ក្រុមលោក Trump ប្តឹងឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Nevada – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមលោក Trump ប្តឹងឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Nevada

Published

on

នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) យុទ្ធនាការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពាក្យបណ្តឹងឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ Nevada ដោយចោទប្រកាន់ពីការក្លែងបន្លំអ្នកបោះឆ្នោត។

យោងតាមការរាប់របស់សារព័ត៌មាន The Associated Press បានបង្ហាញថា ប្រសិនបើលោក Biden ឈ្នះក្នុងរដ្ឋនេះ លោកនឹងទទួលបានសំឡេងតំណាងបោះឆ្នោតចំនួន២៧០ដែលចាំបាច់ដើម្បីឈ្នះតំណែងជាប្រធានាធិបតី។

អតីតអគ្គរដ្ឋអាជ្ញានៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Nevada លោក Adam Laxalt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយយុទ្ធនាការរបស់លោក Trump ថា ក្រុមប្រធានាធិបតីជឿថា មនុស្សរាប់ពាន់នាក់បានបោះឆ្នោតដោយក្លែងបន្លំតាមអ៊ីមែល។

លោក Laxalt និយាយថា “យើងជឿជាក់យ៉ាងមុតមាំថា មានអ្នកបោះឆ្នោតជាច្រើននៅក្នុងក្រុមអ្នកផ្ញើសារអេឡិចត្រូនិកនេះដែលមិនមែនជាអ្នកបោះឆ្នោតត្រឹមត្រូវ។ យើងក៏មានទំនុកចិត្តផងដែរថា មានមនុស្សរាប់ពាន់នាក់ដែលសន្លឹកឆ្នោតរបស់ពួកគេត្រូវបានគេយកចេញពីតំបន់ Clark ក្នុងអំឡុងពេលមានជំងឺរាតត្បាត”។

តំបន់នេះរាប់បញ្ចូលទាំងទីក្រុង Las Vegas ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតរបស់រដ្ឋផងដែរ។

នៅពេលអ្នកយកព័ត៌មានសួរថាតើយុទ្ធនាការនេះមានភស្តុតាងអ្វីខ្លះចំពោះការចោទប្រកាន់អំពីការបន្លំអ្នកបោះឆ្នោត មន្រ្តីយុទ្ធនាការបានបដិសេធផ្តល់ចម្លើយ។

គួរបញ្ជាក់ថា បណ្តឹងនេះត្រូវបានដាក់នៅតុលាការតំបន់ Las Vegas៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម