Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន៖ ​ទាហាន​កូរ៉េ​ខាង​ជើង​​ មាន​បទ​ពិសោធន៍​តិច មិន​ទាន់​ជះ​ឥទ្ធិពល​ធំដុំ​ទេ

បានផុស

នៅ

លោក Yevgen Yerin អ្នកនាំពាក្យ​ទីភ្នាក់ងារ​ស៊ើបការណ៍យោធាអ៊ុយក្រែន បាន​និយាយ​ថា វត្តមានទាហានកូរ៉េខាងជើង​នៅក្នុងតំបន់ Kursk របស់រុស្ស៊ី មិនទាន់មានផលប៉ះពាល់ខ្លាំងដល់ដំណើរការប្រយុទ្ធនោះទេ។

ទាហាន​កូរ៉េ​ខាង​ជើង (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yerin បានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាល​ពី​ថ្ងៃ​ទី​២៤​ធ្នូ​ថា៖ «ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងការប្រយុទ្ធគ្នាមិនមានផលប៉ះពាល់ខ្លាំងដល់ស្ថានភាពនោះទេ។ វាមិនមែនជាចំនួន​​តួ​លេខ​ដ៏គួរឲ្យកត់សម្គាល់​ឡើយ»។

លោកបាន​បន្ថែម​ថា ទាហានកូរ៉េខាងជើងមានបទពិសោធន៍តិចតួចក្នុងសង្គ្រាម​​​ទំនើប ជាពិសេសជាមួយយន្តហោះគ្មានមនុស្សបើក ហើយប្រើ​ប្រាស់​យុទ្ធសាស្ត្រដែលមានលក្ខណៈ​ហួស​សម័យកាល​ដូច​ទៅ​នឹង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។

យ៉ាង​ណា លោក Yerin បានបន្ត​ថា៖ «ប៉ុន្តែពួកគេក៏កំពុងរៀនសូត្រ​ផងដែរ។ ហើយយើងមិនអាចមើលស្រាលសត្រូវបានទេ។ ហើយយើងអាចមើលឃើញថា ពួកគេកំពុងយករឿងមួយចំនួនទៅ​អនុវត្ត​ក្នុងសកម្មភាពរបស់ពួកគេរួចហើយ»។

សូម​បញ្ជាក់​ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាន​លើក​ឡើង​កាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងជិត ៣ ០០០​នាក់ត្រូវបានសម្លាប់ ឬរងរបួស​នៅ​ក្នុង​សង្គ្រាម។

ប៉ុន្តែ​​​​កូរ៉េខាងត្បូង​វិញ បានរាយការណ៍ថា ទាហាន​កូរ៉េ​ខាង​ជើង មាន​ត្រឹម ១ ១០០​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវបានសម្លាប់ ឬរងរបួស ហើយបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំបញ្ជូនអង្គភាពថ្មី និង​ដ្រូន​​បន្ថែម​ទៀត​ទៅ​ជួយ​រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម