ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រកាសឈរប្រកៀកស្មារុស្ស៊ី រហូតដល់ទីក្រុងមូស្គូឈ្នះ
ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son-hui ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០២៤, លោកស្រី Choe ប្រកាសថា ទីក្រុងព្យុងយ៉ាង នឹងឈរប្រកៀកស្មាទីក្រុងមូស្គូ រហូតដល់ «ថ្ងៃជ័យជម្នះ»។

លោកស្រីនិយាយថា “គ្មានអ្វីត្រូវងឿងឆ្ងល់ឡើយថា ក្រោមការដឹកនាំដ៏ល្អរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន, កងទ័ពនិងប្រជាជនរុស្ស៊ីប្រាកដជានឹងទទួលជ័យជម្នះយ៉ាងធំធេងក្នុងការតស៊ូដ៏ពិសិដ្ឋដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ប្រទេស។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា យើងនឹងឈរប្រកៀកស្មាមិត្តរុស្ស៊ី រហូតដល់ថ្ងៃទទួលបានជ័យជម្នះ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ថា ជ័យជម្នះនេះគឺចង់សំដៅទៅលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះទេ ប៉ុន្តែគេដឹងថា លោកស្រីនិយាយក្នុងន័យនេះហើយ។
ដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសរុស្ស៊ី គឺធ្វើឡើងចំពេលប្រទេសលោកខាងលិច ចោទកូរ៉េខាងជើង ថាបានបញ្ជូនទ័ពរាប់ម៉ឺននាក់ ទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន នៅសមរភូមិជួរមុខ។

យ៉ាងណា តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានអះអាងកាលពីថ្ងៃទី២១ខែតុលាហើយថា ខ្លួនមិនបានបញ្ជូនកងទ័ពទៅគាំទ្រយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ហើយការចោទប្រកាន់បែបនេះគឺជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានទាល់តែសោះ។
សូមបញ្ជាក់ថា រុស្ស៊ី-កូរ៉េខាងជើង មានព្រំដែនគោកនិងទំនាក់ទំនងជាប្រវត្តិសាស្ត្រ តាំងពីសម័យសូវៀតមក។ លោកពូទីន ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងឆ្នាំ២០០០ ភ្លាមៗបន្ទាប់ពីក្លាយជាប្រធានាធិបតី ដែលកាលនោះបានជួបជាមួយមេដឹកនាំគីម ជុងអ៊ីល។
សម្ព័ន្ធមិត្តទាំងពីរកាន់តែមានភាពស្និទ្ធស្នាល ក្រោយពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែននៅដើមឆ្នាំ២០២២។ ជាក់ស្តែងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា លោកពូទីននិងមេដឹកនាំគីមជុងអ៊ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយការសន្យាថា បើប្រទេសណាមួយរងការវាយប្រហារ ប្រទេសមួយទៀតត្រូវជួយគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ របាយការណ៍ថ្មីរបស់អាមេរិក បង្ហាញថា ទ័ពកូរ៉េខាងជើង ៨ ០០០នាក់កំពុងនៅព្រំដែនអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ