Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន វាយប្រហារ ត្រាំ ចាស់ដៃ ក្នុងសុន្ទរកថាលាប្រជាជនអាមេរិក

បានផុស

នៅ

ក្នុងសុន្ទរកថាលាប្រជាជនអាមេរិកមុនអស់តំណែង ប្រធានាធិបតីផុតអាណត្តិលោក ចូ បៃដិន បានវាយប្រហារលោក ដូណាល់ ត្រាំ យ៉ាងចាស់ដៃ ដោយព្រមានអំពីការកើនឡើងនៃជនផ្តាច់ការព្រមទាំងការពូនផ្តុំទៅដោយអ្នកមានទ្រព្យសម្បត្តិស្កុកស្តម្ភនៅក្នុងរដ្ឋបាលថ្មី ក្រោមការដឹកនាំរបស់អ្នកសាធារណរដ្ឋ។

លោក ចូ បៃដិន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធីបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះព្រមានចេញពីការិយាល័យអូវ៉ាល់ថា «របបផ្តាច់ការកំពុងលេចចេញជារូបរាងនៅអាមេរិក ដែលពោរពេញទៅដោយអ្នកមានទ្រព្យសម្បត្តិ អំណាច និងឥទ្ធិពល គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់យើង ដូច្នេះប្រជាជនអាមេរិក ត្រូវតែការពារឲ្យបាន»។

ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំវ័យ៨២ឆ្នាំរូបនេះ ក៏អះអាងដែរថា «ស្ថាប័នប្រជាធិបតេយ្យនៅអាមេរិកកំពុង ត្រូវបំផ្លាញដោយការរីកសាយភាយនៃព័ត៌មានមិនពិត។ ជនជាតិអាមេរិក ត្រូវកប់នៅក្រោមការបំផ្លិចបំផ្លាញដោយព័ត៌មានក្លែងក្លាយ ដែលបើកផ្លូវឲ្យឈានទៅដល់ការរំលោភអំណាច។ សារព័ត៌មានសេរីកំពុងដួលរលំ ប្រព័ន្ធផ្សព្វផ្សាយសង្គម លែងទទួលស្គាល់ការពិត ហើយការ​ពិត​ត្រូវ​បាន​គេបំភ្លៃ​ដោយ​ពាក្យ​កុហក​ដើម្បីតែ​អំណាចនិង​ផល​ចំណេញ»។

លោក ចូ បៃដិន (រូបថត៖ Reuters)

លើសពីនេះ លោក បៃដិននិយាយថា យើងមិនត្រូវឲ្យលុយកខ្វក់ ចូលពាក់ព័ន្ធនយោបាយរបស់យើងដាច់ខាត។ យើងត្រូវហាមឃាត់តំណាងរាស្រ្ត ពីការជួញដូរភាគហ៊ុន ពេលពួកគេនៅក្នុងសភា ហើយយើងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យច្បាស់ថា គ្មានប្រធានាធិបតីណាម្នាក់ មានអភ័យឯកសិទ្ធិពីអំពើឧក្រិដ្ឋកម្មដែលខ្លួនប្រព្រឹត្តក្នុងពេលកាន់តំណែងនោះទេ។ ម្យ៉ាងក៏ត្រូវជំរុញឲ្យមានកំណែទម្រង់ដល់តុលាការកំពូលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន ជូនពរលោក ត្រាំ ឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសហរដ្ឋអាមេរិក នៅក្នុងអាណត្តិថ្មីនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ទៅ។

លោក ចូ បៃដិន (រូបថត៖ Reuters)

សូមបញ្ជាក់ថា លោក បៃដិន គឺជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ដែលចូលកាន់តំណែងក្នុងឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជាមួយអង្គបោះឆ្នោត៣០៦ទល់២៣២។

យ៉ាងណាក្នុងអាណត្តិទី២ ដោយសារតែបញ្ហាសុខភាព លោក បៃដិន ក៏សម្រេចចិត្តដកខ្លួននៅពាក់កណ្តាលទី ទុកឲ្យអនុប្រធានាធិបតីអ្នកស្រី កាម៉ាឡា ហារីស ទៅប្រកួតជាមួយលោក ត្រាំ ជំនួសវិញ ប៉ុន្តែអ្នកស្រី ហារីស មិនអាចយកឈ្នះយកត្រាំបានឡើយ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេ​ដឹក​នាំ​រូប​ណា​ខ្លះ ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុងថ្ងៃ​ឡើង​កាន់​តំណែង​របស់ ដូណាល់ ត្រាំ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម