ព័ត៌មានអន្ដរជាតិ
ប៉េងប៉ោងយោងសំរាមកូរ៉េខាងជើងធ្លាក់មកលើបរិវេណការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលម្តងទៀត
ប៉េងប៉ោងយោងស្បោងសំរាមកូរ៉េខាងជើង បានធ្លាក់លើបរិវេណការិយាល័យប្រធានាធិបតីនៅកណ្តាលទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ដែលជាករណីទីពីរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងបង្កើនការព្រួយបារម្ភអំពីភាពងាយរងគ្រោះនៃទីតាំងសំខាន់ៗរបស់កូរ៉េខាងត្បូងអំឡុងពេលការឈ្លានពានរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ខែតុលានេះ។
ឧបទ្ទវហេតុនេះបានកើតឡើង បន្ទាប់ពីគូប្រជែងកូរ៉េទាំងពីរបានបង្កើនការគំរាមកំហែង និងវោហាសាស្ត្រប្រឆាំងនឹងគ្នាទៅវិញទៅមកជុំវិញការអះអាងរបស់កូរ៉េខាងជើងដែលថាកូរ៉េខាងត្បូងបានបង្ហោះដ្រូនឆ្លងកាត់រដ្ឋធានីព្យុងយ៉ាងដើម្បីផ្សព្វផ្សាយខិត្តប័ណ្ណឃោសនាក្នុងខែនេះ។
យោងតាមសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉េងប៉ោងមួយរបស់កូរ៉េខាងជើងបានផ្ទុះពីលើបរិវេណការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយទម្លាក់សំរាមទៅលើដី ប៉ុន្តែរកមិនឃើញវត្ថុគ្រោះថ្នាក់នោះទេ។
ប្រទេសកូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងផ្ទុកសំរាមចូលទៅក្នុងកូរ៉េខាងត្បូងចាប់តាំងពីចុងខែឧសភាក្នុងការបន្តយុទ្ធនាការចិត្តសាស្ត្របែបសង្គ្រាមត្រជាក់ ខណ៖ក៏ធ្លាប់មានសំរាមដែលធ្លាក់លើបរិវេណប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែកក្កដា មិនមានផ្ទុកសារធាតុគ្រោះថ្នាក់ និងគ្មាននរណាម្នាក់រងរបួស។
គេមិនទាន់ដឹងភ្លាមៗថា តើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ស្ថិតនៅក្នុងបរិវេណនេះ កំឡុងពេលឧប្បត្តិហេតុចុងក្រោយនេះឬយ៉ាងណានោះទេ។ បើយោងតាមកាលវិភាគរបស់គាត់បានបង្ហាញថា គាត់នឹងត្រូវជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលធ្វើទស្សនកិច្ចនៅការិយាល័យរបស់គាត់។
បើយោងតាមកាសែត Dong-A Ilbo របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័ររបស់ខ្លួនថាប៉េងប៉ោងចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងជើងមានខិត្តប័ណ្ណឃោសនារិះគន់លោក Yoon និងភរិយារបស់គាត់ លោកស្រីKim Keon Hee រួមជាមួយសំរាម។
កាសែតនេះបានរាយការណ៍ថា ខិត្តប័ណ្ណទាំងនោះត្រូវបានរាយប៉ាយនៅតាមតំបន់នានាក្នុងសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល ជាកន្លែងដែលការិយាល័យប្រធានាធិបតីរបស់លោក Yoon ស្ថិតនៅ ហើយបានកត់សម្គាល់ថាថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា GPS ដើម្បីទម្លាក់ប៉េងប៉ោងកាន់តែត្រឹមត្រូវទៅក្នុងទីតាំងដែលមានបំណងទម្លាក់។
ទោះយ៉ាងណាសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីរបាយការណ៍នេះភ្លាមៗទេ ខណៈអ្នកជំនាញនិយាយថា កូរ៉េខាងជើងទំនងជាខ្វះបច្ចេកវិទ្យាទំនើបដើម្បីទម្លាក់ប៉េងប៉ោងលើគោលដៅជាក់លាក់។
គួរបញ្ជាក់ថាកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថាបានប្រើដ្រូនដើម្បីទម្លាក់ខិត្តប័ណ្ណឃោសនាលើទីក្រុងព្យុងយ៉ាងចំនួនបីដងក្នុងខែនេះ ហើយបានគំរាមកំហែងការឆ្លើយតបផ្នែកយោធាប្រសិនបើវាកើតឡើងម្តងទៀត។ កូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់ថាតើខ្លួនបានបញ្ជូនដ្រូនទាំងនោះទេ ប៉ុន្តែបានព្រមានថាកូរ៉េខាងជើងនឹងប្រឈមមុខនឹងការបញ្ចប់របបរបស់ខ្លួន ប្រសិនបើសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េខាងត្បូងត្រូវបានគំរាមកំហែង។
ប្រទេសកូរ៉េខាងជើងធ្លាប់បញ្ជាក់ថា សកម្មភាពប៉េងប៉ោងរបស់ខ្លួនគឺជាការឆ្លើយតបទៅនឹងសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងតាមរយៈប៉េងប៉ោងផ្ទាល់ខ្លួនរបស់ពួកគេ។ កូរ៉េខាងត្បូងបានឆ្លើយតបដោយចាប់ផ្តើមការផ្សាយសំឡេងបំពងសំឡេងឃោសនានៅតាមតំបន់ព្រំដែន ដោយជំរុញឱ្យកូរ៉េខាងជើងបើកឧបករណ៍បំពងសំឡេងជួរមុខរបស់ខ្លួន។
ស្របពេលជាមួយយុទ្ធនាការបែបសង្រ្គាមត្រជាក់របស់កូរ៉េ កើតមានឡើងនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានបង្កើនល្បឿននៃការសាកល្បងអាវុធរបស់គាត់ និងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ