ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមបញ្ជូនពលករ ៨០០នាក់ទៅអ៊ីស្រាអែល ទោះទីនោះកំពុងកើតសង្គ្រាម
ពលករថៃចំនួន ៨០០នាក់ នឹងត្រូវបញ្ជូនទៅប្រទេសអ៊ីស្រាអែល នៅក្នុងខែវិច្ឆិកានេះ បើទោះជានៅទីនោះកំពុងកើតមានជម្លោះប្រដាប់អាវុធក៏ដោយ។ លោក Somchai Morakotsriwan ប្រធាននាយកដ្ឋានការងារថៃ បានប្រាប់កាលពីថ្ងៃចន្ទថា ប្រជាជនថៃបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេសម្រាប់ការងារនៅអ៊ីស្រាអែល។

លោក Somchai បានបញ្ជាក់ថា ពលករទាំងនោះនឹងត្រូវដាក់ឲ្យធ្វើការនៅតំបន់មានសុវត្ថិភាព ដោយជៀសវាងការបញ្ជូនទៅកាន់តំបន់ជម្លោះដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ លោកបន្តថា បើជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា កើនឡើងខ្លាំងជាងមុនទៀត នោះរដ្ឋាភិបាលនឹងរៀបចំគម្រោងជម្លៀសពលករទៅកាន់ទីកន្លែងសុវត្ថិភាព ដោយនិយាយថា តំណាងរបស់ក្រសួងការងារថៃ បានទាក់ទងទៅមន្ត្រីទូតអ៊ីស្រាអែលនៅបាងកករួចហើយអំពីការពិភាក្សាលើបញ្ហាមួយនេះ។
ពេលត្រូវគេនាំសួរថាតើការសម្រេចចិត្តនេះនឹងប៉ះពាល់ដល់អាយុជីវិតពលករដែរឬក៏អត់ លោក Somchai បានប្រាប់ថា ទោះមានការផ្អាកការបញ្ជូនពលករ ក៏មិនបានន័យថា ពួកគេមានសុវត្ថិភាពនោះទេ ដោយហេតុថា ពួកគេពិតជាចង់ទៅធ្វើការនៅទីនោះ ដូច្នេះពួកគេនឹងស្វែងរកគ្រប់វិធីទៅដោយខ្លួនឯង ហើយបង្កជាផលវិបាកដល់រដ្ឋាភិបាលក្នុងការតាមដាន និងការពារពួកគេ។
លោក Marius Savescu ទីភ្នាក់ងារជ្រើសរើសបុគ្គលិកអ៊ីស្រាអែល បាននិយាយថា ក្រុមហ៊ុនអ៊ីស្រាអែលបច្ចុប្បន្នកំពុងត្រូវការពលករចំនួនប្រហែល ២ ០០០នាក់ សម្រាប់ធ្វើការជាជាងឈើ ជាងដែក និងកម្មករសំណង់។ ភាគច្រើននៃក្រុមហ៊ុនទាំងនោះ រើសបេក្ខជនភេទប្រុសអាយុចន្លោះពី ២៥ឆ្នាំដល់៤៥ឆ្នាំ។ លោក Savescu បានបន្តថា អ៊ីស្រាអែលនឹងមានតម្រូវការពលករច្រើនទៀតក្នុងចំនួន ៣ ០០០ ទៅ ៤ ០០០នាក់ មុនដំណាច់ឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៥ តម្រូវការនេះនឹងកើនឡើងដល់ ១ម៉ឺននាក់។
កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ជនជាតិថៃ ៤១នាក់គឺស្ថិតនៅក្នុងចំណោមមនុស្សចំនួន ១ ២០០នាក់ដែលត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលបើកការវាយឆ្មក់នៅលើទឹកដីអ៊ីស្រាអែល។ បន្ថែមពីនេះ ជនជាតិថៃ ៣១នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយបច្ចុប្បន្នគេជឿថា ជនជាតិថៃប្រហែល ៦នាក់កំពុងជាប់ឃុំឃាំងនៅឡើយ។
មុនសង្គ្រាម ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ បានធ្វើការនៅប្រទេសអ៊ីស្រាអែល ដោយភាគច្រើនស្ថិតនៅក្នុងវិស័យកសិកម្ម។ ប្រជាជនថៃជាច្រើន ជាពិសេសអ្នកនៅតាមតំបន់ជនបទភាគឦសានប្រទេស មានបំណងចង់ស្វែងរកការងារធ្វើនៅអ៊ីស្រាអែល ក៏ព្រោះតែនៅទីនោះអាចទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់ដោះបំណុល ដែលការជំពាក់បំណុលនេះគឺជាបញ្ហាសេដ្ឋកិច្ចលំដាប់ថ្នាក់ទី២ចំពោះមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ពលករថៃចាប់ផ្ដើមធ្វើចំណាកស្រុកទៅកាន់ប្រទេសអ៊ីស្រាអែល តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ មុនកិច្ចព្រមព្រៀងជាផ្លូវការរវាងរដ្ឋាភិបាលប្រទេសទាំង២កាលពីឆ្នាំ២០១១ទៅទៀត។ សព្វថ្ងៃ កម្រៃប្រចាំខែរបស់ពលករថៃនៅអ៊ីស្រាអែល អាចទទួលបានចន្លោះពី ២១០០ដុល្លារ ដល់ជាង ៣២០០ដុល្លារ។ ក្រុមពលករថៃ បានអះអាងថា កម្រៃប៉ុណ្ណឹងគឺច្រើនជាងការរកចំណូលនៅប្រទេសកំណើតពួកគេដល់ទៅ ៧ ឬ ៨ដងឯណោះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ