ព័ត៌មានអន្ដរជាតិ
UNICEF៖ កុមារមីយ៉ាន់ម៉ាជាង៧៥០នាក់បានស្លាប់ឬរងរបួសនៅឆ្នាំ២០២៤ រីឯរាប់លាននាក់ប្រឈមហានិភ័យផ្សេងៗ
អង្គការយូនីសេហ្វ (UNICEF) បានឲ្យដឹងថា ឆ្នាំ២០២៤ជាឆ្នាំដ៏លំបាកជាពិសេសសម្រាប់កុមារនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយសារជម្លោះប្រដាប់អាវុធផ្ទុះឡើងកាន់តែខ្លាំង បានធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ហើយជម្លោះនេះបានបណ្ដាលឲ្យកុមាររាប់រយនាក់បាត់បង់ជីវិត។

អង្គការយូនីសេហ្វប្រចាំប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ដោយសារតែជម្លោះប្រដាប់អាវុធកាន់តែខ្លាំងឡើង រួមទាំងការវាយប្រហារតាមអាកាស កុមារមីយ៉ាន់ម៉ាជាង៧៥០នាក់ត្រូវបានសម្លាប់និងរងរបួសក្នុងឆ្នាំ២០២៤ ដែលស្មើនឹងកុមារច្រើនជាងពីរនាក់បានស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ។
ចន្លោះខែមករា និងខែកញ្ញា ឆ្នាំ២០២៤ កុមារយ៉ាងតិច២៥០នាក់បានស្លាប់និងរងរបួសដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាក្លាយជាប្រទេសដែលមានឧបទ្ទវហេតុបែបនេះច្រើនជាងគេនៅលើពិភពលោក។
ជាមួយគ្នានេះ កុមារប្រហែល៦លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ ហើយមនុស្សជាង ៣.៥លាននាក់ត្រូវបានផ្លាស់ទីលំនៅ ក្នុងនោះមានកុមារចំនួនជាង៣៣% ។
ជាងនេះទៅទៀត ស្ទើរតែគ្រប់រដ្ឋ និងតំបន់ទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា មានការដាក់ពង្រាយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់កុមារ។ អង្គការយូនីសេហ្វ មីយ៉ាន់ម៉ា បានសង្កត់ធ្ងន់ថា ហានិភ័យទាំងនេះក៏រួមផ្សំឡើងដោយការដួលរលំយ៉ាងទូលំទូលាយនៃសេវាមូលដ្ឋានសំខាន់ៗដូចជា ការថែទាំសុខភាព និងការអប់រំ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកាន់តែយ៉ាប់យ៉ឺន ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់កុមារកាន់តែអាក្រក់ទៅៗ។

របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា កុមារជាង១លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានខកខានមិនបានចាក់វ៉ាក់សាំងបង្ការជំងឺធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រទេសនេះក្លាយជាចំណុចក្តៅក្នុងពិភពលោកសម្រាប់កុមារដែលខ្វះខាតលទ្ធភាពទទួលបានវ៉ាក់សាំង។
លើសពីនេះ កុមារជាង៥លាននាក់កំពុងបាត់បង់ឱកាសសិក្សា ដែលបង្កើនភាពងាយរងគ្រោះរបស់ពួកគេចំពោះការកេងប្រវ័ញ្ច។ នេះរាប់បញ្ចូលទាំងការបង្ខំឱ្យជ្រើសរើសជាទាហានកុមារ ការរៀបការវ័យក្មេង ឬដោយបង្ខំ ការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន។
នៅក្នុងឆ្នាំ២០២៥នេះ អង្គការយូនីសេហ្វមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការគាំទ្រដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់កុមារដែលរងផលប៉ះពាល់ដោយជម្លោះ។ អង្គការនេះបានអំពាវនាវឱ្យមានសកម្មភាពរួម ដើម្បីធានាបាននូវការរស់រានមានជីវិត ការការពារ និងអនាគតដ៏ភ្លឺស្វាងរបស់កុមាររបស់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ការខិតខំប្រឹងប្រែងប្រកបដោយសាមគ្គីភាព និងរឹងមាំជាងពេលមុនៗ៕

អត្ថបទ៖ ប៊ុន សុភាព

-
ចរាចរណ៍២៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់