ព័ត៌មានអន្ដរជាតិ
ទ័ពរុស្ស៊ី និងកូរ៉េខាងជើង ៥០ ០០០នាក់ ត្រៀមវាយដណ្ដើមយកតំបន់ Kursk ពីអ៊ុយក្រែនវិញ
ទាំងមន្ត្រីអាមេរិក និងអ៊ុយក្រែន បានប្រាប់ថា យោធារុស្ស៊ីបានប្រមូលផ្តុំកម្លាំងទាហានចំនួន ៥០ ០០០នាក់ ក្នុងនោះមានទាំងទាហានកូរ៉េខាងជើងផងដែរ ត្រៀមចាប់ផ្តើមការវាយលុក ក្នុងគោលបំណងដណ្តើមយកមកវិញនូវទឹកដីតំបន់ Kursk ដែលកំពុងកាន់កាប់ដោយអ៊ុយក្រែន។

អាមេរិក បានប៉ាន់ស្មានថា ការប្រមូលផ្ដុំកម្លាំងទាហាននេះ គឺរុស្ស៊ីមិនបានដកទាហាននៅជួរមុខរបស់ខ្លួនចេញពីភាគខាងកើតប្រទេសអ៊ុយក្រែន ដែលជាអាទិភាពសមរភូមិដ៏សំខាន់របស់ខ្លួននោះទេ ពោលគឺរុស្ស៊ីនឹងដាក់សម្ពាធលើរណសិរ្សជាច្រើនចំពោះទីក្រុងកៀវក្នុងពេលដំណាលគ្នាតែម្ដង។
មន្ត្រីអាមេរិក បានបន្តថា ទាហានរុស្ស៊ីបាននិងកំពុងវាយដណ្តើមយកមកវិញនូវទឹកដីមួយចំនួនដែលអ៊ុយក្រែនដណ្តើមបាននៅតំបន់ Kursk ក្នុងឆ្នាំនេះ ដោយប្រើមីស៊ីល និងកាំភ្លើងធំ ប៉ុន្តែពួកគេមិនទាន់បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំនៅទីនោះនៅឡើយទេ។
មន្ត្រីអ៊ុយក្រែន បាននិយាយថា ពួកគេរំពឹងថានឹងមានការវាយប្រហារបែបនេះ ដែលមានការចូលរួមពីទាហានកូរ៉េខាងជើង នៅប៉ុន្មានថ្ងៃខាងមុខ ខណៈទាហានកូរ៉េខាងជើងកំពុងហ្វឹកហាត់ជាមួយកងកម្លាំងរុស្ស៊ីនៅភាគខាងលិចនៃតំបន់ Kursk ។
ការត្រៀមវាយលុករបស់រុស្ស៊ី និងកូរ៉េខាងជើង កើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) ត្រៀមចូលកាន់តំណែងជាថ្មីជាមួយនឹងគោលដៅ ដែលធ្លាប់បញ្ជាក់ក្នុងការបញ្ចប់សង្រ្គាមឲ្យបានឆាប់រហ័ស។ លោក ត្រាំ បាននិយាយតិចតួចអំពីរបៀបដែលគាត់នឹងដោះស្រាយជម្លោះ ប៉ុន្តែអនុប្រធានាធិបតីរបស់លោក គឺលោក JD Vance បានគូសបញ្ជាក់អំពីផែនការដែលនឹងអនុញ្ញាតឲ្យរុស្ស៊ីរក្សាទឹកដីដែលខ្លួនបានរឹបអូសនៅក្នុងប្រទេសអ៊ុយក្រែន។
មន្ត្រីយោធា និងចារកម្មអាមេរិកមួយចំនួន បានបង្កើនភាពទុទិដ្ឋិនិយមបន្ថែមទៀតអំពីទស្សនវិស័យទាំងមូលរបស់អ៊ុយក្រែន ដោយកត់សម្គាល់ថា រុស្ស៊ីទទួលបានដីជាបន្តបន្ទាប់ ទាំងនៅតំបន់ Kursk និងនៅភាគខាងកើតអ៊ុយក្រែន។ ក្រុមមន្ត្រី បាននិយាយថា ការធ្លាក់ចុះនេះគឺជាលទ្ធផលមួយផ្នែកនៃការបរាជ័យរបស់អ៊ុយក្រែនក្នុងការដោះស្រាយបញ្ហាកង្វះខាតដ៏សំខាន់នៅក្នុងកងកម្លាំងរបស់ខ្លួន។
ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន (Joe Biden) បានគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន ដោយជំរុញឲ្យសភាអនុម័តជំនួយរាប់ពាន់លានដុល្លារ និងមានភ្នាក់ងារយោធា ព្រមទាំងចារកម្មអាមេរិក ផ្តល់ការស៊ើបការណ៍សម្ងាត់ ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធនឹងសង្រ្គាម។
មន្ត្រីលោកខាងលិចសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ថា ការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk កាលពីខែសីហា បានកាត់បន្ថយកម្លាំងរបស់ខ្លួននៅទូទាំងសមរភូមិភាគខាងកើតអ៊ុយក្រែន ដោយទុកឲ្យពួកគេងាយរងគ្រោះដោយសារការវាយប្រហារយ៉ាងឆាប់រហ័សរបស់រុស្ស៊ី។ យ៉ាងណាមិញ មន្ត្រីនោះ និងមន្ត្រីអាមេរិក បាននិយាយដូចគ្នាថា អ៊ុយក្រែននៅតែមានការការពារដ៏រឹងមាំនៅក្នុងតំបន់ Kursk ហើយប្រហែលជាអាចទប់ទល់បានយ៉ាងហោចណាស់មួយរយៈពេលទៀត។
សូមបញ្ជាក់ថា លោកខាងលិច និងអ៊ុយក្រែន បានលើកឡើងថា វត្តមានរបស់កងកម្លាំងកូរ៉េខាងជើង គឺជាការកើនឡើងកម្ដៅនៃជម្លោះដ៏សំខាន់មួយ បន្ទាប់ពីសង្រ្គាមជាងពីរឆ្នាំកន្លងមកនេះ។ អាមេរិក បានបង្ហើបថា កូរ៉េខាងជើង បានបញ្ជូនកងកម្លាំងច្រើនជាង ១ម៉ឺននាក់ឲ្យជួយរុស្ស៊ីប្រយុទ្ធនៅតំបន់ Kursk។ ទាហានកូរ៉េខាងជើងទាំងនោះ បានបន្លំស្លៀកពាក់នៅក្នុងឈុតឯកសណ្ឋានជាទាហានរុស្ស៊ី ហើយរុស្ស៊ីបានបំពាក់ពួកគេជាមួយកាំភ្លើងយន្ត កាំភ្លើងលបបាញ់ មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់បែកដៃ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ