទោះយ៉ាងណាមិនមានការបញ្ជាក់ឯករាជ្យភ្លាមៗអំពីការវាយប្រហារនោះទេ។
កម្លាំងប៉ូលិស និងទាហានបានបើកប្រតិបត្តិការស្វែងរកនៅក្នុងតំបន់ដើម្បីចាប់ជនវាយប្រហារភ្លាមៗផងដែរ។ លោក Omar Abdullah មន្ត្រីជាប់ឆ្នោតកំពូលប្រចាំតំបន់ បានថ្កោលទោសការវាយប្រហារនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយហៅវាថា៖«គួរឱ្យស្អប់ខ្ពើម និងកំសាក»។ ចំណែកមេដឹកនាំតស៊ូ Kashmiri ដ៏សំខាន់មួយរូបបាននិយាយថា គាត់ «មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្លាប់ដ៏ឃោរឃៅនេះ»។

គួរបញ្ជាក់ថា មនុស្សរាប់រយនាក់ ដែលភាគច្រើនមិនមែនជាកម្មករក្នុងស្រុក កំពុងធ្វើការលើគម្រោងផ្លូវរូងក្រោមដីប្រកបដោយមហិច្ឆិតា ដែលមានបំណងតភ្ជាប់ជ្រលង Kashmir ជាមួយ Ladakh ដែលជាតំបន់វាលខ្សាច់ត្រជាក់ដែលនៅដាច់ពីគេអស់រយៈពេលកន្លះឆ្នាំ ដោយសារការធ្លាក់ព្រិល។ អ្នកជំនាញនិយាយថា គម្រោងផ្លូវរូងក្រោមដីនេះមានសារៈសំខាន់សម្រាប់យោធា ក្នុងប្រតិបត្តិការនៅ Ladakh ។
តំបន់សំខាន់ជាយុទ្ធសាស្ត្រនេះមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន និងចិន ហើយទាហានឥណ្ឌា និងចិនបានចូលរួមក្នុងការប្រឈមមុខគ្នាផ្នែកយោធានៅទីនោះតាំងពីឆ្នាំ ២០២០។ ប្រទេសទាំងពីរបានឈរជើងទាហានរាប់ម៉ឺននាក់នៅទីនោះ គាំទ្រដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំង។
ការវាយប្រហារកាលពីថ្ងៃអាទិត្យគឺជាការវាយប្រហារលើកទីពីរលើកម្មករមិនមែនមូលដ្ឋាននៅក្នុងតំបន់ចាប់តាំងពីរដ្ឋាភិបាលក្នុងតំបន់ដែលគ្មានអំណាចភាគច្រើនបានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ បន្ទាប់ពីការបោះឆ្នោតក្នុងស្រុកលើកដំបូងចាប់តាំងពីប្រទេសឥណ្ឌាបានដកហូតតំបន់ពាក់កណ្តាលស្វយ័តនេះកាលពីប្រាំឆ្នាំមុន។
កាស្មៀរត្រូវបានបានមើលឃើញពីការសម្លាប់រង្គាលជាច្រើន ដែលសំដៅលើកម្មករមកពីផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ ២០២១។ ប៉ូលិសបាននិយាយថា ការសម្លាប់នេះរួមមានសមាជិកក្រុមប្រឹក្សាភូមិមូស្លីមក្នុងស្រុក មន្ត្រីប៉ូលិស និងជនស៊ីវិលផងដែរ ត្រូវបានអនុវត្តដោយពួកឧទ្ទាមប្រឆាំងឥណ្ឌា។

ឥណ្ឌា និងប៉ាគីស្ថាន គ្រប់គ្រងផ្នែកមួយនៃតំបន់កាស្មៀរ ប៉ុន្តែប្រទេសទាំងពីរទាមទារទឹកដីទាំងស្រុង។ គូប្រជែងប្រដាប់អាវុធបានប្រយុទ្ធគ្នាពីរក្នុងចំនោមសង្រ្គាមទាំងបីរបស់ពួកគេនៅលើទឹកដីនេះ ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីការគ្រប់គ្រងអាណានិគមអង់គ្លេសក្នុងឆ្នាំ ១៩៤៧។
ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា បានប្រយុទ្ធជាមួយការគ្រប់គ្រងរបស់ទីក្រុង New Delhi ចាប់តាំងពីឆ្នាំ ១៩៨៩។ ប្រជាជនមូស្លីម Kashmiri ជាច្រើនគាំទ្រដល់គោលដៅរបស់ពួកឧទ្ទាមក្នុងការបង្រួបបង្រួមទឹកដី ទោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន ឬជាប្រទេសឯករាជ្យក៏ដោយ។
ទោះយ៉ាងណាឥណ្ឌាបានទទូចថា សកម្មភាពសកម្មប្រយុទ្ធនៅតំបន់កាស្មៀរគឺជាភេរវកម្មគាំទ្រដោយប៉ាគីស្ថានតែប្រទេសប៉ាគីស្ថានបដិសេធការចោទប្រកាន់នេះ ហើយប្រជាជន Kashmir ជាច្រើនចាត់ទុកថាវាជាការតស៊ូដើម្បីសេរីភាព។ ជនស៊ីវិល ឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់