Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ប្រាប់ថា ខ្លួន​នឹង​មិន​បញ្ជូន​ទ័ព​ជួយ​អ៊ុយក្រែន​នោះ​ទេ

បានផុស

នៅ

លោក Kim Yong-hyun រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​​​​ថា ប្រទេសរបស់​លោក​នឹង​មិន​ពិចារណា​លើ​រឿង​បញ្ជូន​កង​កម្លាំង​ទៅ​ជួយ​ដល់​អ៊ុយក្រែន​នោះ​ឡើយ ថ្វី​ត្បិត​មាន​របាយការណ៍​ជា​ហូរហែ​នា​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​កូរ៉េ​ខាង​ជើង​ទៅ​​ជួយ​ដល់​ភាគី​ជម្លោះ​ម្ខាង​ទៀត​គឺ ប្រទេស​រុស្ស៊ី​ ក៏​ដោយ។

លោក Kim Yong-hyun (រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក Yong-hyun ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​តុលា​ឆ្នាំ​២០២៤ នៅ​ក្នុង​ជំនួប​ជាមួយ​​ក្រុម​អ្នក​កាសែត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក អំឡុង​ពេល​ចូលរួម​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិសុខ​ប្រចាំ​ឆ្នាំ។

ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ទ័ព​របស់​កូរ៉េ​ខាង​ជើង​​​ជួយ​រុស្ស៊ី លោក Yong-hyun បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​ឆ្លើយ​តប​តាម​ដំណាក់​កាល​​ដែល​សមស្រប តែ​មិន​មែន​ជា​ការ​បញ្ជូន​កង​កម្លាំង​ជួយ​ដល់ភាគី​ខាង​មួយ​ឡើយ​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​ជាង​២​ឆ្នាំ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ លោកបានពន្យល់ថា រដ្ឋាភិបាលនឹងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយសហគមន៍អន្តរជាតិ ដោយគិតគូរពី​ការ​វិវឌ្ឍ​នៃ​ស្ថានភាពនៅអ៊ុយក្រែន។

យ៉ាង​ណា រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង​រូប​នេះ បាន​បញ្ជាក់​ថា វាពិតជាចាំបាច់ក្នុងការបញ្ជូនក្រុមត្រួតពិនិត្យ ឬក្រុមវិភាគ ដូច្នេះយោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលរបស់ខ្លួនអាចរៀបចំសម្រាប់ភាពអាសន្នដែលអាចកើតឡើងនាពេលអនាគត។

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការហើយថា កូរ៉េខាងជើងពិតជាបានបញ្ជូនទ័ពប្រហែល ១០ ០០០នាក់ទៅជួយរុស្ស៊ីមែន ហើយនឹងចូលរួមក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាន​និយាយ​ថា ទាហានកូរ៉េខាងជើង មួយចំនួនបានចូលកៀកប្រទេសអ៊ុយក្រែន រួចបាត់ទៅហើយ ហើយច្បាស់ណាស់ រឿងនេះពិតជាធ្វើឲ្យសង្គ្រាមនឹងកាន់តែពុះកញ្ជ្រោល និងរុញឲ្យទំនាក់ទំនងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ធ្លាក់ចូលភាពតានតឹងកម្រិតខ្ពស់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម