ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប ប្រាប់អាមេរិកថា រដ្ឋអារ៉ាប់ជំទាស់នឹងផែនការតំបន់ហ្គាហ្សារបស់លោក ត្រាំ
ក្រុមរដ្ឋអារ៉ាប់ បានច្រានចោលផែនការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា និងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសផ្សេង។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន លោក Abdelatty បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនការកសាងតំបន់ហ្គាហ្សាឡើងវិញ ខណៈដែលវត្តមានរបស់ប្រជាជនប៉ាឡេស្ទីននៅទីនោះដដែល។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប លោក Abdelatty បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពដ៏ទូលំទូលាយ និងយុត្តិធម៌នៅក្នុងតំបន់។
ក្រសួងការបរទេស បានបន្ថែមថា លោក Abdelatty ក៏បានជួបជាមួយបេសកជនមជ្ឈិមបូព៌ារបស់អាមេរិក លោក Steve Witkoff នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយផងដែរ ដើម្បីពិភាក្សាលើបញ្ហាដូចគ្នានេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបន្ទាប់ពីកិច្ចប្រជុំ បានលើកឡើងថា លោក Rubio បានរំលឹកឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីជំរុញផែនការក្រោយជម្លោះសម្រាប់អភិបាលកិច្ច និងសន្តិសុខនៃតំបន់ហ្គាហ្សា ហើយបានសង្កត់ធ្ងន់ថា ក្រុមហាម៉ាសមិនអាចគ្រប់គ្រងតំបន់ហ្គាហ្សា ឬគំរាមកំហែងអ៊ីស្រាអែលម្តងទៀតបានទេ។

សូមបញ្ជាក់ថា រាល់ការលើកឡើងដែលឲ្យប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា ដែលជាទឹកដីដែលពួកគេចង់បង្កើតជារដ្ឋឯករាជ្យនោះ គឺជាការប្រមាថដល់ថ្នាក់ដឹកនាំប៉ាឡេស្ទីនជាច្រើនជំនាន់ ហើយត្រូវបានបដិសេធម្តងហើយម្តងទៀតដោយរដ្ឋអារ៉ាប់ចាប់តាំងពីសង្រ្គាមហ្គាហ្សាបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៣។
លោក ត្រាំ បានស្នើកាលពីថ្ងៃទី២៥ខែមករាថា អេហ្ស៊ីប និងហ្ស៊កដានី គួរតែទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា។ ក្រោយមក លោកបានស្នើឲ្យអាមេរិកកាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅអចិន្ត្រៃយ៍របស់ជនជាតិប៉ាឡេស្ទីនចេញពីហ្គាហ្សាដោយគ្មានសិទ្ធិត្រឡប់មកវិញទេ។
ក្រុមសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ បានចាត់ទុកទង្វើនេះគឺជាការបោសសម្អាតជនជាតិភាគតិច និងបានថ្កោលទោសចំពោះការលើកឡើងរបស់លោក ត្រាំ។

ក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារយោធារបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាមុនត្រូវផ្អាកដោយបទឈប់បាញ់ដ៏ផុយស្រួយ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៧ ០០០នាក់ក្នុងរយៈពេល ១៦ខែកន្លងមក ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិចោទប្រកាន់ថាជាអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។ យ៉ាងណា អ៊ីស្រាអែលបានបដិសេធចំពោះការចោទប្រកាន់នេះ។
សង្គ្រាមនេះ បានធ្វើឲ្យប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ្គាហ្សាផ្លាស់ទីលំនៅ និងបង្កឲ្យមានវិបត្តិស្រេកឃ្លាន។
ការបង្ហូរឈាមចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនដែលមានអាយុកាលរាប់ទសវត្សរ៍ ត្រូវបានបង្កឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានវាយប្រហារអ៊ីស្រាអែលដោយបានសម្លាប់មនុស្ស ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ