Connect with us

ព័ត៌មានអន្ដរជាតិ

បង្ក្រាប​អំពើ​ពុករលួយ​៣ខែ ឥណ្ឌូណេស៊ី​យក​លុយ​ចូល​រដ្ឋ​វិញ​បាន​​៤០០​លាន​ដុល្លារ

បានផុស

នៅ

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ និងសន្តិសុខរបស់ប្រទេស​ឥណ្ឌូណេស៊ី បានប្រកាសថា ទឹក​ប្រាក់​ចំនួន ៦,៧ទ្រី​លានរូពី ឬ​ស្មើ​នឹង ៤០១លានដុល្លារអាមេរិក ត្រូវ​បាន​ទាញ​ចូល​ក្នុង​ថវិកា​រដ្ឋ​​វិញ​ តាមរយៈ​យុទ្ធនាការ​បង្ក្រាប​ករណីពុករលួយ​របស់​លោក​ប្រធានាធិបតី Prabowo Subianto ក្នុង​រយៈពេល​៣​ខែ​កន្លងមក​នេះ។

(រូបភាព៖ Shutter Stock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ VN Express កាល​ពីថ្ងៃ​ទី​២​ខែកុម្ភៈ​ឆ្នាំ​២០២៥ លោក Budi Gunawan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីពេលថ្មីៗនេះថា៖ «ភាពជោគជ័យនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធានាថាទ្រព្យសម្បត្តិរបស់រដ្ឋត្រូវបានប្រគល់មកវិញជាប្រយោជន៍សាធារណៈ»។

លោកបានពន្យល់ថា ការប្រមូលថវិការដ្ឋគឺអាចធ្វើទៅបានតាមរយៈការលាតត្រដាងនូវ​អំពើ​ពុករលួយជាច្រើន​ករណី ដែលធ្វើឡើងដោយក្រុមការងារសម្របសម្រួលសម្រាប់ការបង្ការ និងកែលម្អអភិបាលកិច្ច ដែលបង្កើតឡើងដោយក្រសួងរបស់លោក សហការ​ជាមួយ​គណៈកម្មការលុបបំបាត់អំពើពុករលួយ និងអង្គភាពលុបបំបាត់អំពើពុករលួយរបស់អគ្គស្នងការនគរបាលជាតិ។

លោក Gunawan បានធានាថា កម្មវិធី​លុបបំបាត់អំពើពុករលួយនឹងបន្តធ្វើ​ទៀត ដើម្បី​ការពារទ្រព្យសម្បត្តិរដ្ឋ ក្នុង​ការ​ប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២៤ ជា​វិធីសាស្ត្រ​ថ្មី​មួយ​ដើម្បី​បង្ក្រាប​អំពើ​ពុករលួយ ប្រទេស​ឥណ្ឌណេស៊ី​ បាន​ប្រកាស​នឹង​លើកលែងទោសទណ្ឌិត និងជនសង្ស័យ​ណា ដែលយល់ព្រមប្រគល់ទ្រព្យសម្បត្តិដែលត្រូវបានលួច​ត្រឡប់​ចូល​ទៅរដ្ឋ​វិញ។

លោក Yusril Ihza Mahendra រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​ច្បាប់ ​បាន​និយាយ​ថា ​ក្រោម​វិធីសាស្ត្រ​ថ្មី គោលបំណង​ចម្បង​គឺ​ដើម្បី​យក​មកវិញ​នូវ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​លួច ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ។ លោក​ថា៖ «យើង​ចង់​ឲ្យ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ដោយ​ប្រគល់​ប្រាក់​ដែល​លួច​ទៅ​ក្នុង​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ។ បើ​ទណ្ឌិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ត្រូវ​ដាក់​ក្នុង​ពន្ធនាគារ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​យើង?»៕

ដោយ៖ ឈាង

ចុចអាន៖ ឥណ្ឌូណេស៊ី គ្រោង​មិន​ដាក់​ទោស​មន្ត្រី​​ពុករលួយ ឲ្យ​តែ​ព្រម​ប្រគល់​ទ្រព្យ​ដែល​ស៊ីសំណូក​ចូល​រដ្ឋ​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម