ព័ត៌មានអន្ដរជាតិ
ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក
ក្រោយជំនួបតាមទូរស័ព្ទដ៏មានសារៈសំខាន់រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បញ្ជាក់ថា លោកពូទីន បានយល់ព្រមធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចំណែកឯអ្នកនាំពាក្យលោក ត្រាំ ក៏បញ្ជាក់ដែរថា ប្រមុខសេតវិមានក៏យល់ព្រម ធ្វើទស្សនកិច្ចប្រទេសរុស្ស៊ី ដូចគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-1170-1024x715.png)
Reuters បានដកស្រង់សម្តីលោក Peskov ដែលនិយាយថា «ប្រធានាធិបតីរុស្ស៊ី បានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយបង្ហាញពីការត្រៀមខ្លួនស្វាគមន៍មន្ត្រីអាមេរិកនៅក្នុងវិស័យដែលមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រួមទាំងលើប្រធានបទនៃការតាំងទីលំនៅរបស់ជនជាតិអ៊ុយក្រែនផងដែរ។ មិនត្រឹមប៉ុណ្ណឹង លោកពូទីន និង លោកត្រាំ ក៏ឯកភាពបន្តទំនាក់ទំនងផ្ទាល់ខ្លួន រួមទាំងការរៀបចំកិច្ចប្រជុំទល់មុខគ្នាថែមទៀតផង»។
លោក ពូទីន បានជាន់ដីអាមេរិកលើកចុងក្រោយបំផុតគឺក្នុងខែកញ្ញាឆ្នាំ២០១៥ នៅពេលលោកជួបអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅ ញូវយ៉ក។ ចំណែក ត្រាំ វិញ, លោកមិនដែលធ្វើទស្សនកិច្ចរុស្ស៊ីទេក្នុងនាមជាប្រធានាធិបតីអាមេរិក ប៉ុន្តែលោកធ្លាប់ទៅមូស្គូ ក្នុងនាមជាអ្នកជំនួញ ដោយដំណើរលើកចុងក្រោយបំផុតគឺកាលពីឆ្នាំ១៩៩៦។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-1171-1024x683.png)
សូមជម្រាបថា ជំនួបតាមទូរស័ព្ទរយៈពេលជិតមួយម៉ោងកន្លះនេះ គឺជាទំនាក់ទំនងដោយផ្ទាល់រវាងលោក ពូទីននិងប្រធានាធិបតីអាមេរិកមួយរូប ចាប់តាំងពីរុស្ស៊ី បើកការលុកលុយពេញទំហឹងលើអ៊ុយក្រែនក្នុងឆ្នាំ២០២២មក។
ការហៅរកគ្នារបស់ប្រមុខមហាអំណាចទាំងពីរនេះ កើតឡើងស្របពេលមេដឹកនាំអឺរ៉ុបនិងថ្នាក់ដឹកនាំកំពូលៗពីបណ្តាប្រទេសផ្សេងៗទៀត នឹងជួបប្រជុំគ្នាក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-1172-1024x683.png)
ការសន្ទនានេះទៀតសោត កើតឡើងមុនជំនួបរបស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ជាមួយអនុប្រធានាធិបតីអាមេរិក JD Vance ដែលអាចជាការគាបសង្កត់ភាគីអ៊ុយក្រែនឲ្យសុខចិត្តទទួលយកនូវលក្ខខណ្ឌណាមួយដែល លោក ត្រាំ បានព្រមព្រៀងជាគោលការណ៍ជាមួយលោកពូទីនរួចហើយ។
សូមបញ្ជាក់ផងដែរ ក្រោយជំនួបតាមទូរស័ព្ទត្រាំ-ពូទីន, មានសេចក្តីរាយការណ៍ថា ប្រមុខដឹកនាំទាំងពីរ នឹងជួបផ្ទាល់ជាមួយគ្នា នៅឯប្រទេស អារ៉ាប៊ី សាអូឌីត ក្នុងពេលឆាប់ៗ ប៉ុន្តែពេលវេលាជាក់លាក់ មិនទាន់ត្រូវបានបង្ហាញឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត ត្រាំនិងពូទីនឆ្លងឆ្លើយតាមទូរស័ព្ទ៩០នាទីលើកដំបូងបំបែកភាពទល់ច្រកក្នុងសង្គ្រាម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត