Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិថៃ ៥​នាក់ ត្រូវ​បាន​ក្រុម​ហាម៉ាស​ដោះលែង ក្រោយ​ជាប់​ឃុំខ្លួន​អស់ ១៥​ខែ

បានផុស

នៅ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ថា ចំណាប់ខ្មាំង​ជា​ជនជាតិ​ថៃ​ចំនួន ៥​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ទៅ​តំបន់​ហ្គាហ្សា​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ហើយ​កាល​ពី​ចុង​សប្ដាហ៍។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អំឡុង​ការ​វាយ​ប្រហារ​ដោយ​ក្រុមហាម៉ាស​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ជនជាតិ​ថៃ​ជាង ៤០​នាក់​ត្រូវ​បានសម្លាប់ និង​ ៣១​នាក់​​ផ្សេង​ទៀត ត្រូវ​ចាប់​ខ្លួន​​​ទៅ​កាន់​តំបន់​ហ្គាហ្សា។ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣ ហាម៉ាស​បាន​ដោះលែង​ចំណាប់​ខ្មាំង​ជនជាតិ​ថៃ​ចំនួន ១៧​នាក់​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ។

រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa ដែលបានជួបចំណាប់ខ្មាំងនៅអ៊ីស្រាអែលបន្ទាប់ពីការដោះលែងពួកគេកាលពីសប្តាហ៍មុន បាននិយាយ​ថា៖ «​នេះ​គួរ​ឲ្យ​ត្រេកអរ​ ដែល (ពួក​គេ​) ​វិល​ត្រឡប់​ទៅ​កាន់​ក្រុម​​គ្រួសារ​របស់​ពួកគេ​វិញ​។ យើង​មិន​ដែល​ចុះ​ចាញ់​ឡើយ ហើយ​នេះ​គឺ​ជា​លទ្ធផល​»។

មុនពេលមានជម្លោះ ពលករថៃប្រមាណ ៣​០ ០០០​នាក់ បានធ្វើការក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែល ដែលធ្វើឲ្យពួកគេក្លាយជាក្រុមពលករចំណាកស្រុកធំជាងគេមួយនៅក្នុងប្រទេស។

ប្រជាជនថៃជិត ៩ ០០០នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ខែតុលា។ ពលករ​​ភាគច្រើន​​មក​ពី​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ជា​តំបន់​ដែល​មាន​ភូមិ និង​សហគមន៍​កសិកម្ម ដែល​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​បំផុត​ក្នុង​ប្រទេស។

ក្រសួង​ការ​បរទេស​ថៃ​ បាន​និយាយ​ថា នៅ​មាន​ជនជាតិ​ថៃ​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​តំបន់​ហ្គាហ្សា​ ហើយ​បន្ថែម​ពី​នេះ​ក៏​​​មាន​សាកសព​ជនជាតិ​ថៃ​ចំនួន ២​នាក់​ផ្សេង​ទៀត​ផង​ដែរ។

លោក​រដ្ឋមន្ត្រី Maris បាន​ប្រាប់​ថា៖ «យើងនៅតែមានក្តីសង្ឃឹម និងបន្តធ្វើការដើម្បីនាំយកពួកគេមកវិញ»៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)
(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម