ព័ត៌មានអន្ដរជាតិ
អាមេរិក ដំឡើងប្រាក់រង្វាន់ចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់២៥លានដុល្លារ
ប្រាក់រង្វាន់សម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ត្រូវបានដំឡើងរហូតដល់ ២៥លានដុល្លារ កើនឡើងពី ១៥លានដុល្លារដែលផ្តល់ជូនក្នុងឆ្នាំ២០២០។ នេះបើយោងតាមការប្រកាសរបស់រតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២៥។

ក្រៅតែពីលោក ម៉ាឌូរ៉ូ អាមេរិកក៏បានប្រកាសផ្តល់រង្វាន់ ២៥លានដុល្លារផងដែរសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមហាផ្ទៃ លោក Diosdado Cabello និងរង្វាន់ ១៥លានដុល្លារសម្រាប់រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino Lopez។ រតនាគារអាមេរិក បានចោទប្រកាន់ពួកគេថាបានដើរតួនាទីនៅក្នុង «ការគាបសង្កត់ និងការរំលោភសិទ្ធិមនុស្ស»។
បន្ថែមពីនេះ វិធានការរបស់អាមេរិក ក៏បានរួមបញ្ចូលទាំងការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងការធ្វើដំណើរ សំដៅលើមន្ត្រីពាក់ព័ន្ធជាមួយរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។
មន្ត្រីវ៉េណេស៊ុយអេឡាមួយចំនួន រួមទាំងប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ PDVSA និងរដ្ឋមន្ត្រីដឹកជញ្ជូន ព្រមទាំងមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់មួយចំនួនទៀត ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។
កន្លងមក អាមេរិកបានបដិសេធមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដាឆ្នាំ២០២៤នោះទេ ដោយបានហៅការបោះឆ្នោតនេះថាមិនសមហេតុផល និងមិនមានលទ្ធិប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអះអាងកាលពីខែសីហាឆ្នាំមុនថា អាមេរិកមាន «ភស្តុតាងដ៏ច្រើនលើសលប់» ដែលបង្ហាញថា បេក្ខជនប្រឆាំង លោក Edmundo Gonzalez គឺជាអ្នកឈ្នះពិតប្រាកដនៃការបោះឆ្នោត។
កាលពីខែធ្នូ ប្រធានអង្គភាពកិច្ចការវ៉េណេស៊ុយអេឡានៅស្ថានទូតអាមេរិកប្រចាំប្រទេសកូឡុំប៊ី លោក Francisco Palmieri បានដាក់ឱសានវាទវវ៉េណេស៊ុយអេឡា ដោយទាមទារឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីអំណាចមុនពេលចូលកាន់តំណែងជាផ្លូវការថ្មីម្ដងទៀតក្នុងខែមករានេះ និងទទួលស្គាល់លោក Gonzalez ជាអ្នកឈ្នះ។
លោក Palmieri បាននិយាយថា៖ «បើគាត់នៅ អ្វីៗនឹងកាន់តែអាក្រក់សម្រាប់ប្រទេសវ៉េណេស៊ុយអេឡា»។
យ៉ាងណាមិញ វ៉េណេស៊ុយអេឡា មិនបានឆ្លើយតបនឹងឱសានវាទនេះ ហើយក៏មិនបានធ្វើអត្ថាធិប្បាយជុំវិញការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកដែរ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់វ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤ថា លោក ម៉ាឌូរ៉ូ បានយកឈ្នះក្នុងការបោះឆ្នោតសកល និងបន្តកាន់តំណែងរយៈពេល៦ឆ្នាំទៀត។ យ៉ាងណា លទ្ធផលនេះត្រូវបានជំទាស់ដោយគណបក្សប្រឆាំង ក៏ដូចជាសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅអាមេរិកឡាទីន និងសហភាពអឺរ៉ុប ដោយចោទថាលទ្ធផលបោះឆ្នោតត្រូវបានក្លែងបន្លំ ព្រោះក្រុមប្រឹក្សាបោះឆ្នោតជាតិមិនបានបញ្ចេញព័ត៌មានលម្អិតនៃការរាប់សន្លឹកឆ្នោតនោះទេ ហើយអ្នកឈ្នះពិតប្រាកដជាបេក្ខភាពមកពីបក្សប្រឆាំង។
បាតុកម្មបានផ្ទុះឡើងជាច្រើនកន្លែងក្នុងប្រទេស ហើយបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP មានមនុស្សច្រើនជាង២៤០០នាក់ត្រូវបានចាប់ឃុំខ្លួនដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក្នុងនោះមានទាំងអ្នកកាសែត អ្នកនយោបាយ និងបុគ្គលិកមនុស្សធម៌៕
ដោយ៖ ឈាង
ចុចអាន៖ មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ចាកចេញពីប្រទេស ទៅជ្រកកោននៅ អេស្ប៉ាញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ