ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមវាយប្រហារប្រទេសជាសមាជិកអង្គការ ណាតូ
ស្ថានការណ៍ជម្លោះលើពិភពលោកកាន់តែក្តៅគគុកមែនទែនហើយ ដោយពេលនេះ រុស្ស៊ី ចេញការគំរាមខ្លាំងៗថា ខ្លួនអាចវាយប្រហារលើទឹកដីប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ ព្រោះតែនៅទីនោះ អាមេរិក ទើបតែបើកមូលដ្ឋានទ័ពថ្មី ហើយទង្វើបែបនេះ កាន់តែធ្វើឲ្យមានហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។

ទីក្រុងមូស្គូនិយាយថា ការដែលអាមេរិក បើកមូលដ្ឋានការពារមីស៊ីលផ្លោងនៅតំបន់ Redzikowo ជិតឆ្នេរសមុទ្របាល់ទិក ពិតជាធ្វើឲ្យហានិភ័យគ្រោះថ្នាក់នុយក្លេអ៊ែរ ឈានដល់កម្រិតមួយថ្មី។ ដូច្នេះមូលដ្ឋាននេះ គឺស្ថិតនៅក្នុងគោលដៅរបស់ទីក្រុងមូស្គូហើយ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova, ការបើកសម្ពោធមូលដ្ឋាននេះ គឺជាទង្វើបង្កហេតុមួយទៀតហើយ របស់អាមេរិកនិងសម្ព័ន្ធមិត្តពួកគេ។ មូលដ្ឋាននេះត្រូវដាក់បញ្ចូលក្នុងបញ្ជីនៃការបាញ់កម្ទេចដោយអាវុធទំនើបរបស់រុស្ស៊ី។

យ៉ាងណា ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ លោក Pawel Wronski បានបញ្ជាក់ថា គ្មានអាវុធនុយក្លេអ៊ែរ ដាក់នៅមូលដ្ឋាននោះទេ។ វាគ្រាន់តែជាទីតាំងការពារប៉ុណ្ណោះ មិនមែនសម្រាប់ការវាយលុកអ្វីឡើយ។
សូមបញ្ជាក់ថា មូលដ្ឋាននេះ បានសម្ពោធនៅថ្ងៃទី១៣ខែវិច្ឆិកា ជាផ្នែកនៃសម្ព័ន្ធខែលការពារមីស៊ីលរបស់អង្គការណាតូ «Aegis Ashore» ដើម្បីស្ទាក់ចាប់មីស៊ីលរយៈចម្ងាយជិតនិងមធ្យម។ វាមានចម្ងាយប្រហែល២៣០គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី ដោយចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៦ ចំណាយប្រាក់អស់៨៥០លានដុល្លារ។

ការគំរាមរបស់រុស្ស៊ីកើតឡើង ចំពេលមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន អះអាងថា មីស៊ីលដែលរុស្ស៊ីបាញ់លើតំបន់ Dnipro របស់អ៊ុយក្រែនថ្មីៗនេះ គឺជាមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម Oreshnik ដែលលើពិភពលោក គ្មានប្រព័ន្ធណាមួយអាចស្ទាក់ចាប់មីស៊ីលនេះបានទេ។ Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។
ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលរុស្ស៊ី បាញ់លើអ៊ុយក្រែន ជាមីស៊ីលហោះលឿនជាងសំឡេង១០ដង គ្មានអ្វីស្ទាក់ចាប់បាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ