ព័ត៌មានអន្ដរជាតិ
តើជាសញ្ញានៃសង្គ្រាមលោកលើកទី៣ ឬធ្វើឲ្យមានតុល្យភាពចរចាបញ្ចប់សង្គ្រាម?
ក្រោយលោកដូណាល់ ត្រាំ ដែលសន្យាបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ីក្នុងរយៈពេលដ៏ខ្លី ឈ្នះឆ្នោតអាមេរិកកាលពីដើមខែវិច្ឆិកានេះភ្លាម រុស្ស៊ីបង្កើនការវាយលុកលើអ៊ុយក្រែនយ៉ាងចាស់ដៃដែលទំនងបង្ខំឲ្យអ៊ុយក្រែនប្រកាសចុះចាញ់សង្គ្រាម ដោយសារខ្វះការគាំទ្រពីសម្ព័ន្ធរបស់ខ្លួន។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ មហាអំណាចបស្ចឹមប្រទេសបានបង្កើនការដាក់សម្ពាធដល់រុស្ស៊ីវិញម្តងដោយអនុញ្ញាតឲ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធរបស់ពួកគេបាញ់ចូលទឹកដីរុស្ស៊ីដែលប្រធានាធិបតី វ៉្លាឌីមៀ ពូទីន តែងតែងព្រមានពីការប្រឈមដោយផ្ទាល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
ការអនុញ្ញាតឲ្យប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់បស្ចឹមប្រទេសនៅពេលនេះ ទំនងជាការប្រយុទ្ធចុងក្រោយមុនសង្គ្រាមឈានដល់ទីបញ្ចប់នៅឆ្នាំ២០២៥ ដែលទាំងប្រធានាធិបតី អ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី និង ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សុទ្ធតែបង្ហាញបំណង់បញ្ចប់សង្គ្រាមដែលអូសបន្លាយជិត៣ឆ្នាំកន្លងមកនេះ។
ប៉ុន្តែ លោក ចូ បៃដិន ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក នៅទីបំផុតបានសម្រេចចិត្តដ៏គួរឲ្យភា្ញក់ផ្អើលនិងមិននឹកស្មានដល់ ដោយអនុញ្ញាតឱ្យអ៊ុយក្រែនដែលលោកគាំទ្រតាំងពីចាប់ផ្តើមសង្គ្រាមនោះអាចប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដោយបង្កើនអានុភាពរបស់អ៊ុយក្រែនមុនការចរចាដែលទំនងកើតឡើងក្នុងពេលឆាប់ៗ។
ការអនុញ្ញាតរបស់លោក ចូ បៃដិននៅពេលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បន្ទាប់ពីការទទូចចង់បានរបស់ភាគីអ៊ុយក្រែនក្នុងការប្រើប្រាស់មីស៊ីលរបស់សម្ព័ន្ធមិត្តជាពិសេសសហរដ្ឋអាមេរិកសម្រាប់ការបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
ការប្រើប្រាស់កាំជ្រូចផ្លោងបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី គឺមានផលប្រយោជន៍ដល់ភាគីអ៊ុយក្រែនក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគាំទ្រសង្គ្រាមរបស់រុស្ស៊ី និងមូលដ្ឋានទ័ពរុស្ស៊ី ក៏ដូចជា មធ្យោបាយគាំទ្រដល់យោធាអ៊ុយក្រែនដែលប្រយុទ្ធចូលទឹកដីរុស្ស៊ី។
យោងតាមការផ្សាយរបស់ New York Times ក្រុមមន្ត្រីបាននិយាយថា សព្វាវុធទំនងជាត្រូវបានប្រើប្រាស់ដំបូងប្រឆាំងនឹងកងទ័ពរុស្ស៊ី និងកូរ៉េខាងជើង ក្នុងការការពារកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។
បន្ទាប់ពីការអនុញ្ញាតរបស់សហរដ្ឋអាមេរិក ប្រទេសមហាអំណាចក្នុងសម្ព័ន្ធមិត្តលោកខាងលិច មានបារាំងនិងអង់គ្លេសក៏អនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ីផងដែរ។
ប្រទេសបារាំង និងអង់គ្លេសដែលបានផ្គត់ផ្គង់អ៊ុយក្រែននូវប្រភេទមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយប្រភេទ SCALP និង Storm Shadow ក៏បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់សម្រាប់ការបាញចូលទឹកដីរុស្ស៊ីដូចគ្នានឹងការសន្យារបស់សហរដ្ឋអាមេរិកផងដែរ។ យោងតាម Kyiv Post សារព័ត៌មានមានមូលដ្ឋាននៅប្រទេសអ៊ុយក្រែន។
កន្លងមកនេះ មហាអំណាចក្នុងប្លុកសេរីទាំង៣នេះដែលផ្គត់ផ្គង់សព្វាវុធ បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់តែក្នុងរង្វង់ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ក្រោយសង្គ្រាមថ្ងៃទី២៤ខែកុម្ភៈឆ្នំា២០២២ និងក្នុងឧបទ្វីបគ្រីមាដែលរុស្ស៊ីកាន់កាប់តាំងពិឆ្នាំ២០១៤មក។
ក្រោយការអនុញ្ញាតស្ទើរតែដំណាលគ្នារបស់ប្រមុខដឹកនាំមហាអំណាចលោកខាងលិច មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីហាក់បង្ហាញភាពស្លន់ស្លោរ និង ព្រមានប្រទេសដែលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរបស់ពួកគេ។
ទីភ្នាក់ងារព័តមានរ៉យទ័រ បានផ្សាយថា សមាជិកសភារុស្សីបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ដោយប្រើកាំជ្រួចរបស់អាមេរិក អាចនាំឱ្យមានសង្គ្រាមលោកលើកទី៣ ខណៈដែលរុស្ស៊ីបានទទួលជំនួយកងទ័ពពីប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងជើងរួចជាស្រេចទៅហើយ។
ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអនុញ្ញាតឱ្យទីក្រុង Kyiv វាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ធ្វើឱ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ និងអាចឈានទៅដល់សង្រ្គាមលោកលើកទី៣ នេះបើតាមសមាជិកសភាជាន់ខ្ពស់រុស្ស៊ីបាននិយាយកាលពីថ្ងៃទី១៧ខែវិច្ឆិកា។
លោក Andrei Klishas សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា៖«លោកខាងលិចបានសម្រេចចិត្តលើកម្រិតនៃការកើនឡើងសង្គ្រាមដែលវាអាចបញ្ចប់ដោយរដ្ឋអ៊ុយក្រែននៅក្នុងការបំផ្លិចបំផ្លាញទាំងស្រុងនៅពេលព្រឹក»។ .
លោក Vladimir Dzhabarov អនុប្រធានទីមួយនៃគណៈកម្មាធិការកិច្ចការអន្តរជាតិនៃសភាជាន់ទាបរុស្ស៊ី បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងមូស្គូនឹងមានភ្លាមៗ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក Dzhabarov ថា៖«នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣»។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែកញ្ញាថា ប្រទេសលោកខាងលិចនឹងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយលោកខាងលិច ដែលជាទង្វើដែលលោកបាននិយាយថានឹងផ្លាស់ប្តូរបែបផែនសង្គ្រាមនិងវិសាលភាពនៃជម្លោះ៕
ដោយ រ៉ាន់ រើយ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ