ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដាចាប់ដៃជាមួយអឺរ៉ុបបន្តគាំទ្រអ៊ុយក្រែន ក្រោយ ត្រាំ វាយប្រហារហ្សេលេនស្គី
ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញសារវាយប្រហារប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដោយហៅថា«ជាជនផ្តាច់ការ» ជាតារាកំប្លែង និងជាជនជួញសង្គ្រាមផងនោះ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដែលនៅជាប់អាមេរិកស្រាប់និងកំពុងប្រឈមរដ្ឋបាលដូណាល់ត្រាំស្រាប់នោះ បានចេញមុខការពារអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ីដែលដឹកនាំដោយប្រធាធិបតី វ្ល៉ាឌីមៀរ ពូទីន។

ដោយមិនបាននិយាយចំៗប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានវាយប្រហារប្រធានាធិបតីអ៊ុយក្រែនយ៉ាងចាស់ដៃមិនធ្លាប់មាន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានចេញសារជាបន្តបន្ទាប់ច្រានចោលការចរចារវាងរុស្ស៊ីនិងអាមេរិកស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយគ្មានវត្តមានអ៊ុយក្រែននោះ នៅក្នុងសារវីដេអូរយៈពេល១នាទី១០វិនាទីដែលចេញផ្សាយនៅលើបណ្តាសង្គម នាយករដ្ឋមន្ត្រីកាណាដា បានបង្ហាញការគាំទ្រដល់អ៊ុយក្រែន ហើយថា លោកនឹងជួបសន្ទនាជាមួយអឺរ៉ុបដើម្បីផ្តល់ការគាំទ្រនេះ។
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា៖«ប្រជាជនអ៊ុយក្រែនបានប្រយុទ្ធនិងស្លាប់មិនត្រឹមតែដើម្បីការពារអធិបតេយ្យភាពរបស់ពួកគេប៉ុណ្ណោះទេ…ពួកគេក៏កំពុងប្រយុទ្ធដើម្បីការពារសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ដែលរក្សាសុវត្ថិភាពយើងទាំងអស់គ្នានៅជុំវិញពិភពលោក ហើយមានរយៈពេលតជិត៨០ឆ្នាំមកដល់ពេលនេះ»។
«រយៈពេលនៃសម័យកាលសន្តិភាព ស្ថិរភាព វិបុលភាពសម្រាប់ពិភពលោកនេះ កើតឡើងដោយសារតែយើងមានច្បាប់ជុំវិញព្រំដែន ជុំវិញការមិនឈ្លានពានប្រទេសជិតខាង ដែលរុស្ស៊ីជ្រើសរើសដោយចេតនាបំពានកាលពីប៉ុន្មានឆ្នាំមុន។ នោះហើយជាមូលហេតុដែលប្រទេសកាណាដា និងសម្ព័ន្ធមិត្តរបស់យើងមានភាពច្បាស់លាស់ក្នុងការក្រោកឈរឡើងប្រឆាំងនឹងការបំពានខុសច្បាប់ អសីលធម៌ និងអយុត្តិធម៌របស់វ្ល៉ាឌីមៀរ ពូទីន លើសណ្តាប់ធ្នាប់អន្តរជាតិ និងជាមូលហេតុដែលខ្ញុំសម្លឹងទៅរកការសន្ទនាជាមួយដៃគូអឺរ៉ុបរបស់ខ្ញុំក្នុងរយៈពេលពីរបីម៉ោងដើម្បីនិយាយអំពីរបៀបដែលយើងនឹងបន្តឈរយ៉ាងច្បាស់លាស់ក្នុងការការពារប្រទេសអ៊ុយក្រែន ប៉ុន្តែក៏នៅក្នុងការការពារច្បាប់ដែលរក្សាសុវត្ថិភាពយើងទាំងអស់គ្នា»។
រដ្ឋបាលថ្មីសហរដ្ឋអាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ បានធ្លាក់ចូលជម្លោះជាមួយកាណាដាដែលនៅក្បែរខាង បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហាញបំណងយកកាណាដាចំណុះឲ្យសហរដ្ឋអាមេរិកជារដ្ឋទី៥១ ហើយភ្លាមៗក្រោយឡើងកាន់អំណាច លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិដំឡើងពន្ធនាំចូលលើទំនិញពីកាណាដារហូតដល់២៥%៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?