Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្រាវជ្រាវរកឃើញផ្លូវដើររបស់ដាយណូស័រអាយុកាល១៦៦លានឆ្នាំ​នៅ​អង់គ្លេស

បានផុស

នៅ

អ្នកស្រាវជ្រាវបានឲ្យដឹងថា កម្មករម្នាក់ដែលជីកដីឥដ្ឋនៅក្នុងកន្លែងយកថ្មកំបោរភាគខាងត្បូងប្រទេសអង់គ្លេសបានកត់​សម្គាល់ឃើញមានដុំពកខុស​ប្រក្រតី​​ដែលនាំទៅដល់ការរកឃើញ «ផ្លូវដាយណូស័រ» និងមានជិត​២០០ដានជើងមានអាយុកាល​១៦៦​លានឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និង Birmingham ការរកឃើញដ៏អស្ចារ្យនេះធ្វើឡើងបន្ទាប់ពីក្រុមមនុស្សជាង​​១០០នាក់បានជីកកកាយដី Dewars Farm Quarry នៅ Oxfordshire ក្នុងខែមិថុនា ដែលនឹងពង្រីក​លើការងារបុរាណវិទ្យាពីមុននៅក្នុងតំបន់ និងផ្តល់នូវការយល់ដឹងកាន់តែច្រើនអំពីយុគសម័យកណ្តាល Jurassic។

លោក Kirsty Edgar សាស្ត្រាចារ្យផ្នែកអតិសុខុមបាសាណិភូតវិទ្យា (micropaleontology) នៅសាកលវិទ្យាល័យ Birmingham បាននិយាយថា៖​​«ស្នាមដានជើងទាំងនេះផ្តល់នូវតម្រុយដ៏អស្ចារ្យមួយចូលទៅក្នុងជីវិតរបស់​ដាយណូស័រ ដោយបង្ហាញព័ត៌មានលម្អិតអំពីចលនា អន្តរកម្ម និងបរិយាកាសដែលពួកវារស់នៅ»។

ការរកឃើញនេះមានផ្លូវចំនួនបួនដែលបង្កើតបានជាផ្លូវដើរដ៏អស្ចារ្យ ដែលដើរដោយសត្វស៊ីស្មៅដ៏ធំសម្បើម កវែង ហៅថា sauropods ជាដាយណូស័រដែលមានប្រវែងជិត ១៨​ម៉ែត្រ ខណៈ​ស្នាមក្រញ៉ាំបីយ៉ាងប្លែក ខ្លះជារបស់​Megalosaurus ដែលជាសត្វមំសាសី (សត្វស៊ីសាច់​ជាអាហារ​) ប្រវែង​៩ម៉ែត្រដ៏កាចសាហាវ និងជាដាយណូស័រដំបូងគេដែលត្រូវបានគេដាក់ឈ្មោះតាមវិទ្យាសាស្ត្រកាលពីពីរសតវត្សមុន។ ការរកឃើញផ្លូវនេះបានបង្កើតជាសំណួរអំពីអន្តរកម្មដែលអាចកើតមានរវាងសត្វស៊ីសាច់ និងសត្វស៊ីស្មៅថែមទៀត។

(រូបភាព៖ AP)

ជាមួយគ្នានេះ លោក Emma Nicholls អ្នកជំនាញខាងសត្វឆ្អឹងកងខ្នង បាននិយាយថា៖​«អ្នកវិទ្យាសាស្ត្របានដឹង និងសិក្សាអំពី សត្វដាណូស័រ Megalosaurus យូរជាងដាយណូស័រដទៃទៀតនៅលើផែនដី ហើយការរកឃើញថ្មីៗទាំងនេះបង្ហាញថានៅតែមានភស្តុតាងថ្មីៗអំពីសត្វទាំងនេះនៅទីនោះ និងរង់ចាំការរកឃើញបន្ថែមទៀត»។

គួររម្លឹកថា កាលពីជិត ៣០​ឆ្នាំមុន ស្នាមជើងចំនួន​៤០​ត្រូវបានរកឃើញនៅក្នុងកន្លែងយកថ្មកំបោរក្នុងតំបន់នោះដូចគ្នា និងត្រូវបានចាត់ទុកថា ជាកន្លែងតាមដានដាយណូស័រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ប៉ុន្តែតំបន់នោះភាគច្រើនមិនអាចចូលទៅដល់បានទេឥឡូវនេះ ហើយភស្តុតាងនៅមានកម្រិត ព្រោះបានត្រឹមប្រើប្រាស់កាមេរ៉ាឌីជីថល និងយន្តហោះគ្មានមនុស្សបើកដើម្បីកត់ត្រាការរកឃើញ​នោះ​ប៉ុណ្ណោះ​៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម