ព័ត៌មានអន្ដរជាតិ
ស្ត្រីអ៊ីរ៉ង់ម្នាក់ត្រូវឃុំខ្លួន ក្រោយតវ៉ាដោយដោះសំលៀកបំពាក់នៅសាកលវិទ្យាល័យក្នុងទីក្រុង Tehran
និស្សិតស្រីម្នាក់បានដោះសម្លៀកបំពាក់របស់នាងនៅខាងក្រៅសាកលវិទ្យាល័យក្នុងប្រទេសអ៊ីរ៉ង់ ខណៈនិស្សិត និងក្រុមសិទ្ធិមនុស្សមួយចំនួនថា វាជាការតវ៉ាប្រឆាំងនឹងច្បាប់លៀកបំពាក់អ៊ីស្លាមដ៏តឹងរ៉ឹងរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ខែវិច្ឆិកានេះ។

វីដេអូមួយដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងត្រូវបានចែករំលែកដោយអង្គការសិទ្ធិមនុស្ស Amnesty International បង្ហាញស្ត្រីរូបនោះអង្គុយនៅខាងក្រៅសាកលវិទ្យាល័យដោយស្លៀកតែខោក្នុងនិងអាវក្នុង។ ចំណែកវីដេអូមួយទៀតបង្ហាញនាងដើរតាមផ្លូវមួយ មុនពេលមានបុរសមួយក្រុមមកឡោមព័ទ្ធ ចាប់នាងដាក់ក្នុងឡាន រួចបើកឡាននោះចេញទៅ។
អង្គការលើកលែងទោសបាននិយាយកាលពីថ្ងៃសៅរ៍ថា ស្ត្រីរូបនេះត្រូវបាន «ចាប់ខ្លួនដោយហិង្សា» បន្ទាប់ពីនាងបានតវ៉ាចំពោះច្បាប់សំលៀកបំពាក់នៅសាកលវិទ្យាល័យអ៊ីស្លាម Azad នៃទីក្រុងTehran។ ស្ត្រីរូបនេះធ្លាប់ត្រូវបានយាយីដោយសមាជិកនៃក្រុម Basij ដែលជាក្រុមទាហានស្ម័គ្រចិត្តអ៊ីរ៉ង់ ដោយសមាជិកនៃកម្លាំងបានហែកក្រមារបស់នាង និងហែកសម្លៀកបំពាក់របស់នាងនៅខាងក្នុងបរិវេណសាកលវិទ្យាល័យ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់និស្សិតអ៊ីរ៉ង់។
អង្គការលើកលែងទោសបានអំពាវនាវឱ្យមានការដោះលែងស្រ្តីរូបនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទាមទារឱ្យនាងត្រូវបានផ្តល់សិទ្ធិឱ្យជួបគ្រួសារ និងមេធាវីរបស់នាង។ ចំណែកនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់សាកលវិទ្យាល័យក៏បានឲ្យដឹងដែរថា ស្ត្រីរងគ្រោះមានបញ្ហាសុខភាពផ្លូវចិត្ត។ លើសពីនេះអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Xថា «ការចោទប្រកាន់ពីការវាយដំ និងអំពើហិង្សាផ្លូវភេទលើនាងអំឡុងពេលចាប់ខ្លួន ត្រូវការការស៊ើបអង្កេតដោយឯករាជ្យ និងមិនលំអៀង»។

គួរបញ្ជាក់ថាស្ត្រីអ៊ីរ៉ង់អាចទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ សូម្បីតែការរំលោភបំពានតិចតួចក៏ដោយ។ ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ២០២២ប្រឆាំងនឹងច្បាប់សំលៀកបំពាក់បន្ទាប់ពីការស្លាប់របស់ Mahsa Amini ស្ត្រីអាយុ ២២ ឆ្នាំដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសបន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាមិនបានពាក់កន្សែងរុំក្បាលឱ្យបានត្រឹមត្រូវ។ ការបង្ក្រាបដោយហិង្សាជាបន្តបន្ទាប់ដោយរបបអ៊ីរ៉ង់បានសម្លាប់មនុស្សរាប់រយនាក់។ ចាប់តាំងពីពេលនោះមក ស្ត្រីអ៊ីរ៉ង់ជាច្រើននាក់បានធ្វើការតវ៉ាដោយដោះក្រមានៅទីសាធារណៈ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៥ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា