ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង
កាលពីថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៥ ប្រធានាធីបតីជាប់ឆ្នោតអាមេរិក បានព្រមានចំៗដល់ក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ខ្មាំងឲ្យហើយ មុនពេលលោកចូលកាន់តំណែងសេតវិមានជាផ្លូវការ បើមិនដូច្នោះទេ ពួកគេនឹងជួបអាសន្នធំជាក់ជាមិនខាន។
ក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social, អ្នកខាងគណបក្សសាធារណរដ្ឋរូបនេះព្រមានថា «បើចំណាប់ខ្មាំងទាំងអស់ មិនត្រូវបានដោះលែងមុនថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ដែលជាថ្ងៃខ្ញុំស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទេនោះ អ្នកដែលទទួលខុសត្រូវនៅមជ្ឈិមបូព៌ា នឹងជួបអាសន្នធំហើយ។ អ្នកទាំងនោះនឹងជួបគ្រោះធំបំផុតដែលគ្មានអ្នកធ្លាប់ឃើញសោះនៅក្នុងប្រវត្តិសាស្រ្តអាមេរិក។ សូមដោះលែងចំណាប់ខ្មាំង ឲ្យហើយទៅ!»។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ចំណាប់ខ្មាំងជាង២៥០នាក់ ក្នុងអំឡុងការវាយឆ្មក់លើប្រទេសអ៊ីស្រាអែល កាលពីខែតុលាឆ្នាំមុន ហើយត្បិតតែគិតត្រឹមពេលនេះ មានចំណាប់ខ្មាំងចំនួន១០៥នាក់ ត្រូវបានដោះលែងរួចហើយក្តី ប៉ុន្តែនៅសល់ប្រហែល១០០នាក់ទៀត កំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា។
កាលពីថ្ងៃទី៣០ខែវិច្ឆិកា ក្រុមហាម៉ាស បានទម្លាយវីដេអូមួយបង្ហាញពីចំណាប់ខ្មាំងសញ្ជាតិពីរគឺអាមេរិក-អ៊ីស្រាអែលឈ្មោះ Edan Alexander អង្វរករឲ្យលោកត្រាំ ប្រើគ្រប់មធ្យោបាយ ដើម្បីជួយដោះលែងគាត់និងអ្នកផ្សេងទៀតផង។
តាមពិតទៅ ភាគីអ៊ីស្រាអែលនិងក្រុមហាម៉ាស ក៏ធ្លាប់ចរចាគ្នាលើបទឈប់បាញ់ផងដែរ ប៉ុន្តែនៅខ្វែងគំនិតគ្នារឿងលក្ខខណ្ឌ ពោលគឺក្រុមហាម៉ាស ទាមទារឲ្យអ៊ីស្រាអែល ឈប់ប្រយុទ្ធហើយដកទ័ពចេញទាំងអស់ពីតំបន់ហ្គាហ្សាទើបពួកគេព្រមដោះលែងចំណាប់ខ្មាំង ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្តេជ្ញាថា បើចង់ឲ្យលោកឈប់បាញ់ លុះត្រាកម្ទេចក្រុមហាម៉ាស ឲ្យខ្ទេចសិន ហើយធានាថា ចលនានេះ លែងគំរាមកំហែងដល់អ៊ីស្រាអែលទៀត។
សូមបញ្ជាក់ជាថ្មី ក្រុមហាម៉ាសបានបើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ដោយសម្លាប់មនុស្សចំនួន ១ ២០៨នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់។ ក្រោយមក អ៊ីស្រាអែល ក៏បើកប្រតិបត្តិការយោធាសងសឹកវិញ ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៤ម៉ឺននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហាម៉ាស ប្រកាសឈប់បង្ហាញឈ្មោះ អ្នកដែលនឹងត្រូវឡើងកាន់តំណែងជាមេក្រុម
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ