ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបង្កើនការប្រយុទ្ធ បដិសេធបានសន្ទនាជាមួយត្រាំ ខណៈសង្គ្រាមរំកិលទៅរក១០០០ថ្ងៃ
ខណៈសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី រំកិលទៅរករយៈពេល១០០០ថ្ងៃនៅសប្តាហ៍ក្រោយ និងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ លើការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដោយសារយកការសន្យាបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះ ពេលនេះរុស្ស៊ីបានបង្កើនការប្រយុទ្ធយ៉ាងខ្លាំង ព្រមទាំងបដិសេធការជួបសន្ទនាដែលធ្លាប់បានអះអាងដោយភាគីអាមេរិក។

ដោយមិនត្រឹមតែមិនទុកចិត្ត រុស្ស៊ីមិនបង្អង់ដៃក្នុងការប្រយុទ្ធនៅអ៊ុយក្រែនប៉ុណ្ណោះទេ មេដឹកនាំអឹរ៉ុបជាច្រើនហាក់មិនបង្ហាញជំនឿលើលោក ដូណាល់ ត្រាំ ក្នុងការរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែនឡើយដោយសារតែការទោរទន់ទៅរកភាគីរុស្ស៊ី។
១សប្តាហ៍ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិកដែលលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសម័យកាលសង្គ្រាមដ៏ខ្លាំងក្លានៅអ៊ុយក្រែននិងនៅតំបន់មជ្ឈិមបូព៌ា រុស្ស៊ីបានបង្កើនការវាយប្រហារនៅតំបន់ភាគខាងកើតអ៊ុយក្រែន។
សេចក្តីរាយការណ៍បានឱ្យដឹងថា រុស្ស៊ីបង្កើនការផ្លោងដាក់ទីក្រុង Nikopol នៅភាគកណ្តាលអ៊ុយក្រែន ដោយសម្លាប់មនុស្ស២នាក់និងរបួស៥នាក់។ ស្ត្រីម្នាក់ក៏ត្រូវបានសម្លាប់និង១៤នាក់រងរបួសក្នុងការបាញ់មីស៊ីលរបស់រុស្ស៊ីត្រូវលើអគារលំនៅឋាន១កន្លែងនៅ តំបន់ Kryvyi Rih នៅទីក្រុងភាគកណ្តាលនោះដែរ។
ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីក៏ត្រូវបានរាយការណ៍ថា បានដណ្តើមកាន់កាប់តំបន់លំនៅឋាន Kolisnykivka ក្នុងតំបន់ខាកៀវស្ថិតនៅភាគខាងកើតរុស្ស៊ី។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនជាមួយនឹងគ្រាប់ច្រើនជាង ៩៨០០០០គ្រាប់សម្រាប់សង្គ្រាម ហើយគ្រោងនឹងអនុម័តផ្គត់ផ្គង់ចំនួន១លានគ្រាប់នៅចុងឆ្នាំនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី ឬដែលគេស្គាល់ថា «វិមានក្រឹមឡាំង» លោក Dmitry Peskov បានចេញមុខច្រានចោលសេចក្តីរាយការណ៍ដែលថា លោក វ៉្លាឌីមៀ ពូទីន បានជួបសន្ទនាជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពោលគឺ១ថ្ងៃក្រោយដឹងថា លោក ដូណាល់ ត្រាំ ជាប់ឆ្នោតនៅសហរដ្ឋអាមេរិក។
លោក Peskov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដូចនិយាយថា៖«គ្មានការសន្ទនាគ្នានោះទេ! នេះមិនពិតទល់តែសោះ។ វាជារឿងប្រឌិតទេ»។
សារព័ត៌មានលោកខាងលិច មាន Washington Post នាំមុខគេ បានផ្សាយថា លោក ដូណាល់ ត្រាំ បានប្រាប់ទៅលោក ពូទីន មិនឱ្យបង្កើនសកម្មភាពសង្គ្រាមនៅអ៊ុយក្រែន។ តាមសេចក្តីរាយការណ៍នោះ ការជួបសន្ទនារវាងកំពូលមេដឹកនាំទាំងពីរ ក៏ត្រូវបានចូលរួមដោយ Elon Musk ដែលជាអ្នកជំនួញ និងជាអ្នកមានឥទ្ធិពលក្នុងការជំរុញការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ។
លោក Peskov បានលើកឡើងពីសេចក្តីរាយការណ៍របស់ Washington Post និង Reuter អំពីការសន្ទនាទូរស័ព្ទនោះថាជារបៀបដែលសារព័ត៌មានលោកខាងលិចធ្វើឡើង សូម្បីតែសារព័ត៌មានដែលទទួលបានការគោរពខ្លាំង។

ក្នុងអំឡុងពេលដែលព័ត៌មានអំពីលោក ដូណាល់ ត្រាំ ដែលត្រូវរំពឹងយ៉ាងទូលំទូលាយថា លោកអាចរកដំណោះស្រាយដល់សង្គ្រាមនៅអ៊ុយក្រែនបាន សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅអឺរ៉ុបហាក់មិនទាន់ជឿជាក់នៅឡើយ ហើយបន្តគាំទ្រអ៊ុយក្រែនលើមធ្យោបាយការពារខ្លួន។
ទាំងប្រធានាធិបតីបារាំង Emmanuel Macron និង នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានអះអាងជាថ្មីចំពោះការគាំទ្ររបស់ពួកគេសម្រាប់ប្រទេសអ៊ុយក្រែន ខណៈមេដឹកនាំអឺរ៉ុបជាច្រើនទៀត រួមមាន មេដឹកនាំអាល្លឺម៉ង់ជាដើមក៏បានបង្ហាញជំហរដូចគ្នានេះ។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បានអះអាងថា កងកម្លាំងរបស់លោក បានប្រយុទ្ធជាមួយទ័ពសត្រូវប្រហែល៥០០០០នាក់នៅតំបន់ Kursk ក្នុងទឹកដីរុស្ស៊ីដែលកងទ័ពអ៊ុយក្រែនវាយលុកលុយចូលចាប់ពីដើមខែកញ្ញាមកនោះ។
ចំណែក Elina Valtonen រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ដែលជាប្រទេសចូលសមាជិករបស់អង្គការណាតូនៅក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន បាននិយាយថា ការបង្ខំដាក់អ៊ុយក្រែនឲ្យនៅអព្យាក្រឹតនឹងមិននាំមកនូវដំណោះស្រាយសន្តិភាពចំពោះវិបត្តិជាមួយរុស្ស៊ីទេ ដោយអះអាងថា ទីក្រុងមូស្គូមិនអាចទុកចិត្តចំពោះការប្រកាន់យកកិច្ចព្រមព្រៀងដែលចុះហត្ថលេខានោះទេ។
ហេតុការណ៍សង្គ្រាមនៅអ៊ុយក្រែន អាចត្រូវបានចាត់ទុកថាជាកត្តាស្នូលតែមួយគត់ដែលធ្វើឲ្យលោក ដូណាល់ ត្រាំ មានឱកាសឈ្នះឆ្នោតនិងអាចវិលត្រឡប់ទៅដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់អាណត្តិទី២របស់លោកឡើងវិញ។
សារនយោបាយសន្យាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលនឹងកាត់បន្ថយការប្រឈមដោយផ្ទាល់ជាមួយរុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរ បានធ្វើឱ្យ លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតច្រើនលើសលប់ដោយមិននឹកស្មានដល់ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតនៅសហរដ្ឋអាមេរិក ជាពិសេសការឈ្នះនៅក្នុងរដ្ឋប្រទាញប្រទង់ (Swing States) ទាំងអស់នៅក្នុងអាណត្តិប្រធានាធិបតីទី៤៧នេះ៕
ដោយ រ៉ាន់ រើយ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ