ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ការចរចារវាងរុស្ស៊ី-អាមេរិក ដោយគ្មានវត្តមានអ៊ុយក្រែន គឺគ្រោះថ្នាក់ណាស់
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ទី១ខែកុម្ភៈថា ការដកប្រទេសរបស់លោកចេញពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអំពីសង្គ្រាមនៅអ៊ុយក្រែននឹងមាន «គ្រោះថ្នាក់ខ្លាំងណាស់» ហើយបានស្នើសុំឲ្យមានការពិភាក្សាបន្ថែមទៀតរវាងទីក្រុងកៀវ និងក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតផែនការសម្រាប់បទឈប់បាញ់។

ថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន The Associated Press លោក ហ្សេលេនស្គី បានលើកឡើងថា រុស្ស៊ីមិនចង់ចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ ឬពិភាក្សាអំពីសម្បទានណាមួយ ដែលវិមានក្រឹមឡាំងចាត់ទុកថាជាការខាតបង់ ខណៈដែលកងទ័ពរបស់ខ្លួនកំពុងមានប្រៀបនៅលើសមរភូមិ។
លោកបានបន្ថែមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនាំប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ទៅកាន់តុចរចាជាមួយនឹងការគំរាមកំហែងនៃទណ្ឌកម្មដែលផ្តោតលើថាមពល និងប្រព័ន្ធធនាគាររបស់រុស្ស៊ី ក៏ដូចជាការបន្តគាំទ្រដល់យោធាអ៊ុយក្រែនផងដែរ។
ការលើកឡើងរបស់លោក ហ្សេលេនស្គី បានធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយកាលពីថ្ងៃសុក្រដោយលោក ត្រាំ ដែលបាននិយាយថាមន្ត្រីអាមេរិកនិងរុស្ស៊ីកំពុងជជែកគ្នារួចហើយអំពីការបញ្ចប់សង្រ្គាម។ លោក ត្រាំ បានប្រាប់ថា រដ្ឋបាលរបស់លោកបានពិភាក្សាយ៉ាងម៉ឺងម៉ាត់ជាមួយរុស្ស៊ី ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតទេ។
លោក ហ្សេលេនស្គី បាននិយាយថា៖ «ពួកគេអាចមានទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែការនិយាយអំពីអ៊ុយក្រែនដោយគ្មានពួកយើង វាមានគ្រោះថ្នាក់សម្រាប់មនុស្សគ្រប់គ្នា»។
មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ទៀតថា ក្រុមរបស់លោកបានទាក់ទងជាមួយរដ្ឋបាល ត្រាំ ប៉ុន្តែការពិភាក្សាទាំងនោះគឺនៅក្នុង «កម្រិតទូទៅ» ហើយលោកជឿថា កិច្ចប្រជុំដោយផ្ទាល់នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើតកិច្ចព្រមព្រៀងលម្អិតបន្ថែមទៀត។
លោកបានបន្តថា៖ «យើងត្រូវធ្វើការថែមទៀតលើបញ្ហានេះ» ដោយបន្ថែមថា លោក ត្រាំ ហាក់ដូចជាផ្តោតទៅលើបញ្ហាក្នុងស្រុកខ្លាំងជាងនៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការចូលកាន់តំណែង។
សង្គ្រាមជិតបីឆ្នាំនៅអ៊ុយក្រែនបានឈានដល់ចំណុចសំខាន់មួយ។ លោក ត្រាំ បានសន្យាថានឹងបញ្ចប់ការប្រយុទ្ធគ្នាក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការចូលកាន់តំណែង ហើយវាមិនច្បាស់ថាតើកិច្ចព្រមព្រៀងបទឈប់បាញ់នឹងទៅជាយ៉ាងណានោះទេ។ ទន្ទឹមនឹងនោះ រុស្សីនៅតែបន្តវាយលុកនៅលើសមរភូមិជួរមុខ ខណៈអ៊ុយក្រែនវិញកំពុងខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ។
ប្រជាជនអ៊ុយក្រែនភាគច្រើនចង់ផ្អាកការប្រយុទ្ធ ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ។ ប្រទេសនេះប្រឈមមុខនឹងការវាយប្រហាររបស់រុស្សីជារៀងរាល់ថ្ងៃ ទៅលើផ្ទះសម្បែង និងប្រព័ន្ធថាមពល ដែលបានធ្វើឲ្យទីក្រុងទាំងមូលគ្មានអគ្គិសនីប្រើប្រាស់។
ប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវបានជម្លៀស មិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ បន្ទាប់ពីតំបន់ភាគខាងកើតរបស់ប្រទេសត្រូវបានកម្ទេច។ ជិតមួយភាគប្រាំនៃអ៊ុយក្រែនឥឡូវនេះត្រូវបានកាន់កាប់ដោយរុស្ស៊ី។ នៅក្នុងតំបន់ទាំងនោះ អាជ្ញាធរដែលចាត់តាំងដោយទីក្រុងមូស្គូ កំពុងលុបចោលភ្លាមៗនូវអត្តសញ្ញាណរបស់អ៊ុយក្រែន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ