Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រទះ​​ឃើញផ្នូរដ៏ធំ​២​កន្លែង​កប់​សាកសពជនចំណាកស្រុកជិត៥០​នាក់​នៅលីប៊ី​

បានផុស

នៅ

អាជ្ញាធរលីប៊ីបានរកឃើញសាកសពជិត៥០នាក់ពីផ្នូរដ៏ធំចំនួនពីរនៅវាលខ្សាច់ភាគអាគ្នេយ៍របស់ប្រទេស នៅក្នុងសោកនាដកម្មចុងក្រោយបង្អស់មួយ​ដែលពាក់ព័ន្ធនឹងជនចំណាកស្រុកមកពី​តំបន់​​អាហ្វ្រិកខាងត្បូងទៅកាន់ទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mohamed al-Fadeil ប្រធាន​​​​​​​​សភា​សន្តិសុខនៅទីក្រុង Kufra បានឲ្យដឹងថា ផ្នូរដ៏ធំមួយត្រូវបានរកឃើញកាលពីថ្ងៃសុក្រនៅក្នុងកសិដ្ឋានមួយភាគអាគ្នេយ៍​​នៃ​​​ទីក្រុង Kufra ដោយ​​មានសាកសពចំនួន១៩​នាក់​​។ ចំណែក​ផ្នូរដ៏ធំទីពីរ​ដែលមានសាកសពយ៉ាងហោចណាស់៣០​ក៏ត្រូវបានរកឃើញ​នៅក្នុងទីក្រុងនេះដូចគ្នា បន្ទាប់​ពី​អាជ្ញាធរ​បានឆ្មក់ចូលមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុក ហើយសាកសព​ទាំងអស់ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​កោសល្យវិច័យ។

លោកបានបន្ថែមថា មនុស្សជិត៧០នាក់ត្រូវបានកប់នៅក្នុងទីតាំងនោះ ខណៈអាជ្ញាធរកំពុងបន្តស្វែងរកក្នុងតំបន់នោះ។

Al-Abreen ដែលជាអង្គការសប្បុរសធម៌ដែលជួយជនចំណាកស្រុក និងជនភៀសខ្លួននៅភាគខាងកើត និងភាគខាងត្បូង​ប្រទេសលីប៊ី បាននិយាយថា មនុស្សមួយចំនួនដែលបានរកឃើញនៅក្នុងផ្នូរដ៏ធំត្រូវបានបាញ់សម្លាប់មុនពេលពួកគេត្រូវបានគេបញ្ចុះ។

អង្គការនេះបានឲ្យដឹងថាក្រុមជួញដូរមនុស្សបានទទួលផលប្រយោជន៍ពីការរត់ពន្ធនេះជាងមួយទសវត្សរ៍មកហើយតាមរយៈការរត់ពន្ធជនចំណាកស្រុក និងជនភៀសខ្លួនឆ្លងកាត់ព្រំដែនរបស់ប្រទេសជាមួយនឹងប្រទេសចំនួនប្រាំមួយ រួមមាន​ប្រទេស ឆាដ, នីហ្សេ, ស៊ូដង់, អេហ្ស៉ីប, អាល់ហ្សេរី និង ទុយនីស៊ី។

(រូបភាព៖ AP)

ក្រុមសិទ្ធិមនុស្ស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ អស់រយៈពេលជាច្រើនឆ្នាំបានចងក្រងឯកសារអំពីការរំលោភបំពាន​ជាប្រព័ន្ធលើអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសលីប៊ី រួមទាំងការបង្ខំឱ្យធ្វើការ ការវាយដំ ការចាប់រំលោភ និងការធ្វើទារុណកម្ម។ ការរំលោភបំពាននេះជារឿយៗអមជាមួយនឹងការជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់​ពួកគេ មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសលីប៊ី។

លើសពីនេះអ្នកដែលត្រូវបានស្ទាក់ចាប់ និងបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ ត្រូវបានឃុំខ្លួនក្នុងមណ្ឌលឃុំឃាំងដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលពួកគេទទួលរងការរំលោភបំពាននានាដូចជា​ការធ្វើទារុណកម្ម ការរំលោភ និងការជំរិតទារប្រាក់។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថា ផ្នូរដ៏ធំដែលមានសាកសពអ្នកស្វែងរកសិទ្ធិជ្រកកោន ក៏ធ្លាប់ត្រូវបានគេរកឃើញនៅក្នុងប្រទេសលីប៊ី ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកមកពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ទៅកាន់អឺរ៉ុបផងដែរ។ កាល​ពី​ឆ្នាំ​មុន អាជ្ញាធរ​បាន​រក​ឃើញ​សាកសព​ជន​ចំណាក​ស្រុក​យ៉ាង​តិច៦៥​នាក់ នៅ​ក្នុង​តំបន់ Shuayrif ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី Tripoli។

ប្រទេសលីប៊ី​បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់ពីការបះបោរគាំទ្រដោយអង្គការណាតូ ដែលបានផ្តួលរំលំ និងសម្លាប់មេដឹកនាំលីប៊ី លោក Muammar Gaddafi ក្នុងឆ្នាំ​២០១១។ ប្រទេសសម្បូរទៅដោយប្រេងនេះត្រូវបានគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍កន្លងមកដោយរដ្ឋាភិបាលគូប្រជែងនៅភាគខាងកើត និងខាងលិចលីប៊ី ដែលក្រុមនីមួយៗគាំទ្រដោយក្រុមប្រយុទ្ធ និងរដ្ឋាភិបាលបរទេស៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម