Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកាមីយ៉ាន់​ម៉ា​​ធ្លាក់​ខ្លួន​ជា​​ពេស្យា ព្រោះសុ្រកកើត​សង្រ្គាម​

បានផុស

នៅ

ស្រ្តីជាច្រើនដែលឆ្លងកាត់ការរៀនសូត្រមានវិជ្ជាជីវៈបានបង្ខំចិត្តធ្វើពេស្យា​ ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចដោយរដ្ឋប្រហារ ខណៈសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែធ្លាក់ចុះ។ នេះបើតាមអត្ថបទដែលចេញផ្សាយដោយកាសែត The New York Times។

(រូបភាព៖​ The IrraWaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្រ្តីដែលបានរៀបរាប់ពីជីវិតដោយមិនបញ្ចេញឈ្មោះក្នុងរបបយោធាមីយ៉ាន់ម៉ាបានឲ្យដឹងថា បន្ទាប់ពីរយៈពេលប្រាំពីរឆ្នាំដែលបានរៀននៅសាលាវេជ្ជសាស្ត្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទីបំផុតនាងបានសម្រេចគោលដៅរបស់នាងក្នុងការក្លាយជាវេជ្ជបណ្ឌិត។

ប៉ុន្តែ​មួយ​ខែ​ក្រោយ​ពី​នាង​រៀន​ចប់​ហើយ​រក​បាន​ការងារ​ធ្វើ ក្តី​សុបិន​របស់​នាង​ក៏​ចាប់​ផ្តើម​មិន​ប្រក្រតី ដោយចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ ដែលយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចដោយរដ្ឋប្រហារ ហើយសេដ្ឋកិច្ចរបស់ប្រទេសកាន់តែធ្លាក់ចុះ។ តម្លៃបានកើនឡើង ហើយប្រាក់ខែដែលស្មើនឹង ៤១៥ដុល្លារ ក្នុងមួយខែរបស់នាងត្រូវបានបាត់បង់ ខណៈ​ឪពុក​របស់​នាង​មាន​ជំងឺ​តម្រងនោម ធ្វើ​ឲ្យ​នាង​កាន់តែ​អស់សង្ឃឹម​។

បន្ទាប់មកនាងបានជួបនារីរកស៊ីផ្លូវភេទដែលរកបានពីរដងច្រើនជាងនាង លុយបានទាក់ទាញនាងទោះបីជានាងត្រូវរួមភេទជាមួយបុរសក៏ដោយ។ នាងនិយាយថា៖​«វាពិបាកទទួលយកណាស់ ទោះបីខ្ញុំរៀនអស់ជាច្រើនឆ្នាំដើម្បីក្លាយជាវេជ្ជបណ្ឌិតក៏ដោយ ក៏ខ្ញុំនៅត្រូវធ្វើកិច្ចការនេះដើម្បីរកប្រាក់ចំណូលដែរ» ខណៈគ្រួសាររបស់នាងមិនដឹងថា នាងរកលុយបានដោយរបៀបណានោះទេ ហើយពេស្យាកម្មគឺខុសច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

(រូបភាព៖​ AP)

បើតាមស្រ្តីម្នាក់ទៀត ដែលមានអាយុ២៥ឆ្នាំគឺជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុង Mandalay ដែលត្រូវបានបិទដោយរដ្ឋាភិបាលយោធា ដោយសារតែគ្រូពេទ្យរបស់ខ្លួនបានចូលរួមក្នុងចលនាតវ៉ា។ ពេលនោះ មិត្តភ័ក្តិម្នាក់ផ្ដល់យោបល់ឲ្យនាងរកលុយតាមរយៈផ្លូវភេទ។ នៅថ្ងៃធ្វើការងារដំបូងរបស់នាង នាងបាននិយាយថា នាងបានមើលរឿងអាសអាភាសមួយចំនួនដើម្បីព្យាយាមរកអ្វីដែលនាងត្រូវធ្វើ។

នាង​បាន​និយាយ​ថា អតិថិជន​ដំបូង​របស់​នាង​គឺ​ជា​បុរស​​ជនជាតិ​ចិន​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​៤០ឆ្នាំ ហើយ​ចេះនិយាយ​ភាសា​ភូមា​តិចតួច និងមិនចេះភាសា​អង់គ្លេសទេ។ បុរសនោះបាន​ព្យាយាម​រួម​ភេទ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ ប៉ុន្តែ​នាង​បាន​ទទូច​ថា​គាត់​ត្រូវ​តែ​ប្រើ​វា។

នាងបាននិយាយថា វាមានរយៈពេលតែប្រហែល២០នាទី ប៉ុន្តែសម្រាប់នាង វាមានអារម្មណ៍ដូចជាឋានរកសុទ្ធសាធ។ នៅយប់នោះ នាងរកបាន៨០ដុល្លារ ដែលស្មើនឹងលុយដែលនាងរកបានក្នុងមួយខែមុន។ នាង​បាន​និយាយ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​បន្តិច​ដែល​ធ្វើ​ការងារ​នេះ​ ខ្ញុំមិនរីករាយនឹងការងារនេះទេ វាគ្រាន់តែជាការចាំបាច់ប៉ុណ្ណោះ»។

ជាមួយគ្នានេះអ្នកស្រី Mya អាយុ២៥ឆ្នាំ ជាម្តាយទោលម្នាក់ បាននិយាយថា គាត់ព្យាយាមស្វែងរកការងារធ្វើនៅក្នុង​រោង​ចក្រកាត់ដេរ បន្ទាប់ពីប្តីរបស់នាងត្រូវបានទាហានបាញ់សម្លាប់ក្នុងអំឡុងពេលតវ៉ានៅឆ្នាំ២០២១។ ប៉ុន្តែគ្មាននរណាម្នាក់ជួលនាងទេ។ នាង​បាន​និយាយ​ថា នាង​បាន​លក់​របស់​គ្រប់​យ៉ាង​ដែល​មាន​តម្លៃ ហើយ​ទីបំផុត​បាន​ងាក​ទៅ​រក​ពេស្យាចារ ​ដើម្បី​ផ្គត់ផ្គង់​ដល់​កូនស្រី​អាយុ​៣​ឆ្នាំ​របស់​នាង។

នាង​បាន​និយាយ​ថា៖ «មនុស្ស​ជាច្រើនប្រហែល​ជាមើលងាយ​ខ្ញុំ ប៉ុន្តែ​ពួក​គេ​មិន​យល់​ថា ​វាពិបាកបែប​ណាទេ ពេលមើល​កូន​ឃ្លាន​អត់​មាន​អ្វី​សោះ»។ នាងថា៖​«រាល់ថ្ងៃខ្ញុំអធិស្ឋានសុំតែផ្លូវចេញទេ»។

(រូបភាព៖​ AP)

គួរបញ្ជាក់ថា ការ​ធ្វើ​រដ្ឋប្រហារ និង​សង្គ្រាម​ស៊ីវិល​បន្ត​ទៀត​បាន​បំផ្លាញ​សេដ្ឋកិច្ច​របស់​មីយ៉ាន់ម៉ា។ អតិផរណាបានកើនឡើងដល់២៦%នៅឆ្នាំនេះ ដោយសារកង្វះខាតថាមពលបានធ្វើឱ្យរោងចក្រខូចខាត ភ្លៀងធ្លាក់មិន​ទៀងទាត់​ កសិដ្ឋាន​ជន់លិច និងការប្រយុទ្ធគ្នានៅក្នុងតំបន់ក្បែរប្រទេសចិន និងថៃធ្វើឱ្យពាណិជ្ជកម្មឆ្លងព្រំដែនធ្លាក់ចុះ។ រូបិយប័ណ្ណ​ជា​ប្រាក់​ដុល្លារ​បាន​បាត់​បង់​ពីរ​ភាគ​ប្រាំ​នៃ​តម្លៃ​របស់​វា​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​ឆ្នាំ​នេះ។ ធនាគារ​ពិភពលោក ​បាន​ឲ្យ​ដឹង​ថា ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​មីយ៉ាន់ម៉ា​ឥឡូវ​នេះ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។

គ្រោះមហន្តរាយនេះបានបង្ខំឱ្យស្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងការងារផ្លូវភេទក្នុងនោះមានទាំង វេជ្ជបណ្ឌិត គ្រូបង្រៀន គិលានុបដ្ឋាយិកា និងអ្នកជំនាញដែលមានការអប់រំផ្សេងទៀត។ វាពិបាកក្នុងការតាមដានថាតើស្ត្រីប៉ុន្មាននាក់ចូលរួមក្នុងការជួញដូរនេះ ប៉ុន្តែស្ត្រីដែលដើរតាមដងផ្លូវគឺភាគច្រើនជាប់ពាក់ព័ន្ធនឹងការជួញដូរនេះ។ នៅក្នុងបទសម្ភាសន៍ស្ត្រីដប់នាក់ដែលជាកម្មកររោងចក្រមានបួននាក់បានងាកទៅរកពេស្យាកម្ម ខណៈស្ត្រីដែលមានការអប់រំកាន់តែច្រើន ឥឡូវនេះកំពុងរួមភេទជាមួយបុរសដើម្បីរកប្រាក់ចំណូល។

ក្រោយ​រដ្ឋប្រហារ ស្ត្រី​នៅ​ជួរមុខ​នៃ​ការ​តវ៉ា​ដើរ​ដង្ហែ​តាម​ដង​ផ្លូវ ហើយ​ព្យួរ​សារុង​ជា​គោល​ប្រឆាំង​នឹង​ទាហានដែលបំពានភ្លូវភេទរបស់ស្រ្តី ប៉ុន្តែការកើនឡើងនៃអំពើពេស្យាចារគឺជាការវាយប្រហារមួយផ្សេងទៀតចំពោះស្ថានភាពរបស់ស្ត្រីដែលត្រូវបានរំលោភបំពានផ្លូវភេទដោយយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ភាពវេទនានេះមិនមានទីបញ្ចប់ទេ ទោះបីរបបយោធាបានបាត់បង់ដីជាច្រើនដោយសារក្រុមឧទ្ទាម ប៉ុន្តែនៅតែគ្រប់គ្រងទីក្រុងនានារបស់មីយ៉ាន់ម៉ា ដែលកន្លែងពេស្យាចារបានកើនឡើងនៅក្នុងផ្ទះបន ហាងខារ៉ាអូខេ ក្លឹបរាត្រី និងសណ្ឋាគារ។ ការ​អស់សង្ឃឹម​នេះ​កំពុង​បង្ខំ​ស្ត្រី​ឱ្យ​បំពាន​ច្បាប់​ដោយ​ការ​លក់​ផ្លូវភេទ​ ខណៈអ្នក​ដែល​ត្រូវ​ប៉ូលិស​ចាប់បានឃុំ​ខ្លួន​ជា​ញឹក​ញាប់​ត្រូវ​បង់​ប្រាក់​សំណូក​ដើម្បី​ធានា​ការ​ដោះ​លែង​ដោយ​បន្ថែម​ហានិភ័យ​មួយ​ស្រទាប់​ទៀត។

ស្ត្រី​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៃ​វិបត្តិ​សេដ្ឋកិច្ច ដោយសារពួកគេរកបានតិចជាងមុនធៀបនឹងសមភាគីបុរស។ បើតាមសិក្សាពីខែមេសាដល់ខែមិថុនាឆ្នាំនេះ បានបង្ហាញថា កម្មករស្ត្រី ទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃជាមធ្យមប្រ​ហែល​៥ដុល្លារ ខណៈដែលបុរសអាចរកបានច្រើនជាង ៤០% ធ្វើការងារដូចគ្នា ហើយអត្រាអត់ការងារធ្វើសម្រាប់ស្ត្រីនៅតែមានកម្រិតខ្ពស់ជាងបុរស។ លើសពីនេះរោងចក្រកាត់ដេរដែលធ្លាប់ជាខ្សែជីវិតសម្រាប់ស្ត្រីមកពីភូមិនានារបស់ប្រទេស​មីយ៉ាន់​ម៉ា ហើយត្រូវបានគេព្យាករណ៍ថានឹងផ្តល់ការងារដល់កម្មករចំនួន ១.៦ លាននាក់នៅឆ្នាំ ២០២៦ បែរជារោងចក្រទាំងនេះជាច្រើនត្រូវបានបិទ ហើយក្រុមហ៊ុនរបស់ពួកគេបានដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារ៕

(រូបភាព៖​ Frontier)
(រូបភាព៖​ AP) លោក Min Aung Hlaing មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម