ព័ត៌មានអន្ដរជាតិ
ការទទូចចូលណាតូរបស់អ៊ុយក្រែន មិនអាចសម្រេចឡើយ ដោយសារ «Consensus»
ប្រធានាធិបតីអ៊ុយក្រែននៅតែទទូចចូលអង្គការណាតូជាមុនសិន ដោយដាក់ផ្ទៃដីដែលនៅសល់ពីការកាន់កាប់របស់ភាគីសត្រូវរុស្ស៊ី ហើយដីដែលរុស្ស៊ីកាន់កាប់ត្រូវរងចាំការដោះស្រាយតាមមធ្យោបាយការទូតនៅពេលក្រោយ ប៉ុន្តែការទទួចចូលណាតូរបស់អ៊ុយក្រែនទោះតាមមធ្យោបាយដាក់ពាក្យស្នើ ឬក៏តាមមធ្យោបាយអញ្ជើញក៏មិនងាយស្រួលដូចគ្នា។

អ៊ុយក្រែនចង់ចូលជាសមាជិករបស់អង្គការណាតូ តាមរយៈការអញ្ជើញរបស់អង្គការណាតូ មិនមែនដាក់ពាក្យចូលស្នើសុំដូចសមាជិកផ្សេងៗដែលធ្លាប់ធ្វើកន្លងមកនោះទេ។ តាមរយៈការអញ្ជើញចូលជាសមាជិករបស់អង្គការប្រដាប់អាវុធមួយនេះ អ៊ុយក្រែននឹងមានឱកាសបញ្ចូលជាសមាជិកឆាប់រហ័ស និងមិនឆ្លងកាត់ការវាយតម្លៃពីបណ្តារដ្ឋនិមួយៗជាសមាជិករបស់អង្គការណាតូនោះទេ។
យោងតាមធម្មនុញ្ញរបស់អង្គការណាតូ ត្រង់មាត្រា១០ ការសម្រេចចិត្តអញ្ជើញប្រទេសណាមួយចូលសម្ព័ន្ធមិត្តអង្គការណាតូត្រូវធ្វើឡើងដោយក្រុមប្រឹក្សាណាតូផ្អែកលើមូលដ្ឋានឯកភាពទាំងស្រុង (consensus) ក្នុងចំណោមសមាជិកសម្ព័ន្ធមិត្តទាំងអស់។
បទពិសោធន៍នៃការដាក់ពាក្យចូលជាសមាជិករបស់អង្គការណាតូរបស់ប្រទេសហ្វំាងឡង់និងស៊ុយអែត កាលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ បន្ទាប់ពីភ័យខ្លាចការឈ្លានពានរបស់រុស្ស៊ីដូចករណីប្រទេសអ៊ុយក្រែន រដ្ឋជាសមាជិក២ប្រទេសរបស់អង្គការណាតូ គឺតួកគី និង ហុងគ្រី បានប្រើប្រាស់សិទ្ធិមិនធ្វើសំណើរទៅកាន់រដ្ឋសភារបស់ប្រទេសគេរៀងៗខ្លួនផ្តល់សច្ចាប័នឲ្យប្រទេសទាំងពីរចូលជាសមាជិករបស់អង្គការនេះដោយងាយស្រួលទេ ដោយត្រូវរង់ចាំការទាមទារផ្នែកនយោបាយជាថ្នូរការផ្តល់សច្ចាប័នអនុញ្ញាតឲ្យប្រទេសទាំងពីរនោះចូលជាសមាជិក។

ដោយសារតែការចូលជាសមាជិករបស់អង្គការណាតូរបស់ប្រទេសទាំងពីរជារបៀបវារៈនយោបាយរបស់ប្រទេសតូកគីដែលតែងតែចោទប្រកាន់ស៊ុយអែត និងហ្វាំងឡង់ស្ថិតនៅពីក្រោយកុ្រមចលនាតស៊ូប្រដាប់អាវុធ «ចលនាឃើដ» ដែលតួកគីចោទថា «ជាក្រុមភេរវករ» ដោយប្រទេសតូកគីទាមទារលក្ខខណ្ឌជាច្រើនពីប្រទេសទាំងពីរជាពិសេស ពីប្រទេសស៊ុយអែត។
ការចរចាក៏បានដាក់ប្រទេសទាំងពីរក្នុងស្ថានភាពខុសគ្នា ប៉ុន្តែហ្វាំងឡង់ និងស៊ុយអ៊ែត បានសម្រេចការចូលជាសមាជិករបស់អង្គការណាតូជាសមាជិកទី៣១និង៣២ នៅថ្ងៃទី៤មេសាឆ្នាំ២០២៣ សម្រាប់ហ្វាំងឡង់ និងនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤។
សម្រាប់ករណីប្រទេសអ៊ុយក្រែន ប្រទេសជាសមាជិកធំៗរបស់អង្គការណាតូ មានសហរដ្ឋអាមេរិក អង់គ្លេស បារាំង កាណាដា និងប្រទេសជាច្រើនទៀត រួមទាំងសភាណាតូផង សុទ្ធតែបានជំរុញឲ្យអញ្ជើញអ៊ុយក្រែនចូលសមាជិកណាតូ។
ប៉ុន្តែអ៊ុយក្រែ្នក៏មិនមានសំណាងចូលជាសមាជិកពេញសិទ្ធិតាមរយៈការអញ្ជើញនោះដែរ ដោយសារតែលក្ខខណ្ឌតម្រូវឲ្យប្រទេសជាសមាជិកទាំងអស់សម្រេចចិត្តឯកភាពគ្នាទាំងស្រុង តាមមាត្រា១០នៃធម្មនុញ្ញណាតូ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃអាទិត្យនៅតែទទូចថា ការចូលជាសមាជិកណាតូគឺនាំឲ្យខ្លួនមានសុវត្ថិភាព ហើយអ៊ុយក្រែននៅមានពេលវេលាដើម្បីពន្យល់បញ្ចុះបញ្ចូលអ្នកដែលមានទស្សនៈដែលថា អ៊ុយក្រែន គួរត្រូវបានអញ្ជើញឲ្យចូលរួមជាមួយអង្គការណាតូ។
តាមរយៈការផ្សាយរបស់ The Guardian ដែលដកស្រង់សម្តីលោក ហ្សេលេនស្គី ដូចបាននិយាយថា៖«ការអញ្ជើញអ៊ុយក្រែនចូលរួមជាមួយណាតូគឺជារឿងសំខាន់សម្រាប់ការរស់រានរបស់យើង»។
ប្រធានាធិបតីអ៊ុយក្រែនដែលប្រាប់ពីបំណងចង់បញ្ចូលទឹកដីដែលនៅសល់កាន់កាប់ដោយអ៊ុយក្រែនចូលទៅជាសមាជិករបស់អង្គការណាតូ ជាមុនសិនដើម្បីទទួលបានការការពារ ខណៈដីដែលកាន់កាប់ដោយភាគីជម្លោះរុស្ស៊ី នឹងត្រូវដោះស្រាយតាមមធ្យោបានការទូតនៅពេលក្រោយ។
ប្រមុខដឹកនាំអ៊ុយក្រែនបាននិយាយថា ការការពាររបស់អង្គការណាតូសម្រាប់ទឹកដីដែលនៅសល់អាចបញ្ចប់នូវ «សង្គ្រាមដ៏ក្តៅគគុក» ដោយទុកឲ្យតំបន់ដែលរុស្ស៊ីកាន់កាប់ត្រូវដោះស្រាយតាមមធ្យោបាយ ការទូត។
ការធានាសន្តិសុខពីអង្គការណាតូ និង ការទទួលបានសព្វាវុធច្រើនដើម្បីការពារខ្លួនមុនការចរចាជាមួយរុស្ស៊ី។ លោក អំពាវនាវ ឲ្យមានដំណើរការទៅមុខ និងអាវុធរយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែន ដើម្បីការពារខ្លួន។
តួកគី និងហុងគ្រីនៅតែជាឆ្អឹងទទឹងករបស់លោក ហ្សេលេនស្តី នាពេលនេះ ដោយសារតែភាពជិតស្និទ្ធរបស់មេដឹកនាំនៃប្រទេសទាំងពីរនេះជាមួយប្រធាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ ម្យ៉ាងទៀត ក្នុងរយៈពេលចុងក្រោយនេះ ប្រមុខដឹកនាំនៃប្រទេសស្លូវ៉ាក់គី ក៏មានទំនោរគាំទ្ររុស្ស៊ីខ្លាំងផងដែរ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ