Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា គឺ អ៊ុយក្រែន​ខ្លួនឯង ដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់សង្គ្រាម ៣ឆ្នាំមកនេះ

បានផុស

នៅ

បន្ទាប់ពីជំនួបដ៏កម្ររវាងគណៈប្រតិភូអាមេរិកនិងរុស្ស៊ីនៅឯទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ​បានបញ្ចប់ ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអ៊ុយក្រែន ដែលត្អូញត្អែរថា ខ្លួនមិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព ដោយប្រធានាធិបតីអាមេរិកនិយាយថា អ៊ុយក្រែនខ្លួនឯងទេ ដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់សង្គ្រាមក្នុងរយៈពេល៣ឆ្នាំមកនេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែអ៊ុយក្រែន គ្មានវត្តមានក្នុងកិច្ចប្រជុំនេះ ទើបអ៊ុយក្រែន ទិតៀនថា ខ្លួនត្រូវបានគេក្បត់ ប៉ុន្តែប្រតិកម្មទៅនឹងការចោទប្រកាន់នេះ លោក ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា​ «ខ្ញុំខកចិត្តមែនទែនចំពោះអ្វីដែលបានកើតឡើង ខ្ញុំមើលរឿងនេះបីឆ្នាំហើយ ហើយខ្ញុំឮថា ពួកគេតូចចិត្តដែលគ្មានកៅអីក្នុងកិច្ចពិភាក្សា។ តាមពិតពួកគេមានកៅអីបីឆ្នាំហើយ ហើយមានមុននោះយូរទៀតផង ពួកគេអាចដោះស្រាយជម្លោះយ៉ាងស្រួលកាលពីប៉ុន្មានឆ្នាំមុន ទាំងមិនបាច់អស់ដីច្រើនដូចឥឡូវ និងមិនបាច់ស្លាប់មនុស្សនិងបាត់ទីក្រុង»។

ស្របពេលជាមួយគ្នានោះដែរ លោក ត្រាំ ក៏ទាមទារឲ្យអ៊ុយក្រែន រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីផងដែរ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ប្រធានាធិបតីអាមេរិកលើកឡើងថា «មេដឹកនាំអ៊ុយក្រែន ហ្សេលេនស្គី លែងមានប្រជាប្រិយភាពទៀតហើយនៅក្នុងប្រទេស។ ខ្ញុំមិនចង់និយាយទេ ប៉ុន្តែកម្រិតគាំទ្ររបស់គាត់គឺបានធ្លាក់ចុះ ៤%បាត់ទៅហើយ»។ លោកបន្តថា «​ប្រសិនបើ​អ៊ុយក្រែន​ចង់​បាន​កៅអី​នៅ​តុចរចា វាដល់ពេលត្រូវបោះឆ្នោតហើយ។ នោះមិនមែនជារឿងរបស់រុស្ស៊ីទេ នោះជារឿងរបស់ខ្ញុំ និងពីប្រទេសជាច្រើនទៀត»។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ អ៊ុយក្រែន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ខ្លួនមិនអាចរៀបចំការបោះឆ្នោតបានឡើយ ដរាបណាសង្គ្រាមជាមួយរុស្ស៊ី នៅតែបន្តឆាបឆេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បញ្ជាឲ្យដករដ្ឋអាជ្ញានៅសល់ពីជំនាន់ បៃដិន ចោលទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម