ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
ដ្រូនរបស់រុស្ស៊ី បានបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរនៅទីក្រុង Chernobyl ដោយបង្កការខូចខាតយ៉ាងដំណំ ហើយធ្វើឲ្យគេបារម្ភអំពីការលេចធ្លាយនិងសាយភាយជាតិវិទ្យុសកម្ម។ នេះបើតាមការអះអាងពីសំណាក់ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ។

ក្នុងសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃសុក្រទី១៤ខែកុម្ភៈឆ្នាំ២០២៥, លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា ដ្រូនរុស្ស៊ីបំពាក់ជាមួយក្បាលគ្រាប់មានកម្លាំងផ្ទុះខ្លាំង បានវាយប្រហាររោងចក្រនុយក្លេអ៊ែរដែលមានទីតាំងស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន-បេឡារុស ដោយកម្ទេចខែលដែលការពារជាតិវិទ្យុសកម្មនៅត្រង់ម៉ាស៊ីនទី៤។
ការវាយប្រហារនោះកើតឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអ៊ុយក្រែន) ដោយបង្កសំឡេងផ្ទុះ លាន់ឮយ៉ាងទ្រហឹង និងមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែក្រោយមកត្រូវបានពន្លត់វិញ។

នៅយប់ថ្ងៃដដែលនោះ កងទ័ពអ៊ុយក្រែន ក៏បានរាយការណ៍អំពី ដ្រូនរុស្ស៊ីចំនួន១៣៣គ្រឿង ហោះចូលដីអ៊ុយក្រែនផងដែរ ដោយក្នុងនោះមាន៧៣គ្រឿងត្រូវបានបាញ់ទម្លាក់។
ការវាយប្រហារនេះទៀតសោត កើតឡើងមុនពេលគណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក គ្រោងជួបពិភាក្សាគ្នានៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ ស្តីពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។

ពាក់ព័ន្ធបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ខែកុម្ភៈដោយធានាថា អ៊ុយក្រែននឹងមានតួនាទីសំខាន់នៅក្នុងកិច្ចចរចាសន្តិភាពណាមួយជាមួយរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិសង្គ្រាមដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។
ការលើកឡើងរបស់លោក ត្រាំ ដែលថា អ៊ុយក្រែននឹងមិនត្រូវបានគេដកចេញពីការចរចាជាមួយរុស្ស៊ី គឺធ្វើឡើងបន្ទាប់ពីមានក្តីបារម្ភពីសំណាក់មន្ត្រីអ៊ុយក្រែន ដែលសម្តែងការមិនសប្បាយចិត្តក្រោយលោក ត្រាំ ចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន មុនពេលនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី។
ដូច្នេះហើយ លោក ត្រាំ បញ្ជាក់ថា៖ «ពួកគេនឹងជាផ្នែកមួយនៃកិច្ចពិភាក្សា។ យើងនឹងមានអ៊ុយក្រែន ហើយយើងមានរុស្ស៊ី, យើងនឹងមានមនុស្សម្នាច្រើននាក់ផ្សេងទៀតចូលរួម»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ធានាការចូលរួមរបស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ