Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ រិះគន់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកថ្មី ដែល​ហៅ​ខ្លួន​ថា​ជា «រដ្ឋ​ទុច្ចរិត»

បានផុស

នៅ

កូរ៉េខាងជើង បានរិះគន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ចំពោះការហៅ​ខ្លួន​ថាជា «រដ្ឋទុច្ចរិត» នៅក្នុងបទសម្ភាសន៍​មួយ ដោយនិយាយថា ការអត្ថាធិប្បាយបែប​នេះ​មិនជួយដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនោះទេ។

លោក Marco Rubio (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នេះ​ថា ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសខ្លួន​នឹងឆ្លើយតបយ៉ាងខ្លាំងចំពោះការបង្កហេតុរបស់អាមេរិក។ ក្រសួងក៏បានថ្កោលទោសផែនការខែលការពារមីស៊ីល​ថ្មីរបស់​អាមេរិកផងដែរ ដោយបញ្ជាក់​ថា កត្តា​នេះ​ហើយ​ទើប​​​កូរ៉េខាងជើង​ត្រូវ​ចាំ​បាច់​ពង្រឹងអំណាចយោធារបស់ខ្លួន។

បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap នេះ​គឺជាការរិះគន់លើកដំបូងរបស់​កូរ៉េខាងជើងចំពោះរដ្ឋបាលរបស់​លោក ដូណាល់ ត្រាំ ចាប់តាំងពីប្រធានាធិបតី​រូប​នេះ​បានត្រឡប់​ទៅ​កាន់​សេតវិមានឡើងវិញកាលពីថ្ងៃទី​២០​ខែមករា។

លោក ត្រាំ កាលពីសប្តាហ៍មុនបានចុះហត្ថលេខាលើបទ​បញ្ជា​ប្រតិបត្តិ​ដែល​​កំណត់នូវដំណើរការអភិវឌ្ឍន៍ American Iron Dome ដែលជាខែលការពារមីស៊ីល​ជំនាន់ក្រោយ​របស់​អាមេរិក​ប្រឆាំងនឹង​មីស៊ីល​ល្បឿនលឿនជាងសំឡេង មីស៊ីល​គ្រូស និងទម្រង់ផ្សេងទៀតនៃការវាយប្រហារពីលើអាកាស។

ក្រសួង​កូរ៉េ​ខាង​ជើង បាន​លើក​ឡើង​ថា៖ «គំនិតនៃប្រព័ន្ធការពារមីស៊ីល​ថ្មី ដែលរំលឹកពីទិដ្ឋភាពនៃផែនការ Star Wars ដ៏គ្រោះថ្នាក់នៃសង្រ្គាមត្រជាក់ បង្កហានិភ័យនៃការប្រកួតប្រជែងអាវុធ ក្រោមលេសនៃការទប់ទល់នឹង “ការគំរាមកំហែង” របស់សត្រូវ។ បរិយាកាសសន្តិសុខពិភពលោកកាន់តែអាក្រក់ បាន​ធ្វើ​ឲ្យ​​យើង​ត្រូវ​អភិវឌ្ឍសមត្ថភាពការពារខ្លួនជា​បន្ទាន់​ ដោយផ្អែកលើការទប់ស្កាត់នុយក្លេអ៊ែរ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម