ព័ត៌មានអន្ដរជាតិ
មេដឹកនាំអឺរ៉ុបសំខាន់ៗបង្ហាញជំហរសាមគ្គីគ្នាចំពោះអ៊ុយក្រែន ទោះបីអាមេរិកទន់ជំហរ
មេដឹកនាំសហភាពអឺរ៉ុប (EU) បានចំណាយពេលច្រើនសម្រាប់ការពិភាក្សាអំពីសន្តិសុខទ្វីបនេះ បន្ទាប់ពីការជាប់ឆ្នោតជាថ្មីរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា មានជំហរគាបសង្កត់អ៊ុយក្រែនឱ្យទទួលយកលក្ខខណ្ឌងាយៗជាថ្នូរបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជិត១០០០ថ្ងៃ។

បណ្តាមេដឹកនាំសំខាន់ៗរបស់អឺរ៉ុប បានបង្ហាញជំហររឹងមំាជាងមុនក្នុងការគាំទ្រអ៊ុយក្រែនក្នុងកាលៈទេសៈដ៏លំបាកក្នុងការដែលអាចបាត់បង់ជំហរគាំទ្រពីសហរដ្ឋអាមេរិកដែលស្ថិតក្នុងអន្តរកាលនៃការផ្លាស់ប្តូរអំណាចពីរដ្ឋបាល របស់ប្រធានាធិបតី ចូ បៃដិន ទៅប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។
ក្តីកង្វល់ធំបំផុតរបស់អ៊ុយក្រែនគឺការបាត់បង់ការគាំទ្ររបស់សហរដ្ឋអាមេរិក ព្រោះថាសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន ជាអ្នកផ្គត់ផ្គង់ទាំងយុទ្ធោបករណ៍ និងហិរញ្ញវត្ថុដ៏សំខាន់បំផុតដល់រដ្ឋាភិបាលអ៊ុយក្រែន។
ប៉ុន្តែការជាប់ឆ្នោតប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ សម្រាប់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ពីដើមឆ្នំា២០២៥រហូតដល់ឆ្នាំ២០២៨ គឺអាចជារឿងផ្សេងសម្រាប់អ៊ុយក្រែន ព្រោះថា លោកដូណាល់ ត្រាំ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតតែងប្រើវោហារស័ព្ទបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ីត្រឹមរយៈពេល១ថ្ងៃក្រោយឈ្នះឆ្នោត ហើយពេលខ្លះទៀត លោកថែមទាំងព្រលយពាក្យឲ្យអ៊ុយក្រែនកាត់ទឹកដីដែលរុស្ស៊ីកាន់កាប់នោះឱ្យរុស្ស៊ីជាថ្នូរកិច្ចព្រមព្រៀងសន្តិភាព។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងកិច្ចប្រជុំសន្តិសុខអឺរ៉ុបកាលចុងសប្តាហ៍កន្លងទៅនេះ បាននិយាយថា ការជាប់ឆ្នោតឡើងវិញរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក បានបង្កើតនូវ «ស្ថានភាពថ្មី» សម្រាប់អឺរ៉ុប។
កាលពីដើមខែកក្កដាឆ្នាំ២០២៤នេះ នាយករដ្ឋមន្ត្រីហុងគ្រីបានចំណាយពេលទៅទស្សនកិច្ចនៅទីក្រុងមូស្គូ ដោយបង្កការខឹងសម្បារដល់មេដឹកនាំអឺរ៉ុបជាច្រើន ព្រមទាំងព្រមានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុបនៅឆ្នាំនេះទៀតផង។
ក្នុងកិច្ចប្រជុំនៅទីក្រុង Budapest កាលពីថ្ងៃទី៨ខែវិច្ឆិកា លោក Viktor Orban ប្រាប់មេដឹកនាំសំខាន់ៗរបស់សហភាពអឺរ៉ុបថា ទ្វីបនេះមិនអាចផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនៅអ៊ុយក្រែនតែម្នាក់ឯងបានទេ។

មេដឹកនាំសហភាពអឺរ៉ុបបានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលត្រូវបានប្រារព្ធឡើងដើម្បីពិភាក្សាអំពីសន្តិសុខនៃទ្វីបអឺរ៉ុប និងសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការសង្ស័យលើការបន្តគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសអ៊ុយក្រែនដែលកំពុងប្រយុទ្ធ និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះការការពារសមូហភាពរបស់អង្គការណាតូ។
ប៉ុន្តែអធិការបតីអាល្លឺម៉ង់ Olaf Scholz ដែលប្រទេសរបស់គាត់គឺជាអ្នកគាំទ្រអឺរ៉ុបដ៏សំខាន់សម្រាប់ផ្តល់ជំនួយដល់អ៊ុយក្រែន បានបញ្ជាក់ឡើងវិញនូវជំហរមិនផ្លាស់ប្តូររបស់ប្លុកអឺរ៉ុប។ លោកបាននិយាយថា «រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនហើយកំពុងបន្តសង្រ្គាមនេះជាមួយនឹងភាពឃោរឃៅដែលមិនផ្លាស់ប្តូរ»។
មេដឹកនាំអាល្លឺម៉ង់ បានបន្តថា៖«សំណួរមួយគឺច្បាស់ណាស់៖ រួមគ្នាក្នុងនាមជាសហភាពអឺរ៉ុប ក្នុងនាមជាអឺរ៉ុប យើងត្រូវតែធ្វើអ្វីដែលចាំបាច់សម្រាប់សន្តិសុខរបស់យើង។ នេះនឹងទទួលបានជោគជ័យជាពិសេសប្រសិនបើមនុស្សគ្រប់គ្នាធ្វើការរួមចំណែករបស់ពួកគេ»។
នៅពេលមកដល់កិច្ចប្រជុំកំពូលនៅទីក្រុង Budapest ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ក៏បានបញ្ជាក់សារជាថ្មីអំពីការគាំទ្រដ៏រឹងមាំរបស់ប្លុកសម្រាប់អ៊ុយក្រែន។
លោក Michel បាននិយាយថា៖«យើងត្រូវពង្រឹងអ៊ុយក្រែន ដើម្បីគាំទ្រអ៊ុយក្រែន ពីព្រោះប្រសិនបើយើងមិនគាំទ្រអ៊ុយក្រែន នេះគឺជាសញ្ញាខុស ដែលយើងផ្ញើទៅកាន់លោកពូទីន ប៉ុន្តែក៏មានចំពោះរបបផ្តាច់ការមួយចំនួនទៀតនៅទូទាំងពិភពលោក»។
ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក៏បានបង្ហាញជំហរគាំទ្រអ៊ុយក្រែនយ៉ាងម៉ឹងម៉ាត់នៅចំពោះមុខភាពមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក។ អគ្គលេខាធិការរបស់អង្គការណាតូ លោក Mark Rutte ក៏បានបង្ហាញគោលជំហររឹងមាំក្នុងការគាំទ្រអ៊ុយក្រែន ខណៈដែលមេដឹកនាំប្រទេសនៅអឺរ៉ុបខាងកើត មានប៉ូឡាញ និង ហ្វាំងឡង់ជាដើម សុទ្ធតែបង្ហាញការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែនក្នុងស្ថានភាពដែលអាមេរិកស្ថិតនៅជំហរអន្តរកាល។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រហូតដល់ពេលនេះ សហភាពអឺរ៉ុបបានផ្តល់ជំនួយទឹកប្រាក់ជិត១៦០ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយទឹកប្រាក់ជាង៨៨ពាន់លានដុល្លារជាជំនួយមនុស្សធម៌ ទឹកប្រាក់ជាង១៨ពាន់លានដុល្លារសម្រាប់ជំនួយដល់ជនភៀសខ្លួន។ ទឹកប្រាក់ជំនួយពីសហរដ្ឋអាមេរិកមានជាង១៧០ពាន់លានដុល្លារដោយភាគច្រើនជាជំនួយសព្វាវុធ៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច