ព័ត៌មានអន្ដរជាតិ
វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តប្រែប្រួលយ៉ាងខ្លាំង ជាមួយនឹងការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងនៅតំបន់ជាច្រើន ដែលនាំឱ្យជនស៊ីវិលរាប់សិបនាក់បាត់បង់ជីវិត ខណៈជនជាតិរ៉ូហ៊ីងយ៉ាបន្តប្រថុយជីវិតរត់គេចខ្លួនតាមផ្លូវគ្រោះថ្នាក់។

ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នានៅភាគអាគ្នេយ៍ តាមសេចក្តីរាយការណ៍បានបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស។ នៅរដ្ឋរ៉ាឃីន ការវាយប្រហារតាមអាកាសចំនួនបីនៅក្នុងទីប្រជុំជន Mrauk-U កាលពីថ្ងៃទី១៨ ខែមករា បានសម្លាប់មនុស្ស ២៨នាក់ និង ២៥នាក់ទៀតរងរបួស ខណៈដែលការវាយប្រហារតាមអាកាសនៅភាគពាយ័ព្យកាលពីសប្តាហ៍មុនបានសម្លាប់ជនស៊ីវិលចំនួន ១៩នាក់ និងប្រហែល ៤១នាក់រងរបួស។
ស្ថានភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពស្រពិចស្រពិល ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៦០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការកាន់កាប់របស់យោធា ហើយមានអ្នករងរបួសជាច្រើនរាប់មិនអស់ រួមទាំងមនុស្សជាច្រើនដែលបានបាត់បង់អវយវៈដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះថែមទៀត។
វិបត្តិនេះក៏បានជះឥទ្ធិពលដល់សហគមន៍ដែលងាយរងគ្រោះផងដែរ រួមទាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលភាគច្រើនជាមូស្លីម ដោយមានរាប់រយនាក់ប្រថុយនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់តាមសមុទ្រដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា។

យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR ចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៤៦០នាក់បានទៅដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ក្នុងនោះមនុស្ស១០នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតក្នុងអំឡុងពេលធ្វើដំណើរ។ គ្រាន់តែបីសប្តាហ៍មុននេះ ជនភៀសខ្លួន ១១៥នាក់ផ្សេងទៀតបានទៅដល់ប្រទេសស្រីលង្កា ដោយមានមនុស្ស ៦នាក់ស្លាប់នៅសមុទ្រ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ ជនជាតិរ៉ូហ៊ីងយ៉ាជាង ៧៨០០នាក់បានប្រថុយជីវិតព្យាយាមរត់គេចពីប្រទេសមីយ៉ាន់ម៉ាតាមទូកឆ្លងកាត់សមុទ្រដោយខុសច្បាប់ កើនឡើង ៨០ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណោមអ្នកធ្វើដំណើរនេះ កុមារមានចំនួន ៤៤ភាគរយ កើនឡើងពី ៣៧ភាគរយ។ UNHCR ក៏បានព្រមានដែរថា ដោយសារស្ថានការណ៍នៅមីយ៉ាន់ម៉ាបន្តធ្លាក់ចុះ មនុស្សកាន់តែច្រើនត្រូវបានគេរំពឹងថានឹងភៀសខ្លួននៅប៉ុន្មានខែខាងមុខនេះ។
ជាមួយគ្នានេះ វិបត្តិមួយទៀតដែលមីយ៉ាន់ម៉ាកំពុងតែជួបប្រទះ គឺការខ្វះខាតថវិកាពីជំនួយមនុស្សធម៌ ដែលធ្វើឱ្យមនុស្សរាប់លាននាក់មិនមានការគាំទ្រ។ អង្គការមនុស្សធម៌ប៉ាន់ស្មានថា មនុស្សជិត ២០លាននាក់ ច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុប នឹងត្រូវការជំនួយនៅឆ្នាំនេះ។ ក្នុងចំណោមនោះ មានកុមារ ៦,៣លាននាក់ និងស្ត្រី ៧,១លាននាក់។ ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ការឆ្លើយតបផ្នែកមនុស្សធម៌នៅតែមានកង្វះខាតថវិកាយ៉ាងគំហុក។
នៅឆ្នាំ២០២៤ ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ត្រូវការទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ។ ប៉ុន្តែ ជំនួយដែលទទួលបានមានត្រឹម ៣៤ភាគរយប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យមនុស្សប្រមាណ ១,៤លាននាក់មិនអាចទទួលបានការគាំទ្រចាំបាច់។ សម្រាប់ឆ្នាំ ២០២៥ នេះ ក្រុមមនុស្សធម៌បានអំពាវនាវចំនួន ១,១ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់មនុស្ស ៥,៥លាននាក់នៃអ្នកដែលងាយរងគ្រោះបំផុត៕



អត្ថបទ៖ ប៊ុន សុភាព

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក