Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីគ្រោងនាំចូល​​គោ-ក្របី​៤០ម៉ឺនក្បាលនៅឆ្នាំ២០២៥ ដើម្បីជួយកម្មវិធីផ្ដល់អាហារឥតគិតថ្លៃ

បានផុស

នៅ

រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីកំពុងលើកទឹកចិត្តអ្នកចិញ្ចឹមគោ-ក្របី​ក្នុងស្រុកឱ្យនាំចូលគោ-ក្របី បង្កាត់ពូជ ដោយកំណត់​គោលដៅចំនួន៤០ម៉ឹនក្បាលនៅឆ្នាំ២០២៥ ដើម្បីផ្គត់ផ្គង់សាច់ និងទឹកដោះគោសម្រាប់កម្មវិធីផ្ដល់អាហារឲ្យសាលារៀនដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuter។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញឲ្យមានការនាំចូ​ល​​គោក្របី​បន្ថែមនេះគឺស្របពេលជាមួយនឹងកម្មវិធីរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការផ្តល់អាហារដោយឥតគិតថ្លៃដល់កុមារ និងស្ត្រីមានផ្ទៃពោះដែលបានចាប់ផ្តើមនៅសប្តាហ៍នេះជាមួយនឹងអាហារចំនួន​៥៧០០០០​កញ្ចប់ចែកចាយដល់សាលារៀនទូទាំងប្រទេស។

រដ្ឋាភិបាលបាននិយាយថា កម្មវិធីនឹងត្រូវបានពង្រីកបន្ថែមទៀត ជាមួយនឹងគោលដៅនៃការផ្តល់អាហារដល់កុមារជាង​៨០​លាននាក់ និងម្តាយដែលមានផ្ទៃពោះ ខណៈដែលការចំណាយសរុបប្រមាណ​២៨ពាន់លានដុល្លារអាមេរិក ។

បើតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Sudaryono បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមគោ ៤០០០០០ក្បាល​ដែលគាត់សង្ឃឹមថាអ្នកចិញ្ចឹមនឹងនាំចូលនៅឆ្នាំនេះ​ពាក់កណ្តាលគួរតែជាគោទឹកដោះគោ។

លោក បានឲ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ទីក្រុងហ្សាកាតាកំណត់គោលដៅនាំចូលគោពូជចំនួន ២លានក្បាល ដូច្នេះតម្រូវការសាច់គោ និងទឹកដោះគោសម្រាប់កម្មវិធីអាហារសម្រាប់សាលារៀនអាចឆ្លើយតបនឹងការផ្គត់ផ្គង់ក្នុងស្រុកបានហើយ។ ទោះយ៉ាងណាក្រសួង​មិន​បាន​និយាយ​ថា តើ​រដ្ឋាភិបាល​នឹង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជាអ្វី​ដល់​អ្នក​ចិញ្ចឹម​សត្វ​សម្រាប់​ការ​នាំ​ចូល​នេះ​ទេ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាធម្មតានាំចូលគោពីប្រទេសអូស្ត្រាលី ហើយប្រភពទឹកដោះគោជាចម្បងរបស់ប្រទេសនេះគឺមកពីនូវែលសេឡង់។ លើសពីនេះអាជ្ញាធរ​ប្រទេសនេះក៏កំពុង​ពិនិត្យ​មើល​ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​គោ​ពី​ប្រទេស​ប្រេស៊ីលផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម