Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​ប្រើ​ជាង​២៤០​ឆ្នាំ អាមេិក​ទើប​សម្រេច​ដាក់​​ឥន្ទ្រី​ក្បាល​ ស ជា​សត្វ​តំណាង​ជាតិ​ផ្លូវការ

បានផុស

នៅ

បើ​និយាយ​ដល់​និមិត្ត​សញ្ញា​សម្គាល់​របស់សហរដ្ឋ​អាមេរិក គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​ឃើញ​ច្រើន​មក​ហើយ​នូវ​រូប​ឥន្ទ្រី​ក្បាល​ស ហើយយល់​ថា វា​ជា​សត្វ​តំណាង​ជាតិ​​របស់​​ប្រទេស​មហា​អំណាច​ពិភពលោក​​មួយ​នេះ។ យ៉ាង​ណា បើ​តាម​ពិត​ទៅ សត្វ​ឥន្ទ្រី​ក្បាល​ស ទើប​តែ​​បាន​ទទួល​ងារ​ជា​​បក្សី​តំណាង​ជាតិ​របស់​អាមេរិក​ជា​ផ្លូវការ ក្រោយ​​ការ​ចុះ​ហត្ថលេខា​​អនុម័ត​ច្បាប់​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៤​នេះ​​ប៉ុណ្ណោះ។

(រូបភាព៖ Unsplash)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់ជាច្រើនសតវត្សរ៍​មកហើយ ឥន្ទ្រីក្បាលស​គឺជានិមិត្តសញ្ញាដ៏ពេញនិយមសម្រាប់អាមេរិក ដែលស្ទើរតែ​ប្រដូច​​​បាន​ទៅ​​នឹង​ទង់ជាតិអាមេរិក​អ៊ីចឹង​ដែរ។ បក្សីដែលមានចំពុះពណ៌លឿងភ្លឺ ស្លាបវែង និងភ្នែក​ដូច​គ្រាប់​អង្កាំ បានបង្ហាញខ្លួននៅចំកណ្តាលនៃ​ត្រាផ្លូវការ​អាមេរិក «The Great Seal» តាំងពីឆ្នាំ​១៧៨២​​មក​ម៉្លេះ។ វាក៏ត្រូវបានគេបង្ហាញនៅលើត្រាប្រៃសណីយ៍ ប្រាក់​កាក់ និងសញ្ញាសម្គាល់នៃសាខាយោធាភាគច្រើនផងដែរ។

ទើប​តែ​​មកដល់សប្តាហ៍នេះ ឥន្ទ្រីក្បាល​ស​ ត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាជាតិជាផ្លូវការ។ ច្បាប់​ចេញ​ដោយ​សភា ដែលចុះហត្ថលេខាដោយប្រធានាធិបតី បៃដិន កាលពីថ្ងៃអង្គារ បានប្រកាសថា ឥន្ទ្រីក្បាល​ស ជា «បក្សី​តំណាង​ជាតិ» និង​ជា «និមិត្តសញ្ញាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកតំណាងឲ្យឯករាជ្យភាព កម្លាំង និងសេរីភាព»។

The Great Seal

ឥន្ទ្រីក្បាល​ស ធ្លាប់ជាប្រភេទសត្វជិតផុតពូជ នៅ​អាមេរិករហូតដល់ឆ្នាំ១៩៩៥។ លុះ​ដល់​ឆ្នាំ​២០០៧ បក្សី​ប្រភេទ​នេះ​​ត្រូវបានដកចេញពីបញ្ជី​សត្វដែល​រង​ការ​គំរាមកំហែង។

នៅឆ្នាំ​១៩៤០​ នៅពេលដែលចំនួន​​ឥន្ទ្រី​ក្បាល​ស​មានការថយចុះ សភាបាន​ចេញ​ច្បាប់​ហាមឃាត់​ការសម្លាប់ លក់ ឬចិញ្ចឹម​ឥន្ទ្រី​ក្បាល​ស ហើយ​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​មក​ទល់​សព្វថ្ងៃ។ សកម្មភាព​ធ្វើ​បាប​ឥន្ទ្រី​ក្បាល​ស បំផ្លាញ​សំបុក ឬ​ពង​របស់​វា​ គឺ​​ជា​​អំពើ​​ខុស​ច្បាប់។

ឥន្ទ្រីក្បាល​ស មានដើមកំណើតនៅអាមេរិកខាងជើង ហើយ​​ត្រូវ​បាន​ប្រទះ​ឃើញនៅស្ទើរតែគ្រប់រដ្ឋ ប៉ុន្តែពួកវាមាន​ចំនួន​ច្រើនជាងគេនៅ​រដ្ឋ​អាឡាស្កា។ ទីភ្នាក់ងារ​សត្វព្រៃ​អាមេរិក បានប៉ាន់ប្រមាណ​ថា​មានសត្វឥន្ទ្រី​ក្បាល​ស​ជាង ៣១៥ ០០០​ក្បាល​នៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំ​២០១៩ ច្រើនជាង​៤​ដង​​ធៀប​​នឹង​​​១​ទសវត្សរ៍មុន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម