ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា អឺរ៉ុបនឹងកើតមហន្តរាយ បើ អ៊ុយក្រែន ចូលណាតូបាន
ក្រោយចប់កិច្ចប្រជុំរវាងគណៈប្រតិភូអាមេរិកនិងរុស្ស៊ីនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១៨ខែកុម្ភៈឆ្នាំ២០២៥, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ សូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះវត្តមានកងទ័ពណាតូនៅក្នុងទឹកដី អ៊ុយក្រែន ខណៈអ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova ក៏ព្រមានដែរថា សមាជិកភាពរបស់អ៊ុយក្រែន ក្នុងអង្គការណាតូ នៅតែមិនអាចទទួលយកបាន ហើយទ្វីបអឺរ៉ុប នឹងកើតមហន្តរាយ បើរឿងនេះកើតឡើងមែន។

យោងតាម RT, លោកស្រី Zakharova លើកឡើងថា ទីក្រុងមូស្គូ មិនអាចទទួលយកសមាជិកភាពណាតូរបស់អ៊ុយក្រែនបានឡើយ ព្រោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់រុស្ស៊ី ហើយអាចបង្កឲ្យមានផលវិបាកដ៏មហន្តរាយសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។
លោកស្រីបន្ថែមថា អ៊ុយក្រែនគួរតែបំភ្លេចសន្យាអំឡុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងប៊ុយការ៉េស នៃប្រទេសរ៉ូម៉ានី ក្នុងឆ្នាំ២០០៨ទៅ ដែលកាលនោះទីក្រុង កៀវ ត្រូវគេសន្យាឲ្យខ្លួនចូលក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះ។

ចំណែកលោក Lavrov ឯណោះវិញអះអាងថា វត្តមាននៃកងកម្លាំងប្រដាប់អាវុធមកពីប្រទេសណាតូ ទោះជ្រកក្រោមទង់ EU ឬទង់ប្រទេសណាក៏ដោយ ក៏រុស្ស៊ីមិនអាចទទួលយកបានដែរ នៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ព្រោះវានឹងមិនអាចជួយឲ្យផ្លាស់ប្តូរអ្វីបានឡើយ។
ជុំវិញរឿងបញ្ជូនទ័ពណាតូចូលអ៊ុយក្រែននេះ មិនមែនជារឿងថ្មីឡើយ ព្រោះកាលពីដំបូង មេដឹកនាំអឺរ៉ុបជាច្រើនបានលើកឡើងពីគំនិតនេះ ជាពិសេសប្រធានាធិបតីបារាំងលោក Emmanuel Macron តែម្តង ហើយចុងក្រោយបំផុតគឺជាសម្តីរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer។

លោក Starmer បានបង្ហាញពីជំហរនិងប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែន ដើម្បីធានាសន្តិសុខ និងជាផ្នែកមួយនៃកងរក្សាសន្តិភាព ប្រសិនបើរុស្ស៊ី-អ៊ុយក្រែន ឈានដល់បទឈប់បាញ់ ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា «វាពិតជាពិបាកទទួលយកដែលខ្ញុំមានទំនួលត្រូវក្នុងការដាក់ទ័ពអង់គ្លេស នៅលើផ្លូវដ៏គ្រោះថ្នាក់ ប៉ុន្តែតួនាទីណាមួយក្នុងការជួយធានាសន្តិសុខរបស់អ៊ុយក្រែន គឺដូចជាការជួយធានាសន្តិសុខនៃទ្វីបរបស់យើង និងសន្តិសុខរបស់ប្រទេសនេះផងដែរ»។
យ៉ាងណាក៏ដោយ អធិកាបតីអាល្លឺម៉ង់ Olaf Scholz បានប្រតិកម្មខ្លាំងៗដោយនិយាយថា លោកធុញទ្រាន់ដែលត្រូវមកនិយាយអំពីការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន ក្រោយចប់សង្គ្រាម។ វាដូចជាសមសោះ ដែលត្រូវលើកយករឿងនេះមកជជែក ទាំងដែលផែនការសន្តិភាពមិនដឹងនៅឯណាផង។

ងាកទៅមើលកាលពីខែមករា មេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្នើសុំឲ្យដាក់ពង្រាយទាហានបរទេសយ៉ាងតិច ២០០ ០០០ នាក់ ក្នុងនាមជាកងរក្សាសន្តិភាពនៅប្រទេសរបស់គាត់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលមានសក្តានុពលណាមួយជាមួយរុស្ស៊ី។
ទោះបែបនេះក្តី ទីក្រុងមូស្គូព្រមានម្តងហើយម្តងទៀតថា រាល់ទាហានណាតូចូលទៅក្នុងទឹកដីអ៊ុយក្រែនដោយគ្មានការយល់ព្រមនិងការអនុញ្ញាតពីប្រទេសរុស្ស៊ី គឺនឹងក្លាយជាគោលដៅយោធារបស់ខ្លួនហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ប្រតិកម្មខ្លាំងៗទៅផែនការរបស់អង់គ្លេស ដែលចង់ដាក់ទ័ពចូលអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ