ព័ត៌មានអន្ដរជាតិ
រវាងលោក ត្រាំ និងលោកស្រី ហារីស មួយណាដែលមេដឹកនាំធំៗលើពិភពលោកពេញចិត្តជាង?
ការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ ដោយក្នុងនោះមានបេក្ខជនចំនួន២រូប គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដែលកំពុងមានសម្លេងគាំទ្រប្រកៀកប្រកិតគ្នាយ៉ាងខ្លាំងពិបាកបែងចែកថាមួយណាមានប្រៀបជាង។
ការបោះឆ្នោតនេះ មិនមែនត្រឹមតែសម្រាប់ប្រជាពលរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏កំពុងត្រូវបានតាមដានដោយពិភពលោកទាំងមូលផងដែរ ព្រោះលទ្ធផលបោះឆ្នោតនៃប្រទេសមហាអំណាចនេះអាចនាំមកនូវការផ្លាស់ប្ដូរជាសកលណាមួយ។
ខាងក្រោមនេះគឺជាប្រតិកម្មមួយចំនួនរបស់មេដឹកនាំពិភពលោក៖
លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី
មេដឹកនាំរុស្ស៊ី ធ្លាប់បានលើកឡើងបែបនិយាយលេងសើចថា លោកប្រហែលជាចង់ឃើញលោកស្រី ហារីស ក្លាយជាប្រធានាធិបតីអាមេរិក។ យ៉ាងណា កន្លងមកមានហេតុផលជាច្រើនចង្អុលបង្ហាញថា លោក ពូទីន មានការពេញចិត្តនឹងលោក ត្រាំ ជាងលោកស្រី ហារីស។
លោក Timothy Ash សហការីក្នុងកម្មវិធីរុស្ស៊ី និងអ៊ីរ៉ាស៊ី នៅស្ថាប័ន Chatham House បានប្រាប់ថា៖ «លោក ពូទីន នឹងចង់ឲ្យលោក ត្រាំ ជាប្រធានាធិបតីសម្រាប់ហេតុផលផ្សេងៗ»។
លោកបានបន្តថា៖ «ជាដំបូង លោក ពូទីន គិតថា លោក ត្រាំ ទន់ភ្លន់ចំពោះរុស្ស៊ី ហើយនឹងបន្តផ្តល់ឲ្យលោកនូវដំណោះស្រាយដ៏ធំមួយលើអ៊ុយក្រែន កាត់ជំនួយយោធាដល់អ៊ុយក្រែន និងដកទណ្ឌកម្មលើរុស្ស៊ី។ ខ្ញុំគិតថា ពូទីន សម្លឹងមើលលោក ត្រាំ ហើយឃើញរូបភាពកញ្ចក់នៃខ្លួនគាត់ ដែលជាអ្នកផ្តាច់ការ និងសង្គមនិយម។ គាត់ទំនងជាគិតថាគាត់យល់ពីលោក ត្រាំ»។
មុនការបោះឆ្នោតឆ្នាំ២០១៦ លោក ពូទីន បានលើកសរសើរលោក ត្រាំ ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថា៖ «គាត់ជាមនុស្សភ្លឺស្វាង និងមានទេពកោសល្យ ដែលមិនអាចប្រកែកបាន»។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា អ្នកវិភាគរុស្ស៊ីនិយាយថា ទោះបីជាអ្នកណាឈ្នះក៏ដោយ មន្ត្រីក្រុងមូស្គូជឿជាក់ថា ការមិនពេញចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ីនឹងនៅតែមានដដែល។
កាលពីខែកញ្ញា លោក ពូទីន បាននិយាយបែបលេងសើចទៅកាន់លោកស្រី ហារីស ដោយពណ៌នាថាលោកស្រីមានរបៀបសើចខុសប្លែកពីគេនិងទាក់ទាញ ហើយលោកបាននិយាយថា លោកស្រី ហារីស ធ្វើការបានល្អ ហើយប្រហែលជាលោកស្រីនឹងមិនដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។
ក្នុងខែតុលាឆ្នាំ២០២៤ ក្នុងអំឡុងពេលបិទកិច្ចប្រជុំកំពូល BRICS លោក ពូទីន បានលើកឡើងថា លោក ត្រាំ «បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ខ្ញុំគិតថាគាត់មានចិត្តស្មោះត្រង់»។
លោក ត្រាំ បានរិះគន់ចំពោះជំនួយដែលសហរដ្ឋអាមេរិកបញ្ជូនទៅកាន់អ៊ុយក្រែនប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី ហើយនិយាយថា លោកនឹង «បញ្ចប់សង្គ្រាម» ភ្លាមៗ បើជាប់ឆ្នោត។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន
មេដឹកនាំចិន លោក ស៊ី ជីនពីង មិនធ្លាប់បានធ្វើការគាំទ្រជាសាធារណៈលើបេក្ខជនប្រធានាធិបតីអាមេរិកមួយណានោះទេ។
ដូចនឹងរុស្ស៊ីដែរ ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានប្រកាន់ជំហរតឹងរ៉ឹងចំពោះចិន។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយដាក់ពន្ធលើការនាំចូលរបស់ចិនចំនួន ២៥០ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ ប្រទេសចិនបានវាយបកវិញ ដោយដាក់ពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកចំនួន ១១០ពាន់លានដុល្លារ។
នៅពេលដែលលោក ចូ បៃដិន មកពីបក្សប្រជាធិបតេយ្យ ក្លាយជាប្រធានាធិបតី លោកបានរក្សាគោលនយោបាយពន្ធរបស់លោក ត្រាំ ដដែល។ ជាងនេះទៅទៀត នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំនេះ រដ្ឋបាលលោក បៃដិន បានប្រកាសដំឡើងពន្ធលើផលិតផលមួយចំនួនដែលផលិតដោយចិន។ ប្រសិនបើលោកស្រី ហារីស ឈ្នះឆ្នោត លោកស្រីត្រូវបានគេរំពឹងថានឹងនៅជាប់នឹងគោលនយោបាយរបស់លោក បៃដិន ចំពោះប្រទេសចិន។
ទាំងលោក ត្រាំ និងលោកស្រី ហារីស មិនបាននិយាយលម្អិតអំពីដំណើរសកម្មភាពរបស់ពួកគេនឹងមានចំពោះប្រទេសចិនឡើយ បើពួកគេជាប់ឆ្នោត។
ទោះបីជាលោក ត្រាំ មានសង្រ្គាមពាណិជ្ជកម្មជាមួយចិនក៏ដោយ ក៏លោកបានអួតពីទំនាក់ទំនងដ៏ល្អជាមួយលោក ស៊ី ជីនពីង។ បន្ទាប់ពីលោក ត្រាំ បានរួចផុតពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី១៤ខែកក្កដាកន្លងទៅ លោកបាននិយាយថា មេដឹកនាំពិភពលោកបានទាក់ទងទៅលោក។ លោកថា៖ «ខ្ញុំបានចុះសម្រុងនឹងលោកប្រធានាធិបតី ស៊ី។ គាត់គឺជាបុរសដ៏អស្ចារ្យម្នាក់ បានសរសេរកំណត់ត្រាដ៏ស្រស់ស្អាតមួយដល់ខ្ញុំកាលពីថ្ងៃមុន នៅពេលដែលគាត់បានឮអំពីអ្វីដែលបានកើតឡើង»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីចិនប្រហែលជាមានទំនោរទៅរកលោកស្រី ហារីស ជាងលោក ត្រាំ បន្តិច។ នេះបើតាមសារព័ត៌មាន NBC News ដែលបានដកស្រង់សម្តីលោក Jia Qingguo អតីតព្រឹទ្ធបុរសនៃសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Peking។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មិនបានគាំទ្រជាសាធារណៈចំពោះបេក្ខជនទាំងពីររូបនោះទេ។ យ៉ាងណា គេជឿជាក់ថា លោកមានទំនោរទៅរកការឈ្នះរបស់លោក ត្រាំ។
លោក Netanyahu និងលោក ត្រាំ មានទំនាក់ទំនងល្អក្នុងអំឡុងអាណត្តិដំបូងរបស់អតីតប្រធានាធិបតីអាមេរិក។ នៅឆ្នាំ២០១៩ នៅឯក្រុមប្រឹក្សាអ៊ីស្រាអែល-អាមេរិក លោក ត្រាំ បាននិយាយថា៖ «រដ្ឋជ្វីហ្វមិនដែលមានមិត្តល្អនៅក្នុងសេតវិមានជាងប្រធានាធិបតីរបស់អ្នកទេ»។
ចំណែកឯលោក Netanyahu នៅក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ២០២០ បានប្រាប់ថា លោក ត្រាំ គឺជា «មិត្តដ៏អស្ចារ្យបំផុតដែលអ៊ីស្រាអែលមិនធ្លាប់មាននៅក្នុងសេតវិមាន»។
ទំនាក់ទំនងរវាងលោក ត្រាំ និងលោក Netanyahu បានល្អក់កករនឹងគ្នា បន្ទាប់ពីលោក បៃដិន បានឈ្នះឆ្នោត។ នៅពេលលោក បៃដិន ស្បថចូលកាន់តំណែង លោក Netanyahu បានផ្ញើសារអបអរសាទរ។ នៅក្នុងបទសម្ភាសន៍មួយ លោក ត្រាំ បាននិយាយថា គាត់មានអារម្មណ៍ត្រូវបានគេក្បត់ ចំពោះទង្វើនេះ។
យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើការព្យាយាមដើម្បីបង្កើតចំណងចាស់ឡើងវិញ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែកក្កដាឆ្នាំនេះ លោក Netanyahu បានទៅជួបលោក ត្រាំ នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋ Florida។
មេដឹកនាំអ៊ីស្រាអែលក៏បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីការភ្ញាក់ផ្អើលអំពីការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ នៅឯការប្រមូលផ្តុំគ្នានៅរដ្ឋ Pennsylvania ក្នុងខែកក្កដា ដែលត្រូវបានបង្ហោះឡើងវិញដោយលោក ត្រាំ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក។
ទន្ទឹមគ្នានេះ រដ្ឋបាលលោក បៃដិន បានបង្ហាញជំនួយការទូត និងយោធាដោយមិនងាករេដល់រដ្ឋាភិបាលរបស់លោក Netanyahu ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សានៅថ្ងៃទី៧ខែតុលាឆ្នាំមុន រដ្ឋាភិបាលរបស់លោក បៃដិន បានបញ្ជូនជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ីស្រាអែល។
លោក បៃដិន បានលើកឡើងថា៖ «គ្មានរដ្ឋបាលណាបានជួយអ៊ីស្រាអែលច្រើនជាងខ្ញុំទេ។ គឺគ្មានទាល់តែសោះ។ ហើយខ្ញុំគិតថា លោក Netanyahu គួរតែចងចាំរឿងនោះ»។
មេដឹកនាំអឺរ៉ុប និងអង្គការណាតូ
មេដឹកនាំអឺរ៉ុបភាគច្រើនពេញចិត្តលោកស្រី ហារីស ជាប្រធានាធិបតីអាមេរិក។
លោក Olaf Scholz អធិការបតីនៃប្រទេសអាឡឺម៉ង់ បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំស្គាល់គាត់ច្បាស់។ គាត់ពិតជានឹងក្លាយជាប្រធានាធិបតីដ៏ល្អម្នាក់»។
លោក ត្រាំ បានគំរាមចាកចេញពីអង្គការណាតូជាច្រើនដង។ យ៉ាងណាមិញ សារព័ត៌មាន Politico បានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិ និងអ្នកជំនាញការពារជាតិរបស់លោក ត្រាំ បាននិយាយថា វាទំនងទៅមិនរួចទេដែលលោកនឹងចាកចេញពីសម្ព័ន្ធភាពនោះ តែការត្អូញត្អែររបស់លោកអំពីអង្គការណាតូនៅតែមានដដែល។ គេរំពឹងថា លោក ត្រាំ នឹងទាមទារឲ្យសម្ព័ន្ធមិត្តណាតូបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ។
លើសពីនេះ ជ័យជម្នះរបស់លោក ត្រាំ អាចមានន័យថា អាមេរិកនឹងមិនសូវមានភាពចុះសម្រុងជាមួយបណ្តាប្រទេសអឺរ៉ុបលើកិច្ចសហការសម្រាប់គំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ។
នេះគឺដោយសារតែលោក ត្រាំ ធ្លាប់បានធ្វើយុទ្ធនាការសម្រាប់ការផលិតឥន្ធនៈហ្វូស៊ីលបន្ថែមទៀត ដើម្បីឲ្យសហរដ្ឋអាមេរិកកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស។
ផ្ទុយទៅវិញ លោកស្រី ហារីស ទំនងជានឹងបន្តជាមួយនឹងច្បាប់កាត់បន្ថយអតិផរណារបស់លោក បៃដិន និងផែនការផ្លាស់ប្តូរថាមពលស្អាត ដោយបង្កើតឱកាសដើម្បីសហការជាមួយអឺរ៉ុប។
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានមានទំនាក់ទំនងជិតស្និទ្ធជាមួយទាំងបេក្ខជនបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យនៅអាមេរិក។
លោក Chietigj Bajpaee អ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់កម្មវិធីអាស៊ីខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិក នៅស្ថាប័ន Chatham House បានប្រាប់ថា៖ «ខ្ញុំមិនជឿថា លោក Modi មានចំណូលចិត្តខ្លាំងសម្រាប់បេក្ខជនម្នាក់ជាងបេក្ខជនម្នាក់ទៀតនោះទេ»។
លោក Bajpaee បានសរសេរថា សសរស្តម្ភសំខាន់បីនៃការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌាគឺ ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក ដែលសហរដ្ឋអាមេរិកមើលឃើញថាឥណ្ឌាគឺជាអ្នករារាំងប្រឆាំងនឹងប្រទេសចិន និងជាប្រទេសសេដ្ឋកិច្ចដ៏មានសក្តានុពលលឿន។
លោក Michael Kugelman នាយកវិទ្យាស្ថាន Wilson Center ដែលមានមូលដ្ឋាននៅទីក្រុង Washington DC នៃវិទ្យាស្ថានអាស៊ីខាងត្បូង បានប្រាប់ថា រដ្ឋាភិបាលឥណ្ឌានឹងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិសម្រាប់បេក្ខជនទាំងពីរ។
កូរ៉េខាងត្បូង
កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក។ ទោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol មិនបានបង្ហាញការគាំទ្រចំពោះបេក្ខជនមួយរូបណាក៏ដោយ ក៏ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរីកចម្រើនក្រោមការដឹកនាំរបស់លោក បៃដិន។
ការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងខែកញ្ញាដោយក្រុមអ្នកវិភាគអាមេរិក Brookings បាននិយាយថា ក្នុងអំឡុងពេលរដ្ឋបាលលោក ត្រាំ «ប្រជាជនកូរ៉េខាងត្បូងមានការស្រងាកចិត្តចំពោះការចោទប្រកាន់ថា ពួកគេមិនបានរួមចំណែកគ្រប់គ្រាន់ដល់ការការពាររបស់ពួកគេ និងដល់ការថែរក្សាកងកម្លាំងរបស់សហរដ្ឋអាមេរិក ទោះបីជាមានការផ្តល់កម្លាំងប្រយុទ្ធជួរមុខភាគច្រើនប្រឆាំងនឹងកូរ៉េខាងជើងក៏ដោយ»។
ម៉្យាងវិញទៀត «រដ្ឋបាលលោក បៃដិន វិញ បានធ្វើតិចតួចប៉ុណ្ណោះ ដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែ អាមេរិកបានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគីរវាងទីក្រុងវ៉ាស៊ីនតោន តូក្យូ និងទីក្រុងសេអ៊ូល»។ នេះបើយោងតាមលោក Edward Howell សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Oxford។
លោក Howell បានបន្ថែមថា កូរ៉េខាងត្បូងនឹងចង់ធ្វើឲ្យប្រាកដថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសរបស់ខ្លួន មិនបាត់បង់នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីបន្ទាប់ឡើយ «នៅពេលដែលតំបន់អាស៊ីបូព៌ាមិនត្រឹមតែប្រឈមមុខនឹងការគំរាមកំហែងពីនុយក្លេអ៊ែរកូរ៉េខាងជើងប៉ុណ្ណោះទេ តែថែមទាំងប្រទេសចិនដែលកាន់តែមានការបង្ខិតបង្ខំ និងបះបោរ»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់