ព័ត៌មានអន្ដរជាតិ
ប្រតិកម្មពិភពលោក ក្រោយពេល ICC ចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស
អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត បានប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងណា ចំណាត់ការនេះ ក៏មានការស្វាគមន៍ពីសហគមន៍អន្តរជាតិមួយចំនួនផងដែរ ដូចជា តួកគី និងក្រុមសិទ្ធិមនុស្ស ជាដើម។
ICC ក៏បានចេញដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែល លោក Yoav Gallant ក៏ដូចជាប្រមុខយោធារបស់ក្រុមហាម៉ាស លោក Mohammed Deif។
ពួកគេ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា ដែលធ្វើឡើងដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
អ៊ីស្រាអែល
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសម្រេចចិត្តប្រឆាំងនឹងជនជាតិជ្វីហ្វរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺអាចប្រៀបធៀបទៅនឹងការកាត់ក្តីសំណុំរឿង Dreyfus សម័យទំនើប ហើយវានឹងបញ្ចប់តាមរបៀបដូចគ្នា»។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សំដៅទៅលើរឿងក្ដីលោក Alfred Dreyfus នៅសតវត្សរ៍ទី១៩ ដែលមេទ័ពជ្វីហ្វរូបនោះត្រូវបានកាត់ទោសដោយគ្មានកំហុសពីបទក្បត់ជាតិនៅប្រទេសបារាំង មុនពេលត្រូវបានដោះលែងវិញ។
សហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក Joe Biden បានលើកឡើងថា៖ «ការចេញដីកាចាប់ខ្លួនរបស់ ICC ប្រឆាំងនឹងមេដឹកនាំអ៊ីស្រាអែល គឺជារឿងដ៏ហួសចិត្ត។ ខ្ញុំសូមបញ្ជាក់ម្តងទៀត អ្វីក៏ដោយដែល ICC អាចបញ្ជាក់ វាមិនមានភាពស្មើគ្នាទេ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ យើងនឹងឈរជាមួយអ៊ីស្រាអែលជានិច្ចប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន»។
អាហ្សង់ទីន
លោកប្រធានាធិបតី Javier Milei បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «អាហ្សង់ទីន សូមប្រកាសការជំទាស់ជាខ្លាំងជាមួយនឹងការសម្រេចចិត្តនោះ ដែលពង្រើយកន្ដើយលើសិទ្ធិស្របច្បាប់របស់អ៊ីស្រាអែលដើម្បីការពារខ្លួន ប្រឆាំងនឹងការវាយប្រហារឥតឈប់ឈរដោយក្រុមភេរវករ ដូចជា ហាម៉ាស និងហេសបូឡា»។
ហាម៉ាស
លោក Bassem Naim សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស បាននិយាយដោយសំដៅលើដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលថា៖ «វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកយុត្តិធម៌ ហើយអាចនាំទៅរកការដោះស្រាយជូនជនរងគ្រោះជាទូទៅ ប៉ុន្តែវានៅមានកម្រិត និងមានការអនុវត្តតិចតួច បើវាមិនត្រូវបានគាំទ្រដោយគ្រប់មធ្យោបាយពីគ្រប់ប្រទេសជុំវិញពិភពលោក»។
សហភាពអឺរ៉ុប
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសហ្ស៊កដានីថា៖ «វាមិនមែនជាការសម្រេចចិត្តខាងនយោបាយទេ។ វាជាការសម្រេចរបស់តុលាការ របស់តុលាការយុត្តិធម៌ និងរបស់តុលាការយុត្តិធម៌អន្តរជាតិ។ ហើយការសម្រេចរបស់តុលាការត្រូវតែគោរព និងអនុវត្ត»។
ជនរងគ្រោះអ៊ីស្រាអែល
អ្នកស្រី Yael Vias Gvirsman ដែលតំណាងឲ្យជនរងគ្រោះអ៊ីស្រាអែល ៣០០នាក់នៃការវាយប្រហាររបស់ពួកហាម៉ាសថ្ងៃទី៧ខែតុលាឆ្នាំមុន បាននិយាយពីខាងក្រៅតុលាការទីក្រុងឡាអេថា៖ «ដីកាចាប់ខ្លួនប្រឆាំងនឹងលោក Deif គឺមានសារៈសំខាន់យ៉ាងខ្លាំង។ វាមានន័យថា សំឡេងរបស់ជនរងគ្រោះទាំងនេះកំពុងត្រូវបានគេដឹងឮ»។
អាជ្ញាធរប៉ាឡេស្ទីន
អាជ្ញាធរប៉ាឡេស្ទីន ដែលជាគូប្រជែងនឹងក្រុមហាម៉ាស បានប្រាប់ថា៖ «ការសម្រេចចិត្តរបស់ ICC តំណាងឲ្យក្តីសង្ឃឹម និងទំនុកចិត្តចំពោះច្បាប់អន្តរជាតិ និងស្ថាប័នរបស់ខ្លួន»។ អាជ្ញាធរប៉ាឡេស្ទីន បានជំរុញឲ្យសមាជិក ICC អនុវត្ត «គោលនយោបាយនៃការកាត់ផ្ដាច់ទំនាក់ទំនង និងការប្រជុំ» ជាមួយលោក Netanyahu និងលោក Gallant។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស
«ដីកាចាប់ខ្លួន ICC ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់អ៊ីស្រាអែល និងមន្ត្រីក្រុមហាម៉ាស ទម្លាយការយល់ឃើញថា បុគ្គលមួយចំនួនហួសពីលទ្ធភាពនៃច្បាប់»។
តួកគី
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Yilmaz Tunc បាននិយាយនៅលើបណ្ដាញសង្គម X ថា ការសម្រេចរបស់ ICC «ត្រូវបានធ្វើឡើងយឺតពេល ប៉ុន្តែជាការសម្រេចចិត្តវិជ្ជមាន ដើម្បីបញ្ឈប់ការបង្ហូរឈាម និងបញ្ចប់អំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន»។
ចំណែករដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បានស្វាគមន៍ចំពោះដីកានេះថាជា «ជំហានដ៏សំខាន់បំផុត»។
អ៊ីតាលី
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បាននិយាយថា ប្រទេសរបស់លោកនឹងមានកាតព្វកិច្ចចាប់ខ្លួនលោក Netanyahu និងលោក Gallant បើពួកគេចូលទឹកដីអ៊ីតាលី។ យ៉ាងណាមិញ លោកបានបន្ថែមថា លោកជឿថា ICC គឺ «ខុស» ត្រង់ថាដាក់ទោសលោក Netanyahu ឲ្យស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងក្រុមហាម៉ាសដែរ។
អេស្ប៉ាញ
ប្រទេសអេស្ប៉ាញ បាននិយាយថា ខ្លួននឹងអនុវត្តតាមសេចក្តីសម្រេចនេះ ដោយប្រភពផ្លូវការបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អេស្ប៉ាញ «គោរពការសម្រេចចិត្តនេះ ហើយនឹងអនុលោមតាមការប្តេជ្ញាចិត្ត និងកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុលោមតាមលក្ខន្តិកៈទីក្រុងរ៉ូម និងច្បាប់អន្តរជាតិ»។
ន័រវែស
រដ្ឋមន្ត្រីការបរទេសលោក Espen Barth Eide បានប្រាប់ថា៖ «វាមានសារៈសំខាន់ដែល ICC អនុវត្តដីការបស់ខ្លួនក្នុងលក្ខណៈវិនិច្ឆ័យ។ ខ្ញុំមានទំនុកចិត្តថា តុលាការនឹងបន្តលើករណីនេះដោយផ្អែកលើស្តង់ដារកាត់ក្តីដោយយុត្តិធម៌ខ្ពស់បំផុត»។
ស៊ុយអែត
រដ្ឋមន្ត្រីការបរទេស លោកស្រី Maria Malmer Stenergard បានបញ្ជាក់ថា៖ «ស៊ុយអែត និងសហភាពអឺរ៉ុប គាំទ្រការងារសំខាន់របស់តុលាការ និងការពារឯករាជ្យភាព និងសុចរិតភាពរបស់ខ្លួន»។
បែលហ្ស៊ិក
ក្រសួងការបរទេសរបស់ប្រទេសបែលហ្ស៊ិក បានបង្ហោះនៅលើ X ថា៖ «ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព នៅកន្លែងណាដែលឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្ត គឺជាអាទិភាពសម្រាប់ប្រទេសបែលហ្សិក ដែលគាំទ្រយ៉ាងពេញទំហឹងដល់ការងាររបស់ (ICC)។ អ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅអ៊ីស្រាអែល និងហ្គាហ្សា ត្រូវតែកាត់ទោសយ៉ាងធ្ងន់ធ្ងរបំផុត មិនថាជាបុគ្គលណាក៏ដោយ»៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច