ព័ត៌មានអន្ដរជាតិ
ក្រុមរដ្ឋមន្ត្រីអារ៉ាប់ បដិសេធសំណើលោក ត្រាំ ក្នុងការបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីហ្គាហ្សា
រដ្ឋមន្ត្រីការបរទេសអារ៉ាប់ជាច្រើន កាលពីថ្ងៃសៅរ៍ទី១ខែកុម្ភៈឆ្នាំ២០២៥បានច្រានចោលការផ្ទេរជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ បើទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ ដោយបង្ហាញពីជំហររួបរួមប្រឆាំងនឹងការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលឲ្យអេហ្ស៊ីប និងហ្ស៊កដានី ទទួលយកអ្នកស្រុកនៅតំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងគែរ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីមកពីប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម អាជ្ញាធរប៉ាឡេស្ទីន និងសម្ព័ន្ធអារ៉ាប់ បាននិយាយថា ទង្វើបែបនេះនឹងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ធ្វើឲ្យរីករាលដាលជម្លោះ និងបំផ្លាញការរំពឹងទុកសម្រាប់សន្តិភាព។
សេចក្ដីថ្លែងការណ៍រួមដដែលនេះ បានបន្ថែមថា៖ «យើងបញ្ជាក់ពីការបដិសេធរបស់យើងចំពោះ (ការប៉ុនប៉ងណាមួយ) ក្នុងការសម្របសម្រួលសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីន មិនថាតាមរយៈសកម្មភាពតាំងទីលំនៅ ឬការបណ្តេញចេញ ឬការបញ្ចូលដី ឬតាមរយៈការដកដីចេញពីម្ចាស់របស់ខ្លួន … ក្នុងទម្រង់ណាមួយ ឬក្នុងកាលៈទេសៈណាមួយ ឬយុត្តិកម្មណាមួយក៏ដោយ»។
ពួកគេបានទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាលរបស់លោក ត្រាំ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយនៅមជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពី លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា អេហ្ស៊ីប និងហ្ស៊កដានី គួរតែទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ហើយលោកបានហៅទីនោះថាជា «កន្លែងកម្ទេច» បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរយៈពេល ១៥ខែ ដែលបានធ្វើឲ្យប្រជាជនភាគច្រើនក្នុងចំណោមមនុស្ស ២,៣លាននាក់គ្មានផ្ទះសម្បែងរស់នៅ។ ក្រុមអ្នករិះគន់បានហៅការលើកឡើងរបស់លោក ត្រាំ ថាមានន័យធៀបនឹងការបោសសម្អាតជាតិសាសន៍ប៉ាឡេស្ទីន។
សូមបញ្ជាក់ថា រាល់ការលើកឡើងដែលប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា ដែលជាទឹកដីដែលពួកគេចង់បង្កើតជារដ្ឋឯករាជ្យនោះ គឺជាការប្រមាថដល់ថ្នាក់ដឹកនាំប៉ាឡេស្ទីនជាច្រើនជំនាន់ ហើយត្រូវបានបដិសេធម្តងហើយម្តងទៀតដោយរដ្ឋអារ៉ាប់ចាប់តាំងពីសង្រ្គាមហ្គាហ្សាបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៣។
ហ្ស៊កដានី បានទទួលយកជនជាតិប៉ាឡេស្ទីនជាច្រើនលាននាក់រួចទៅហើយ ខណៈដែលជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ទៀតកំពុងរស់នៅក្នុងប្រទេសអេហ្ស៊ីប។ ក្រសួងការបរទេសអេហ្ស៊ីប និងហ្ស៊កដានី បានច្រានចោលការលើកឡើងរបស់លោក ត្រាំ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្រុមរដ្ឋមន្ត្រីអារ៉ាប់ក៏បានស្វាគមន៍ចំពោះផែនការរបស់អេហ្ស៊ីប ក្នុងការរៀបចំសន្និសីទអន្តរជាតិមួយជាមួយអង្គការសហប្រជាជាតិ ដែលនឹងផ្តោតលើការកសាងតំបន់ហ្គាហ្សាឡើងវិញ ដែលត្រូវបានកម្ទេចស្ទើរតែទាំងស្រុងក្នុងអំឡុងពេលសង្គ្រាម ១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ មិនទាន់មានកាលបរិច្ឆេទកំណត់សម្រាប់សន្និសីទនៅឡើយទេ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង