Connect with us

ព័ត៌មានអន្ដរជាតិ

បុណ្យ​សាសនា​ធំ​បំផុត​នៅ​ឥណ្ឌា រំពឹង​​មនុស្ស​ចូលរួម ៤០០​លាន​នាក់​ដើម្បីងូត​ទឹក​ពិសិដ្ឋ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០២៥​នេះ ពិធី​បុណ្យ Kumbh Mela ដែល​ជា​ពិធី​បុណ្យ​ធំ​បំផុត​នៅ​ប្រទេស​ឥណ្ឌា បាន​​ចាប់​ផ្ដើម​​ឲ្យ​ក្រុម​អ្នកធ្វើធម្មយាត្រាហិណ្ឌូដ៏ច្រើនសន្ធឹកសន្ធាប់​អធិដ្ឋាន និង​ងូតទឹក​ដ៏​​ពិសិដ្ឋ​ជា​បណ្ដើរ​ហើយៗ​​ ដោយអ្នករៀបចំរំពឹងថានឹងមាន​មនុស្ស​ចំនួន ៤០០​លាននាក់​ចូលរួម ដែលជាការប្រមូលផ្តុំដ៏ធំបំផុតរបស់មនុស្សជាតិ។

អ្នកធ្វើធម្មយាត្រាហិណ្ឌូ​ចាប់​ផ្ដើម​ងូត​ទឹក​ពិសិដ្ឋ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣​​មករា​២០២៥ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បុណ្យ Kumbh Mela ដែលមានអាយុរាប់ពាន់ឆ្នាំ ហើយ​ជាការបង្ហាញពីការគោរពសាសនា និងការងូតទឹកតាមពិធីសាសនា ត្រូវបានប្រារព្ធឡើងនៅឯ​ចំណុច​ប្រសព្វ​​រវាង​ទន្លេ​ចំនួន​៣​ មាន​ដូចជា ទន្លេ Ganges ទន្លេ Yamuna និង​ទន្លេ Saraswati។

ប៉ូលិស​ឥណ្ឌា ​បាន​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ការ​ល្បាត​ទាំង​ថ្ងៃ​ទាំង​យប់​ដោយ​មិន​ឈប់ឈរ ដើម្បី​ធានា​សុវត្ថិភាព​កម្រិត​ខ្ពស់​សម្រាប់​ព្រឹត្តិការណ៍​នេះ។

បង្គន់អនាម័យប្រហែល ១៥​ម៉ឺន​​បង្គន់ ត្រូវបានសាងសង់ ហើយបណ្តាញផ្ទះបាយសហគមន៍នីមួយៗអាច​​ផ្គត់​ផ្គង់​អាហារ​ដល់​មនុស្សរហូតដល់ ៥​ម៉ឺន​នាក់ក្នុងពេលតែមួយ។

បង្គោលភ្លើង LED ចំនួន ៦៨ ០០០​​បង្គោល ត្រូវបានសាងសង់សម្រាប់ការជួបជុំដ៏ធំមួយ​នេះ ដែលពន្លឺភ្លឺរបស់វាអាចមើលឃើញពី​អវកាស​បាន។

យោងតាមរដ្ឋាភិបាល​ឥណ្ឌា ពិធី​បុណ្យ Kumbh Mela ​ប្រារព្ធ​រៀងរាល់​៦​ឆ្នាំ​ម្ដង ហើយ​ការ​​ធ្វើ​ពិធី​បុណ្យ​​នេះ​លើក​មុន​​កាល​ពី​ឆ្នាំ​២០១៩​ បានទាក់ទាញអ្នកធ្វើធម្មយាត្រាចំនួន ២៤០​លាននាក់។

គួរ​រំឭក​ថា គ្រោះថ្នាក់​សាហាវៗ តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​កន្លែង​គោរពបូជា​ក្នុង​ប្រទេស​ឥណ្ឌា​ នៅ​​អំឡុង​ពិធីបុណ្យ​សាសនា​ធំៗ ដោយសារ​ការគ្រប់គ្រង​​ក្រុម​មនុស្ស​មិនបាន​ល្អ និង​ស្ដង់ដារ​​សុវត្ថិភាព​មិន​គ្រប់គ្រាន់។

នៅខែកក្កដា​ឆ្នាំ២០២៤ មនុស្សចំនួន ១២១​នាក់​បាន​ស្លាប់​នៅរដ្ឋ Uttar Pradesh អំឡុងពេលការជួបជុំសាសនាហិណ្ឌូ។

មនុស្ស ១១២​នាក់ផ្សេងទៀតបានស្លាប់នៅឆ្នាំ​២០១៦ បន្ទាប់ពីការផ្ទុះដ៏ធំមួយដែលបណ្តាលមកពីការបាញ់កាំជ្រួច ដែលត្រូវបានហាមឃាត់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ហិណ្ឌូនៅប្រាសាទមួយ​កន្លែង​នៅភាគខាងត្បូងរដ្ឋ Kerala៕

ដោយ៖ ឈាង

ចុចអាន៖ រត់​ជាន់​គ្នា​ស្លាប់​៦​នាក់ នៅ​វិហារ​សាសនា​មួយ​កន្លែង​នៅ​ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម