ព័ត៌មានអន្ដរជាតិ
សភាអ៊ីស្រាអែលអនុម័តច្បាប់ហាមឃាត់ភ្នាក់ងារ UN ខណៈប្រមុខ UN បង្ហាញកង្វល់និងត្រៀមប្តឹងអង្គសនិ្នបាត
រដ្ឋសភាប្រទេសអ៊ីស្រាអែល ដែលគេស្គាល់ថា «Knesset» បានអនុម័តច្បាប់មួយហាមឃាត់សកម្មភាពរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ខណៈដែលភាគីអង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភជាខ្លាំង និងត្រៀមឆ្លើយតបតាមវិធានការនៃអង្គមហាសន្និបាត។

យោងតាមការការផ្សាយរបស់ ស្ថានីយវិទ្យុ Kan មានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែល ការហាមឃាត់នេះនឹងផ្តោតលើការទំនាក់ទំនងរបស់មន្ត្រីអ៊ីស្រាអែលជាមួយបុគ្គលិករបស់ ភ្នាក់ងារ UNRWA ការចេញទិដ្ឋាការ ដល់ពួកគេ ឬក៏ការផ្តល់ការអនុគ្រោះផែ្នកសេដ្ឋកិច្ចណាមួយ។ ក្រៅពីនោះ អាជ្ញាធរអ៊ីស្រាអែលក៏មានផែនការដាក់ពាក្យបណ្តឹងបទឧក្រិដ្ឋប្រឆាំងនឹងបុគ្គលិកភ្នាក់ងារ UNRWA ដែលត្រូវបានសង្ស័យអំពីការជាប់ទាក់ទងសកម្មភាពភេរវករ។
ច្បាប់នេះបានចេញបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីបុគ្គលិករបស់ភ្នាក់ងារអង្គការសហប្រជាជាតិខាងលើដែលអាចមានទំនាក់ទំនងជាមួយក្រុមហាម៉ាស នង ការចោទប្រកាន់ដែលថា ពួកគេបានជាប់ទាក់ទងការវាយប្រហារកាលថ្ងៃទី៧ខែតុលាឆ្នាំមុន។
អគ្គលេខាធិការអង្គការសហប្រជជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស នៅថ្ងៃទី២៩តុលានេះ ក៏បានចេញសេចក្តីប្រកាសបង្ហាញពីក្តីបារម្ភចំពោះរឿងនេះ។
សាររបស់លោកបានបង្ហោះនៅលើគេហទំព័រអង្គការសហប្រជាជាតិថា៖«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុម័តនៅថ្ងៃនេះដោយសភាអ៊ីស្រាអែល (Knesset of Israel) នៃច្បាប់ចំនួនពីរទាក់ទងនឹងទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ដែលប្រសិនបើត្រូវបានអនុវត្ត ទំនងជានឹងរារាំង UNRWA ពីការបន្តការងារសំខាន់ៗរបស់ខ្លួននៅក្នុង ទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើត តាមអាណត្តិរបស់មហាសន្និបាតអង្គការសហប្រជាជាតិ»។
UNRWA គឺជាមធ្យោបាយចម្បងដែលជំនួយសំខាន់ៗត្រូវបានផ្គត់ផ្គង់ដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយភាគីជម្លោះអ៊ីស្រាអែល។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ការអនុវត្តច្បាប់អាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងទឹកដីប៉ាឡេស្ទីនកាន់កាប់ ដែលមិនអាចទទួលយកបាន។
«ខ្ញុំសូមអំពាវនាវឱ្យអ៊ីស្រាអែលធ្វើសកម្មភាពដោយខ្ជាប់ខ្ជួនជាមួយនឹងកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចផ្សេងទៀតរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ រួមទាំងនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចដែលទាក់ទងនឹងអភ័យឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ច្បាប់ជាតិមិនអាចកែប្រែកាតព្វកិច្ចទាំងនោះបានទេ»។
អង្គការសហប្រជាជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការនោះថា ការអនុវត្តច្បាប់ទាំងនេះនឹងមានផលប៉ះពាល់ដល់ការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន និងសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល ហើយភា្នក់ងារUNRWA គឺមិនអាចខ្វះបាន។
បញ្ហានៃការចេញច្បាប់ហាមឃាត់នេះ អង្គការសហប្រជាជាតិគ្រោងនឹងដាក់បញ្ហានេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ