ព័ត៌មានអន្ដរជាតិ
កុមារជាង១លាននាក់នៅប៉ាគីស្ថានខកខានចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង ខណៈករណីឆ្លងកើនឡើង
ជំងឺស្វិតដៃជើងកំពុងរីករាលដាលម្តងទៀតនៅក្នុងប្រទេសប៉ាគីស្ថាន ខណៈកុមារជាង១លាននាក់ខកខានការចាក់វ៉ាក់សាំង ដែលនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលប៉ាគីស្ថានប្រឈមមុខក្នុងការលុបបំបាត់ជំងឺមួយក្នុងចំណោមជំងឺដែលពិបាកលុបបំបាត់បំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៣ខែតុលានេះ។

មន្ត្រីប៉ាគីស្ថាន បានរាយការណ៍ ពីករណីជំងឺស្វិតដៃជើងថ្មីជាងដប់នាក់ក្នុងខែតុលាដែលនាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងឆ្នាំនេះកើនដល់ ៣៩នាក់ បើធៀបនឹងឆ្នាំមុនមានតែប្រាំមួយនាក់ប៉ុណ្ណោះ ។ កុមារប្រហែល១លាននាក់បានខកខានការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅក្នុងខែកញ្ញា ដោយរួមបញ្ចូលទាំងគម្លាតនៃភាពស៊ាំដែលមានស្រាប់ដែលបានកើនឡើងចាប់តាំងពីកូវីដ១៩វាបានរំខានដល់កិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ។
ជំងឺស្វិតដៃជើង (Polio) គឺជាជំងឺដែលឆ្លងមេរោគខ្លាំង ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោម ៥ ឆ្នាំដោយជំងឺនេះ វាយប្រហារប្រព័ន្ធសរសៃប្រសាទ អាចបណ្តាលឱ្យខ្វិន បញ្ហាផ្លូវដង្ហើម និងស្លាប់ក៏មាន។ ជំងឺនេះរីករាលដាលតាមរយៈទឹក ឬអាហារដែលមានមេរោគ ហើយមិនមានការព្យាបាលទេ ប៉ុន្តែវាអាចត្រូវបានការពារដោយប្រើវ៉ាក់សាំង ដូចដែលករណីជំងឺស្វិតដៃជើងនៅទូទាំងពិភពលោកត្រូវបានកាត់បន្ថយជាង៩៩ភាគរយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដោយសារយុទ្ធនាការចាក់ថ្នាំបង្ការ។
ប៉ាគីស្ថាននិងប្រទេសជិតខាង អាហ្វហ្គានីស្ថាន គឺជាប្រទេសតែពីរប៉ុណ្ណោះ ដែលជំងឺស្វិតដៃជើង នៅតែជាជំងឺរាតត្បាត នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ទោះបីជាថ្មីៗនេះ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ក៏បានព្រមានពីការកើតឡើងវិញនៃជំងឺដ៏កាចសាហាវនៅតំបន់ហ្គាហ្សា អស់រយៈពេលជាងមួយឆ្នាំ។
កម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសប៉ាគីស្ថាន ដែលមានប្រជាជនជាង ២៤៩លាននាក់បានជួបការលំបាកមួយផ្នែកដោយសារតែការមិនទុកចិត្តពីប្រជាជនជាប្រវត្តិសាស្ត្រលើអ្នកផ្តល់សេវាថែទាំសុខភាពបរទេស។ កាលពីឆ្នាំ២០២២ មានការចោទប្រកាន់ថាមន្ត្រីចារកិច្ចអាមេរិកបានប្រើប្រាស់កម្មវិធីចាក់ថ្នាំបង្ការក្លែងក្លាយនៅក្នុងទីក្រុង Abbottabad ប្រទេសប៉ាគីស្ថាន បានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភទាំងនោះ។

ជាមួយគ្នានេះជំនឿសាសនា និងកង្វះការយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺស្វិតដៃជើង ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាពសាធារណៈផងដែរ។ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងអាជ្ញាធរប៉ាគីស្ថានបានធ្វើការយ៉ាងសកម្មដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម និងចាក់វ៉ាក់សាំងកុមារក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែព័ត៌មានមិនពិតនៅតែបន្តរីករាលដាល។
ភាគច្រើននៃករណីថ្មីៗនៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Balochistan ភាគនិរតីដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលឪពុកម្តាយមានការស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការដល់កូនរបស់ពួកគេ ដោយសារតែព័ត៌មានមិនពិត និងការមិនទុកចិត្តលើអ្នកផ្តល់សេវាថែទាំសុខភាព។
ទោះបីជាមានករណីកើនឡើងនាពេលថ្មីៗនេះក៏ដោយ ក៏អាជ្ញាធរប៉ាគីស្ថានមានសុទិដ្ឋិនិយមថា ពួកគេអាចបញ្ឈប់ការរីករាលដាលនៃជំងឺនេះបាន។ ប្រទេសនេះនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងថ្មីនៅទូទាំងប្រទេសនៅថ្ងៃទី ២៨ខែតុលា ក្នុងគោលបំណងចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម៥ឆ្នាំ ចំនួន៤៥លាននាក់។
កម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើងរបស់ប៉ាគីស្ថានក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែរថា៖«ការលុបបំបាត់ជំងឺស្វិតដៃជើងគឺជាអាទិភាពកំពូលរបស់ប្រទេសប៉ាគីស្ថាន» ខណៈផែនការបង្រួបបង្រួមជាមួយខេត្តនានាមានគោលបំណងបញ្ឈប់ការឆ្លងជំងឺស្វិតដៃជើងនៅឆ្នាំ ២០២៥៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ